ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​គង់ គាំ ​ថា ​ការ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​ការ​ឃាត់​ឃាំង​របស់ លោក សម រង្ស៊ី គឺជា​ការបំផ្លាញ​ខ្លួនឯង

​ភ្នំពេញ ​៖ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​មនុស្ស​ជំនិត​របស់ លោក សម រ​ង្ស៉ី ផង​នោះ បាន​អះអាង​ថា ការ​មិន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ តាម​ការ​ឃាត់ឃាំង ឬ​អំពាវនាវ​របស់ លោក សម រង្ស៊ី នោះ គឺជា​ការបំផ្លាញ​ខ្លួនឯង ពី​ព្រោះ​ក្នុងនាម​ជា​អ្នកដឹកនាំ​នយោបាយ ត្រូវ​ដឹង ត្រូវ​យល់​យ៉ាង​ស៊ីជម្រៅ​ពី​បរិយាកាស និង​ជម្រើស​សម្រាប់​កាលៈទេសៈ​នីមួយៗ​។​

លោក គង់ គាំ ថ្លែង​បែបនេះ បន្ទាប់ពី​ លោក សម រង្ស៊ី ដែល​ត្រូវបាន​ចាត់ទុកថា មេដឹកនាំ​ឧទ្ទាម​ក្រៅ​ច្បាប់ បាន​និយាយថា អ្នក​ចាញ់បោក​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ ប្រហែលជា​មិន​លើស​ពី​២​នាក់​ទេ គឺ​ លោក គង់ គាំ និង​កូនប្រុស​គាត់ គឺ​លោក គង់ បូរ៉ា ដែល​ស្ថិត​ក្នុងចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប ហើយ​អតីតមន្ត្រី ស៊ី​អិន​អ​ភី ណា​ដែល​ទៅ​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ នឹង​ទទួល​បាន​ប្រាក់​មួយ​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ​។​

អតីត​អ្នកនយោបាយ​ជើងចាស់​រូប​នោះ​លើក​ឡើង​ថា កាលពី​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ លោក​បាន​ដាក់​លិខិត​ជូន ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​ស្នើសុំ​សម្ដេច​នាយក​រដ្ឋមន្ត្រី បន្ត​ទូល​ថ្វាយ​ព្រះមហាក្សត្រ សូម​ព្រះអង្គ​ព្រះរាជទាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល​។

លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​តាម​បំណង​ដ៏​មុតមាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស “​ឆន្ទៈ​ខ្មែរ​” លោក​នឹង​ទទួល​ឋានៈ​ជាទី​ប្រឹក្សា​របស់​គណបក្ស​នេះ​។​

លោក គង់ គាំ ថ្លែង​អះអាងថា “​ជា​អ្នកដឹកនាំ (​កម្លាំង​នយោបាយ​) ត្រូវ​ដឹង យល់​យ៉ាង​ស៊ីជម្រៅ​ពី​បរិយា​កាស និង​ជម្រើស​សម្រាប់​កាលៈទេសៈ​នីមួយៗ​។ មាន​ភ្នំពេញ​ប៉ុស្តិ៍​ជា​សាក្សី (​មុន​ឆ្នាំ​២០១៦ មុន CNRP ត្រូវ​រំលាយ មុន​មេដឹកនាំ CNRP បាត់បង់​ទាំងស្រុង​សិទ្ធិ​សេរីភាព ដោយ​អំណាចតុលាការ​) ខ្ញុំ គង់ គាំ មាន​យោបល់​ថា ការរួបរួម​គ្នា​ជា “​គណបក្ស​ថ្មី​មួយ​” ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត (​ប្រាំ​ឆ្នាំ​ម្តង​ជា​ទៀងទាត់​) តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជា​ណា​ចក្រ​កម្ពុជា គឺជា​ជម្រើស​តែមួយគត់​”​។​

ជាមួយគ្នា​នោះ លោក គង់ គាំ បាន​កោតសរសើរ​គណ​បក្ស “​ឆន្ទៈ​ខ្មែរ​” ដែល​មិន​ទុកឲ្យ​ឱកាស​កន្លង​ផុត​ដោយ​គ្មាន​ផ្តល់ឱកាស​ថ្មី​សម្រាប់​អតីត​សកម្មជន​នយោបាយ និង​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នក​គាំទ្រ និង​ប្រជាពលរដ្ឋ ដែល​ចង់បាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លងមក ហើយ​លោក​បាន​សម្ដែង​ការ​សោកស្ដាយ​បំផុត ចំពោះ​អតីត​មេដឹកនាំ CNRP មួយ​ចំនួន​មាន​ចរិត​អញ​និយម និង​ក្រុម​ជក់​ខ្យល់​បុគ្គលនិយម ដែល​នៅ​ពេល​បោះឆ្នោត​នោះ បាន​នាំគ្នា​ដេក​ផ្ទះ ទុក​ម្រាមដៃ​ស្អាត ហើយ​រុញ​ស៊ីក្លូ​ចូល​ឡាន​។​

តាម ​លោក គង់ គាំ “​បរាជ័យ​គ្រប់​ជំហាន​មិន​ឆ្អែត​ទេ ក្រោយពី​បោក​បញ្ឆោត​ថា ចាំ​ពេលនេះ ចាំ​ពេល​នោះ ប្រាកដ​យ៉ាង​នេះ​យ៉ាង​នោះ ..។​ល…​។ ម្តង​ជា​សន្និសីទ​កម្រិត​ពិភពលោក ម្តង​ជា​វេទិកា​សាធារណៈ ប្លន់​ឋានៈ​ជា​ប្រធាន​ស្តីទី (​បក្ស​ខ្មោច​) ហួច​ផ្លុំ​អាគម សម រង្ស៊ី​-​កឹម សុខា ជា​មនុស្ស​តែ​មួយ ទម្លាក់ចោល​ការចោទប្រកាន់​-​សង​អំណាច​-​បោះឆ្នោត​ឡើងវិញ​-​អន្តរជាតិ​សង្កេតការណ៍​។​..ល​។ (​សោយ​ក្លិន​មិន​ឆ្អែត​-​ទទួល​ស្នូរ បាន​ខ្យល់​)​។ ពេលវេលា​មានតម្លៃ ខ្ញុំ​លើកទឹកចិត្ត និង​ជំរុញ​គម្រោង​គណបក្ស​ឆន្ទៈ​ខ្មែរ ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ ដ៏​ខ្លី​ខាងមុខ​កុំបី​ខាន​”​។​

ក្នុងនាម​ជា​អតីត​មេដឹកនាំ​មួយរូប លោក គង់ គាំ អះអាង​ថា ការ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ពី ២៤​ដល់​២៧ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ពី​២១ ដល់​២៧ សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ពី​១១ ដល់​២១ គឺ​ពិតជា​ក្នុង​ចេតនា​ល្អ និង​បើកឱកាស​ឲ្យ​គណបក្ស ឆន្ទៈ​ខ្មែរ ទទួល​សំឡេង​ទាំង ពី CPP ពី​ហ្វ៊ុនស៊ីនប៉ិច ពី​រួបរួម​ជាតិ និង​ពី​អតីត CNRP ផងដែរ​។​

ជាមួយគ្នា​នោះ លោក គង់ គាំ បាន​អំពាវនាវ​ឲ្យ​អតីតមន្ត្រី​ជាប់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គាំទ្រ​គណបក្ស ឆន្ទៈ​ខ្មែរ ដើម្បី​ឲ្យ​ឆ្នាំ​២០១៩ មានអំណាច​ពហុបក្ស​នៅ​មូលដ្ឋាន ដើម្បី​ការ​ឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មានអំណាច​ពហុបក្ស​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើងវិញ​។​

លោក គង់ គាំ ធ្លាប់បាន​អះអាងថា ការណែនាំ​របស់ លោក សម រង្ស៊ី ៧​ចំណុច​ទាក់ទង “​សិទ្ធិ​ធ្វើ​នយោបាយ​” គឺជា​ការដាក់​កម្ពុជា ជា​ប្រទេស​គ្មាន​ច្បាប់​ដើម្បី​ខ្លួនឯង ហើយ​អ្នក​ជាប់ទោស​ទាំងអស់​ធ្វើ​សកម្មភាព​អានាធិបតេយ្យ​តាម​អំពើ​ចិត្ត ហើយ​ការដែល​លោក​ធ្វើ​អ្វីមួយ គឺ​ក្នុង​បំណងល្អ​ជួយ​ប្រជា​ពលរដ្ឋ ពិសេស​ដើម្បី​អតីត​សកម្មជន CNRP ពិចារណា​។

លោក​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​រដ្ឋអំណាច និង​តុលាការ​កម្ពុជា​ចាប់ឃុំខ្លួន ដោយ​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​, CNRP ក៏ត្រូវ​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​, លោក សម រង្ស៊ី ជា​ទណ្ឌិត​ត្រូវបាន​អ្នក​ សម រង្ស៊ី និយម​សម្រេច​លើក​បន្តុប​ឲ្យ​ធ្វើ​ប្រធាន​ស្តីទី​ ក្រៅច្បាប់​, ថ្នាក់​ដឹកនាំ​ជា​ចំណាប់ខ្មាំង​របស់ ​សម រង្ស៊ី អាច​បន្ត និង​បន្ថែម​ទោស​, មិនទាន់​រក​យុត្តិធម៌​មកវិញ​បាន CNRP នៅក្រៅ​ច្បាប់​ដដែល​, អ្នក​ជាប់​បម្រាម​សាលដីកា​តុលាការ​កំពូល​ក៏​មិនអាច​ផុតរលត់​មុន​ប្រាំ​ឆ្នាំ​បាន​ដដែល ដូចនេះ​អតីត​សកម្មជន និង​អ្នកគាំទ្រ​ដែល​ជួបជុំ និង​ធ្វើ​សកម្មភាព​គាំទ្រ​ផែនការ​របស់ សម រង្ស៊ី ដែល​គ្មាន​តួនាទី និង​សិទ្ធិ​ត្រឹមត្រូវ ក៏​មិន​អាច​ស្ថិត​ក្រៅ​ការយកចិត្តទុកដាក់រ​បស់​សមត្ថកិច្ច​ប្រទេស​កម្ពុជា ដែលមាន​ច្បាប់​គ្រប់គ្រង​បានឡើយ ហើយ​អន្តរជាតិ​ក៏​មិន​អាច​ពាក់ព័ន្ធ​ជាមួយ​ សម រង្ស៊ី ដែរ៕