ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ គាំទ្រ លី ច័ន្ទ​សីហា ក្រោយ​ទម្លាយ​រឿង​លែងលះ​ស្វាមី​

​ភ្នំពេញ​ ៖​ ជាការ​ពិត​តារា​សម្តែង​ស្រី​ ធ្លាប់​មានឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​ អ្នកនាង លី ច័ន្ទ​សីហា កាល​ពី​ថ្ងៃទី​០៩ ​ខែមករា ឆ្នាំ​២០១៩ ​ពោលគឺ​អំឡុងពេល​ថ្ងៃ​ជប់លៀង​ខួបកំណើត​កូនស្រី​សំណព្វចិត្ត​របស់​ខ្លួន​តា​រា​ស្រី​រូបនេះ​បានប្រកាស​ទម្លាយ​ដោយ​បើកចំហ​នូវ​រឿងរ៉ាវ​ដ៏​រសើប​បង្ក​ការ​ភ្ញាក់ផ្អើល​អស់​ភ្ញៀវ​ចូលរួម​ គឺ​ការ​ផ្តាច់​ចំណង​ស្នេហា​ជាមួយ​ស្វាមី​ ចាប់តាំងពី​នាង​ពពោះ​កូន​បាន​ចំនួន​៤​ខែ​មក​ម្ល៉េះ​។​

ស្រប​ពេលដែល​មានការ​តាំងចិត្ត​ក្លាហាន​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​បែកបាក់​ស្វាមី​របស់​តារា​ស្រី​ អ្នកនាង លី ច័ន្ទ​សីហា នេះដែរ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ជា​តារា​សម្តែង​រៀមច្បង ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ភ្លាមៗ​នោះ បាន​ប្រកាស​ពី​ជំហរ​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​តារា​ស្រី​ អ្នកនាង លី ច័ន្ទ​សីហា ផង​ដែរ​។​ ខណៈ​មាន​អ្នកសិល្បៈ​រួម​អាជីព​មួយចំនួនទៀត​ក៏​បង្ហាញ​អារម្មណ៍​អាណិត​ និង​លើក​ទឹកចិត្ត​នាង​ផង​នោះ​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​សារ​គាំទ្រ លី ច័ន្ទ​សីហា បែបនេះ​ថា​ ល្មម​ដល់​ពេលដែល​ត្រូវ​ប្រកាស​ហើយ​អូន ឲ្យ​ដឹងថា​ តាំងពី​អូន​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ខែ​ដំបូង ​រហូតមកដល់​ឥឡូវនេះ ​អ្វីៗ​គឺ​សុទ្ធតែជា​ការសម្តែង​ទុក​មុខមាត់​លើក​កិត្តិយសឲ្យ​អតីត​ប្តី ពេលខ្លះ​បើ​យើង​មិន​និយាយ​ គឺ​គេ​ចោទ​ថា ​យើង​ជា​អ្នក​ខុស ពាក្យ​ថា​កែ​ចរិត​ គឺ​គ្មានទេ​ សម្រាប់​មនុស្ស​ រឿងរ៉ាវ​ទាំងឡាយ​ទម្រាំ​តែ​ឈាន​ដល់ពេល​លែងលះ ​គឺ​វា​ឆ្លងកាត់​រឿង​ឈឺចាប់​រាប់​ឆ្នាំ​ដូច​ជំងឺ​រ៉ាំរ៉ៃ ពេល​លែង​ហើយ​ បើ​នៅមាន​សម្ព័ន្ធ​ភាព​ល្អ​ និង​គ្នា​យើង​ក៏​ទុក​មុខ​ឲ្យ​។​

តារា​ស្រី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​រៀបរាប់​ទៀតថា ​តែបើ​មិន​សន្តិភាព មិនមាន​សម្ពន្ធភាព​ល្អ​ទេ​ គឺ​បកស្រាយឲ្យ​មហាជន​ដឹង​ទៅ​ យើង​សុខចិត្ត​យក​ប្តី​ខុស ​ក៏​មិន​សុខចិត្ត​រស់​ជាមួយ​មនុស្ស​គ្មាន​បេះដូង ​អាត្មានិយម ​មិន​យកចិត្តទុកដាក់​គ្នា គ្មាន​ការទទួលខុសត្រូវ និង គ្មាន​ទំនួល​ខុសត្រូវ​លើ​ជីវិត​ដៃគូ​ស្នេហា។​ ការ​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ គឺ​មិនមែន​រៀបការ​ដើម្បី​តែ​រួមរក្ស​មេត្រី​ឲ្យ​ស្រប​ច្បាប់​នោះ​ទេ គឺ​ជា​ការរស់នៅ​ដោយ​ភាព​ទទួលខុសត្រូវ​រវាង​ដៃគូ​ទាំងពីរ។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយទៀតថា ​បង​ពិតជា​សូម​សរសើរ​អូន​ដែល​អូន​មាន​ភាពរឹងមាំ​ខ្លាំង ហ៊ាន​ប្រឈមមុខ​ និង​ទទួលខុសត្រូវ​លើ​រឿង​គ្រប់យ៉ាង​ដែល​កើត​មក​លើ​ប្អូន​ និង​ក្រុមគ្រួសារ​បង​ពិតជា​សរសើរ​ដែល​អូន​សុខចិត្ត​មេម៉ាយ​ខ្លួនប្រាណ ​ដោយ​មិន​សុខចិត្ត​មានឈ្មោះ​មេម៉ាយ​ខាន់​ស្លា​ជា​លើក​ទី​២ ​បន្ទាប់ពី​បែកបាក់​ផ្តាច់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​មុន​។ ​តស៊ូ​ឲ្យ​ជោគជ័យ ​ដើម្បី​កូន​ និង​ដើម្បី​មនុស្ស​ដែល​មិនឃើញ​តម្លៃ​យើង​ណា​អូន Seiha Love Kon Fay…​។​

លោកគ្រូ​ ត្រូវ​ឈប់​ពិបាកចិត្ត​ជាមួយ​រឿងរ៉ាវ​ដែល​កើត​ឡើងលើ​កូនស្រី​ទៀត​ទៅ Ly Sokchun គេ​រឹង​មាំ​ណាស់​លោកគ្រូ​គួរតែ​សប្បាយចិត្ត​នៅពេល​ឃើញ​កូន​ស្រី​មាន​ភាពរឹងមាំ​ក្លាហាន​ ជា​កូន​ដែលមាន​ទំនួល​ខុសត្រូវ​គ្រប់បែបយ៉ាង​។​

លោកគ្រូ​ឈប់​ខ្មាសអៀន​មិត្តភ័ក្ដិ ​និង​មហាជន​ទៅ​ ពួកគេ​មិនមែន​ជា​ទេវតា​បង្កើត​យើង​មក​ទេ ដូច្នេះ​កុំឲ្យ​ពួកគេ​មក​កំណត់​វាសនា​យើង​ពេលខ្លះ​អ្នក​ទាំង​មាន​ភាពមិន​សមប្រកប​ និង​ឈឺចាប់​ជាង​យើង​ផង​ តែ​មិន​ហ៊ាន​ប្រឈមមុខ​ ហើយ​មិន​ហ៊ាន​ទទួលស្គាល់​ការពិត​ដែល​ខ្លួន​ទទួល។​ នេះ​ជា​ស​ម្តី​បញ្ជា​ក់​បន្ថែម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដើម្បី​ជាការ​ផ្តល់​កម្លាំងចិត្ត​លើ​តារា​ស្រី លី ច័ន្ទ​សីហា៕