ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​នៅ​ស្រុក​ទ្រាំង​ កំពុង​រីករាយ​ ខណៈ​ដែល​ស្រូវ​តាម​ស្រែ​ដុះ​លូតលាស់​ពេញ​ទំហឹង​

​ភ្នំពេញ ៖ តាម​ប្រសាសន៍​អ៊ំស្រី សំ ស៊ីធួន ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្រាំង​ដៃ ​ឃុំ​ធ្លក ​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​ស្រូវ​ឆ្នាំនេះ​ គឺមាន​ផល​ល្អ​គ្រប់​ដីស្រែ​ទាំងអស់​ ​ ហើយ​មូល​ហេតុដែល​ស្រូវ​កំពុង​លូតលាស់​ល្អ​គ្រប់​ស្រែ ​ក៏​ដោយសារតែ​ឆ្នាំនេះ​ ទឹក​មាន​ពេញ​ប្រឡាយ​ និង​ស្រែ​។​

អ៊ំស្រី​បាន​បន្តថា ​ដីស្រែ​ទាំងអស់​ទូទាំង​ស្រុក​ទ្រាំង ​សុទ្ធសឹង​តែមាន​ដំណាំ​ស្រូវ​មិន​ដូច​ឆ្នាំ​២០១៦ ​ពុំ​មាន​ភ្លៀង​ធ្លាក់​បង្ក​ឲ្យ​កសិករ​ខ្វះ​ទឹក​ធ្វើស្រែ​។ ​ខុស​ប្លែក​នៅ​ឆ្នាំ​២០១៨​ ឆ្លង​ចូលឆ្នាំ​២០១៩​នេះ​ គឺ​កន្លែង​ណា​ក៏​មាន​ដំណាំ​ស្រូវ​គ្រប់​ទាំងអស់​ ហើយ​មាន​ផ្លែ​ឡើង​ទន់​ដើម​ទៀតផង​។​

ដោយឡែក​អ៊ំប្រុស គឿន សុន ដែលជា​កសិករ​រស់​ភូមិ​ត្នោត​ជ្រុំ​ ឃុំ​ធ្លក ​ស្រុក​ទ្រាំង​វិញ​ ក៏បាន​អះអាង​ដូច​អ៊ំស្រី ស៊ីធួន ផងដែរ​ថា ​នៅ​ភូមិ​របស់​គាត់ ​កសិករ​ទាំងអស់​ កំពុង​សប្បាយ​ចិត្ត​ ព្រោះតែ​ដំណាំ​ស្រូវ​របស់​គាត់​កំពុង​លូតលាស់​ពេញ​ស្រែ​ ហើយ​ជះ​ក្លិន​ក្រអូប​ស្រូវ​បាយ​ទន់​គួរ​ឲ្យ​ចង់​ប្រមូល​ផល​បាន​ឆាប់ៗ​ដាក់​ក្នុង​ជង្រុក​។​ ហើយ​ឆ្នាំនេះ ​ស្រូវ​ក៏មាន​តម្លៃ​គួរសម​ ធ្វើ​ឲ្យ​កសិករ​មាន​ទឹកចិត្ត​ចង់​ធ្វើ​ស្រូវ​ក្នុង​មួយឆ្នាំ​បាន​៣​ដង​យ៉ាងតិច ​ព្រោះ​ទឹក​មាន​ពេញ​ស្រែ​ និង​ប្រឡាយ​បឹងបួ​ទាំងអស់ ​ដោយ​មិន​បារម្ភ​ខ្លាច​ខ្វះ​ទឹក​៕