ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ស្នងការ​ខេត្ត​ បញ្ជូន​ជនសង្ស័យ​ម្នាក់ ​រួម​នឹង​ថ្នាំញៀន​៣២​កូន​ថង់ ​ទៅ​តុលាការ​

​បាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់ ​រួម​នឹង​វត្ថុតាង ​ដែលជា​ថ្នាំញៀន​ចំនួន​៣២​កូន​ថង់​ កាលពី​រសៀល​ថ្ងៃទី​១០ ​ខែ​មករា ​ឆ្នាំ​២០១៩ ​ត្រូវបាន​កម្លាំង​ស្នងការ​ខេត្តបាត់ដំបង​បញ្ជូន​ទៅ​តុលាការ​ហើយ​ នេះ​បើ​យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​មករា​នេះ​។

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ​ជនសង្ស័យ​ខាងលើ​ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ​និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​ នា​ថ្ងៃទី​០៨ ​ខែ​មករា ​ឆ្នាំ​២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ ឋិត​ត្រង់​ចំណុច​ប្រព្រឹត្ត​ក្រុមទី​១៦ ​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តា​ពួ​ង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៃ​អធិការ​ស្រុក​ថ្មគោល​ក្នុង​សកម្មភាព​បទល្មើស​ជាក់ស្ដែង ​ពីបទ​រក្សាទុក ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​របាយការណ៍​បន្ត​ថា ជ​ន​សង្ស័យ​មាន ឈ្មោះ​ហាក់​ ដា​រា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៤​ ក្រុមទី​១៦​ ភូមិ​កសិកម្ម ​ឃុំ​តា​ពួ​ង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​។​

ក្រោយ​ឃាត់ខ្លួន ​សមត្ថកិច្ច​ បាន​រក​ឃើញ​ និង​ដកហូត ​ជា​វត្ថុតាង​ ដែល​ជនសង្ស័យ​លួច​ប្រព្រឹត្ត​រួម​មាន​ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ice)​ចំនួន​៣២​កូន​ថង់​ ស្មើ​នឹង​ទម្ងន់​៦,២៦​ក្រាម ​ទាំង​សំបក​ថង់​,​ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ខៀវចាស់​,​ទូរស័ព្ទ​ដៃ​ចាស់ៗ​ចំនួន​០៤​គ្រឿង​,​កាំបិត​ស្នៀត​០១​ដើម​,​ដាវ​សាំ​ម៉ូ​រ៉ៃ​០១​ដើម​,​អាគុយ​០១ ​អំភ្លីឆក់​០១ ​រួម​នឹង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ ​បច្ចុប្បន្ន ​ជនសង្ស័យ ​រួម​នឹង​វត្ថុតាង​កំពុង​ឋិត​ក្រោម​ការសាកសួរ​តាម​នីតិវិធី​របស់​តុលាការ​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114