ព័ត៍មានទាន់​ហេតុការណ៏
Search

តៃវ៉ាន់​តែងតាំង​នាយករដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​ថ្មី​ បន្ទាប់​មានការ​លាលែង​ដោយសារ​បរាជ័យ​បោះឆ្នោត

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា កោះ​តៃវ៉ាន់​នឹង​តែងតាំង​អតីត​ប្រធាន​គណបក្ស​គាំទ្រ​ឯករាជ្យ​ដែល​កំពុងកាន់​អំណាច​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី William Lai លាលែង​ពី​តំណែង​រួមជាមួយ​គណៈរដ្ឋមន្ត្រី​ទាំងមូល​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ចាញ់ឆ្នោត​ថ្នាក់មូលដ្ឋាន​។​

ការ​ចាញ់ឆ្នោត​កាលពី​ខែវិច្ឆិកា​បានបង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ចំពោះ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ដែល​បាន​ស្ថិតនៅក្រោម​ការរិះគន់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​អំពី​របៀប​វារៈ​កំណែទម្រង់​របស់លោក​ស្រី​ខណៈ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ជាថ្មី​ពី​ប្រទេស​ចិន​ដែល​ចាត់ទុកថា​កោះ​តៃវ៉ាន់​ថា​ជា​របស់ខ្លួន​។​

ទីភ្នាក់ងារ​ព័ត៌មាន Central News Agency បាន​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ដោយ​ដកស្រង់​ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា លោកស្រី Tsai នឹង​តែងតាំង​លោក Su Tseng-chang ដែលជា​អតីត​ប្រធាន​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ (DPP) រយៈពេល​ពីរ​អាណត្តិ​។​

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយការណ៍​ទៀតថា ការតែងតាំង​លោក Su នឹងធ្វើ​ឡើង​ក្រោយ​ការលាលែង​របស់លោក Lai ដែលជា​នាយករដ្ឋមន្ត្រី​ទី​២​នឹងត្រូវ​ចុះចេញ​ពី​តំណែង​ចាប់តាំងពី​លោក Tsai ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៦​។ វា​ជាការ​អនុវត្តតាម​ស្តង់ដារ​នៅ​កោះ​តៃវ៉ាន់​ដើម្បី​ឲ្យ​មេដឹកនាំ​ទាំងឡាយ​ចុះចេញ​នៅពេល​គណបក្ស​របស់​ពួកគេ​ចាញ់​ការបោះឆ្នោត​។​

លោក Lai ប្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​បន្ទាប់ពី​លោក​និង​រដ្ឋមន្ត្រី​ដទៃទៀត​លាលែង​ពី​តំណែង​ថា “​ខ្ញុំ​ត្រូវ​លាលែង​ពី​តំណែង​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​ការបោះឆ្នោត​”​។​
​នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ត្រូវបង្កើត​គណៈរដ្ឋមន្ត្រី​និង​ដឹកនាំ​រដ្ឋាភិបាល​លើ​មូលដ្ឋាន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

ខណៈ​នៅសល់​រយៈពេល​ប្រហែល​មួយឆ្នាំ​ទៀត​រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​លើក​ក្រោយ​នោះ អ្នកវិភាគ​បាន​និយាយថា លោកស្រី Tsai និង​នាយករដ្ឋមន្ត្រី​ថ្មី​ចាំបាច់​ត្រូវ​បង្កើន​ការគាំទ្រ​ជា​សាធារណៈ​ចំពោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ស្តីពី​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​និង​ជំរុញ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​របស់​កោះ​នៅក្នុង​ឆ្នាំ​ដ៏​លំបាក​មួយ​ចំពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​។​

គួរ​បញ្ជាក់ថា លោក Su ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០០៦​ដោយ​អតីត​ប្រធានាធិបតី Chen Shui-bian ៕ REUTERS