ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ និង​សភា​សហភាព​អឺរ៉ុប ពិភាក្សា​ពី​ដំណើរការ​វិវឌ្ឍ​វិស័យ​កសិកម្ម ការគ្រប់គ្រង​ធនធាន​ព្រៃ​ឈើ និង​ការប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​

​ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួបពិភាក្សា​ការងារ លោកស្រី Heidi Hautala អនុប្រធាន​សភា​សហភាព​អឺរ៉ុប និង​លោក George Edgar ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​ដំណើរការ​វិវឌ្ឍ​វិស័យ​កសិកម្ម ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ និង​ជាពិសេស​ការគ្រប់គ្រង និង​ការប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​។​

ក្រសួង​បាន​ឲ្យ​ដឹងថា ជំនួប ដ៏​មាន​សារសំខាន់​នេះ​បានធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ៤​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩។ មានមតិ​ស្វាគមន៍ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោក​រដ្ឋមន្ត្រី​ផ្ទាល់​លោក បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​កំពុង និង​បន្ត​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ជារួម និង​ដោយឡែក​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ ពិត​ណាស់ លទ្ធផល ​នៃ​ការ​អភិវឌ្ឍន៍​នេះ​បានប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ក្រីក្រ និង​អសន្តិសុខ​ស្បៀង មកជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​សង្ឃឹម​និង​ជឿជាក់ថា​តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នឹង​អាច​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នា​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​នេះ ភាគី​ទាំងពីរ​ ក៏បាន​លើកយក​ប្រធានបទ​ទាក់ទង​នឹង​វឌ្ឍនភាព ​នៃ​ដំណើរការ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការគ្រប់គ្រង​ធនធាន​ព្រៃឈើ ការដាំដុះ​ព្រៃឈើ​ឡើង​វិញ និង​ការអភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​ផងដែរ ដោយ​ឈរលើ​ស្មារតី​សហ​ប្រតិបត្តិការ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​៕