ព័ត៍មានទាន់​ហេតុការណ៏
Search

លោក លឹម គា​នហោ ផ្ដាំផ្ញើ​ឲ្យ​សមាជិក​ទាំងអស់ ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ប្រឆាំង​ដាច់ខាត​នូវ​ចលនា​បដិវត្តន៍​ពណ៌​

​កណ្តាល ​៖ ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ លោក លឹម គានហោ បាន​ផ្ដាំផ្ញើ​ឲ្យ​សមាជិក​សមាជិកា​ទាំងអស់ ត្រូវ​រួមគ្នា ការពារ និង​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ដែលមាន​សព្វថ្ងៃ​ឲ្យ​គង់វង្ស ក្រោម​ការដឹកនាំ​របស់ ​សម្ដេច​តេ​ជោ និង​ប្រឆាំង​ដាច់ខាត​នូវ​ចលនា​បដិវត្តន៍​ពណ៌។​

​ការប្រកាស​ផ្ដាំផ្ញើ​នេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អនុប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ពញាឮ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងស្រុក​ពញាឮ ខេត្ត​កណ្តាល។ អង្គពិធី មាន​ការ​ចូលរួម​ដោយ​សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ពញាឮ គណៈកម្មាធិការ​គណ​បក្ស​ខេត្តកណ្តាល​ និង​ស្រុក​ពញាឮ ព្រមទាំង​បណ្តា​ឃុំ​ក្នុងស្រុក​ពញាឮ សរុប​ចំនួន​១២៥០​នាក់​។​

​ក្រោយពី​បាន​ស្តាប់​នូវ​ខ្លឹមសារ​ស្នូល​សំខាន់ ​នៃ​ទិវា​ជ័យជម្នះ​៧ មករា និង​លទ្ធផល ​នៃ​សន្និបាត​គណ:គណៈកម្មាធិការ​កណ្តាល លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជម្រាប​ជូន​ដោយ​ឯកឧត្ដម​រដ្ឋមន្ត្រី​រួចមក អង្គ​ពិធី​បាន​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា ទិវា​ជ័យជម្នះ ៧​មករា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ និង​ប្រជាជន មានជីវិត​រស់រាន​ឡើងវិញ និង​ក្រោម​គោល​នយោ​បាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​ប្រទេសជាតិ មាន​សុខ​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ជំហាន​ដ៏​ស្វាហាប់ និង​ប្រកបដោយ​មោទនភាព​។​

ឱកាស​នេះ​ផងដែរ លោក​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក សមាជិកា​ថា​ យើង​មិន​ត្រូវមាន​មោទនភាព​លើ​ជ័យជម្នះ​ដែល​យើង​ទទួលបាន​ពេក​ទេ ផ្ទុយទៅវិញ​ ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ និង​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម ប្រឆាំង​ដាច់ខាត​នូវ​ចលនា​បដិវត្តន៍​ពណ៌ ​គ្រប់​រូប​ភាព ហើយ​ចាំបាច់​ត្រូវ​បង្កើន​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​អនុវត្ត​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​ចុះ​មូលដ្ឋាន​បម្រើប្រជាជន​ដោយស្មោះ​ត្រង់​ពេញលេញ សកម្ម​ទូលំទូលាយ ទាន់ពេលវេលា មានការ​ទទួល​ខុស​ត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។​

​អង្គពិធី បាន​ប្ដេជ្ញា​ជា​ធ្លុង​មួយ បន្ត​ថែរក្សា​ឲ្យ​បានជា​ដាច់ខាត​នូវ​សន្តិភាព សម្រាប់​បន្ត​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ថែមទៀត និង​ដោយ​ចីរភាព​។​ បន្ទាប់ពី​អង្គពិធី ក៏​មាន​ការរៀបចំ​ជួបជុំ​ពិសា​អាហារ​សាមគ្គី​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114