ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​ប៉ុស្តិ៍​ជ្រោយ​ស្តៅ បាញ់​គំរាម​លោក​មេឃុំ ពេល​ខ្លួន​ស្រវឹង​ជោកជាំ

បាត់ដំបង ៖ លោក​មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ម្នាក់ ត្រូវបាន​លោក​មេឃុំ​ដាក់ពាក្យ​ប្តឹង​ទៅ​កងឯកភាព​ស្រុក ខេត្ត ដើម្បី​សុំ​ដោះដូរ​សមាសភាព ដោយ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​អាយុជីវិត បន្ទាប់ពី​គេ​សុំ​ការ​អនុញ្ញាត​បើក​បន​ល្បែង​មិនបាន។

ការ​បាញ់បោះ​សេរី​នៅក្នុង​មូលដ្ឋាន ក្នុង​គោលបំណង​គំរាម​អាយុជីវិត​នេះ បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ភូមិ​សាស្ត្រ ឃុំ​ជ្រោយ​ស្តៅ​ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​បង្កឡើង​ដោយ​លោក​មេ​ប៉ុស្តិ៍​ជ្រោយ​ស្តៅ ឈ្មោះ ហែម សុ​ផុន ហៅ​ពៅ។​

​ការផ្ទុះអាវុធ​ធុន​អាការ​នេះ បានធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​ថ្នាំងថ្នាក់​ដល់​លោក​មេ​ប៉ុស្តិ៍​យ៉ាង​ខ្លាំង ដោយ​គេ​បាន​លើកឡើងថា ស្ទើរតែ​រាល់​លើកឲ្យ​តែ​គេ​បាន​ផឹកស៊ី​ គឺ​គេ​ច្រើនតែ​យក​អាវុធ​ធ្វើជា​ត្រីមុខ ដោយមាន​ពេលខ្លះ​គេ​បាន​គំរាម​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀតផង។​

​មាន​ប្រភព​មួយ​បាន​បញ្ជាក់ថា ប្រពន្ធ​របស់លោក​មេ​ប៉ុស្តិ៍​ក៏​ធ្លាប់បាន​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​ប្តី​ដែរ ខណៈ​គេ​បាន​ផឹកស៊ី​ស្រវឹង រហូត​ពិការ​ដៃ​ម្ខាង​ដល់​សព្វថ្ងៃ ដោយ​កាលនោះ លោក​មេ​ប៉ុស្តិ៍​បាន​រៀបចំ​សែន​ចេក សែន​នំ ដល់​អតីត ( លោក​អធិការ ចាស់ ) ផងដែរ ដើម្បី​កុំឲ្យ​ខ្លួន​ជ្រុះ​ពី​កៅអី។​

​យោងតាម​ការលើកឡើង​ពី​សំណាក់​លោក​មេឃុំ​ជ្រោយ​ស្តៅ​ ឈ្មោះ ហ៊ីន ណាគ្រី​ បាន​បញ្ជាក់ថា កាល​ពី​មុន រូបលោក​គ្រាន់តែ​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​ជ្រោយ​ស្តៅ​តែប៉ុណ្ណោះ ប៉ុន្តែ​ប្រមាណ​ជា១ឆ្នាំ មក​នេះ រូបលោក​ត្រូវបានតែងតាំង​ជា​មេឃុំ​ដោយ​លោក​បាន​សន្យាថា នឹង​ព្យាយាម​លុបបំបាត់​ល្បែង​ស៊ីសង​នៅក្នុង​មូលដ្ឋាន​ តាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ទាំង​៩​ចំណុច។​

តាមរយៈ​ទូរស័ព្ទ លោក​មេឃុំ​បាន​បន្ត​ថា​ សង្កត់ធ្ងន់ថា ក្រោយមក​លោក​មេ​ប៉ុស្តិ៍​បាន​ស្នើ​សុំ​បើក​ល្បែង​ស៊ីសង​មួយកន្លែង ដើម្បី​យក​ថវិកា​មក​ឧបត្ថម្ភ​អង្គភាព ប៉ុន្តែ​នៅពេលនោះ លោក​មិន​អនុញ្ញាត​ជាដាច់ខាត ទើប​គេ​មានគំនិត​ខឹង​ដល់​រូបលោក​ជាខ្លាំង។​

​លុះ​នៅ​ថ្ងៃកើតហេតុ លោក​បានឮ​សំឡេង​ផ្ទុះអាវុធ នៅ​នឹង​ផ្ទះ​របស់លោក​មេ​ប៉ុស្តិ៍​ បន្ទាប់មក​ក៏​ស្រាប់​តែ​ឃើញ​មេ​ប៉ុស្តិ៍​រូបនោះ កាន់​កាំភ្លើង​ដើរមក​ផ្ទះ​របស់លោក​ប្រកបដោយ​ស្ថានភាព​ស្រវឹង​ទ្រេតទ្រោត​ថែមទៀត​ផង ប៉ុន្តែ​នៅពេល​នោះដែរ ត្រូវបាន​មន្ត្រី​ប៉ុស្តិ៍​មក​ជួយ​អន្តរាគមន៍ ទើប​រឿងនេះ​ស្ងប់​ទៅវិញ ដោយសារតែ​មានការ​ព្រួយបារម្ភ​ដល់​អាយុជីវិត លោក​ក៏បាន​ដាក់ពាក្យ​ប្តឹង​ទៅតាម​ខ្សែបណ្តោយ គឺ​ទៅកាន់​កងឯកភាព​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត រួចហើយ ក្នុង​គោលបំណង សុំឲ្យ​មានការ​ផ្លាស់ប្ដូរ​លោក​មេ​ប៉ុស្តិ៍ ព្រោះ​បើ​នៅតែ​ដូច្នេះ​ គឺ​មិន​អាចធ្វើ​ការងារ​ជាមួយគ្នា​បានឡើយ។​

​ជុំវិញ​បញ្ហា​នេះដែរ លោក អ៊ឹម កុសល នាយរង​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទទួល​ការងារ​ដាក់វិន័យ​លើ​កងកម្លាំង បាន​បញ្ជាក់ថា រឿងនេះ លោក​បាន​ចុះ​សិក្សា និង​ធ្វើការ​ស្រាវ​ជ្រាវ​រួចហើយ ដោយ​លទ្ធផល ​គឺ​ការបាញ់បោះ​នេះ ដោយសារតែ​លោក​មេ​ប៉ុស្តិ៍​ស្រវឹង រីឯ​ការ​គំរាម​លោក​មេឃុំ​ គឺ​មិន​ពិត​ទេ ដោយ​បច្ចុប្បន្ននេះ លោកស្នងការ​បានស្នើ​សុំ​ដល់​កងឯកភាព​ស្រុក​ធ្វើ​យ៉ាង​ណា​ជួយ​សម្របសម្រួល​ភាគី​ទាំងសងខាង​សិន ដើម្បី​បញ្ចប់​ការវិវាទ​នេះ​ដោយ​មិនទាន់​ឈានដល់​ការ​ផ្លាស់ប្ដូរ​នោះទេ ហើយ​រហូតមកទល់​នឹង​ពេលនេះ​ លោក​ក៏​មិនទាន់បាន​ទទួល​លទ្ធផល​នៅ​ឡើយ។​

​បើទោះបីជា​ខាង​សមត្ថកិច្ច​មានការ​បកស្រាយ​យ៉ាង​នេះ​ក្តី ក៏​លោក​មេឃុំ​នៅតែ​ទទូច​សុំឲ្យ​មានការ​ផ្លាស់ប្ដូរ​ដែរ ដោយ​លោក​បាន​លើកឡើងថា សព្វថ្ងៃ​គេ​មានតែ​ការ​លុបបំបាត់​ល្បែង​ស៊ីសង ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍​បែរជា​មក​សុំ​បើក​ទៅវិញ​ ឯ​ការ​បាញ់បោះ​នេះ​ក៏​មិនឃើញ​នរណា​ម្នាក់ បុគ្គល​រូប​នេះ​ទៅ​ដាក់ទោស​ទណ្ឌ​ ឬក៏​ដាក់វិន័យ​របស់​កង​កម្លាំង​សោះឡើយ ដោយ​ទុកឲ្យ​បុគ្គល​រូបនេះ នៅតែ​មាន​ចរិត​ច្រងេងច្រងាង​ដដែល៕