ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​ល្ពៅ​ត​ភ្ជាប់​កម្ពុជា ឡាវ​នឹង​ធ្វើឱ្យ​ខេត្ត​ព្រះវិហារ​ក្លាយ​ជា​សរសៃឈាម​សេដ្ឋកិច្ច បម្រើ​ឱ្យ​វិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍

ព្រះវិហារ​ ៖​ ស្រប​ពេល​ ដែល​នៅ​ទូទាំង​ប្រទេស​កម្ពុ​ជា​មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ សម្រាប់​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​ដាច់ស្រយាល​មួយ ក៏​កំពុង​ប្រឹងប្រែង​ប្រែ​មុខមាត់​ជា​បន្តបន្ទាប់​ផង​ដែរ ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង អាគារ​ខ្ពស់​ៗ។

បន្ថែម​លើ​នេះ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ ឆ្លង​ប្រទេស ក៏បាន​សិក្សា​រួចហើយ​ដែរ នោះ​គឺ ស្ពាន​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដែល​នឹង​ក្លាយ​ជា​សរសៃឈាម​សេដ្ឋកិច្ច បម្រើ​ឱ្យ​វិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​ជាមួយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ហុងកុង លើទឹក​ប្រាក់​ប្រមាណ​៤០០០​លាន​ដុល្លារ ។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា ខេត្ត​ព្រះវិហារ​ បាន​និង​កំពុង​រីកចម្រើន​ ទាំង​មាន​ផ្លូវថ្នល់ ការ​តុបតែង កែលំអ​​សួនច្បារ​និង​វិស័យ​ផ្សេងៗ​ក៏​ប្រែ​មុខមាត់​ថ្មី​យ៉ាង​ឆាប់រហ័ស។ ជាមួយ​គ្នា​នេះ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​ល្ពៅ ដែល​ជា​ដែន​ខណ្ឌ​ចែក​រវាង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ប្រទេស​ឡាវ ក៏​ត្រូវ​បាន​សិក្សា និង​រៀបចំ​ទីតាំង​សម្រាប់​សាងសង់​ផង​ដែរ។ ជា​ការពិត​ប្រសិនបើ​ស្ពាន​នេះ​លេច​ជា​រូបរាង ស្ពាន​នេះ​ នឹង​ធ្វើ​ឱ្យ​ខេត្ត​ព្រះវិហារ​កាន់តែ​ប្រមុខ​មាត់​ថ្មី​បន្ថែម​ទៀត តាមរយៈ​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ការ​វិនិយោគ​ ការ​ផ្លាស់ប្ដូរ​ទំនិញ ទេសចរណ៍ ពិសេស​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាធំ​តែម្ដង។

លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​បាន​អោយ​ដឹង​ថា គម្រោង​សាងសង់​ស្ពាន​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​ខាង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​បាន​សិក្សា​រួចហើយ រួច​ទាំង​ទីតាំង ហើយ​វា​នឹង​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ​នៅ​ពេល​មាន​ស្ពាន​ឆ្លង​ប្រទេស​នេះ​មួយទៀត។

ស្ពាន​ឆ្លងទន្លេ ឆ្លង​ប្រទេស​នេះ គឺជា​គម្រោង​ស្ពានបេតុង ដែល​ស្ថិត​ក្នុង​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ជាប់​ព្រំប្រទល់ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ហើយ​គម្រោង​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ​បាន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ។

លោក​ សំ លាង ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ដែរ​ថា ស្ពាន​ទន្លេ​ល្ពៅ ដែល​គ្រោង​សាងសង់​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​១០០ ម៉ែត្រ ទទឹង​ជាង​១០​ម៉ែត្រ គ្រោង​ចំណាយ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក។

ជាមួយ​នឹង​ការសាងសង់​ផ្លូវ​កៅស៊ូ​ប្រភេទ DBST ប្រវែង​ប្រមាណ​៧៥​គីឡូម៉ែត្រ​ទៅ​គល់​ស្ពាន​នេះ​ផង​ដែរ។ ជាង​នេះ​ទៅទៀត​តំបន់​នេះ ​ក៏​នឹង​ក្លាយ​ជា​សរសៃឈាម​សេដ្ឋកិច្ច​សំខាន់​ បម្រើ​ឱ្យ​វិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ពិសេស ទេសចរណ៍ ជាមួយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ហុងកុង លើទឹក​ប្រាក់​ប្រមាណ​៤០០០​លាន​ដុល្លារ៕