ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាតក​វ័យក្មេង ​អាយុ​១០​ឆ្នាំ​សោះ​ ហ៊ាន​សម្លាប់​កុមារ​អាយុ​២​ឆ្នាំ​ ​ជ្រមុជ​ចូល​ទឹកស្ទឹង​ស្លាប់ ​

កំពង់ឆ្នាំង ​៖​ ឃាតក​វ័យក្មេង​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​សម្លាប់​កុមារា​អាយុ​២ ឆ្នាំ​ពិតមែន ដោយ​វាយ​ចាប់​ជ្រមុជ​ក្នុង​ទឹកស្ទឹង កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅនេះ ។​ ឃាតក​​វ័យក្មេង​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ក្រោយពេល​កើតហេតុ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​គេ​ទើប​តែ​សារភាព​ ក្នុង​ល្ងាច​ ថ្ងៃ​ទី​១០​មករា​នេះ​។

ករណី​មនុស្សឃាត​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។

លោក​វរសេនីយ៍ឯក ខែម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹងថា​ ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​នគរបាល​ស្រុក សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ ក្រោយពេល​កើតហេតុ និង​បន្ទាប់ពី​មានការ​សង្ស័យ​ក្នុងករណី​ឃាតកម្ម​លើ​កុមារា​រងគ្រោះ​ខាងលើ, សមត្ថកិច្ច​បាន​រកឃើញ​ជន​ដល់​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ គឺ មាន​តែ​ម្នាក់​គត់ មិន​ពាក់ព័ន្ធ​ដល់​មនុស្ស ៣-៤ នាក់​ ដែល​សមត្ថកិច្ច​បាន​ហៅ​មក​សាកសួរ​នោះឡើយ។

ដោយឡែក​ ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ ​គឺជា​កុមារា ឈ្មោះ ប៊ុន សុធា​រិ​ទ្ធ អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ក្តុល​សែន ជ័យ​ស្រុក​ទឹកផុស ដែល​បាន​សារភាព ​នៅ​ល្ងាច​ថ្ងៃទី​១០​មករា​នេះ​ថា​ នៅ​ថ្ងៃកើតហេតុ នៅ​ម៉ោងជាង​៩​ព្រឹក ពេល​ខ្លួន​ជិះ​កង់​ចេញពី​សាលារៀន​ មក​តាមផ្លូវ​បាន​ប្រទះឃើញ​កុមារ​រងគ្រោះ​គ្មាន​សំលៀកបំពាក់ ឈរ​លេង​តែម្នាក់ឯង​នៅមុខ​ផ្ទះ ខ្លួន​ក៏​ចាប់​កុមារ​រង​គ្រោះ​ដាក់​ក្នុង​កន្ត្រក​កង់ ​ហើយ​ដឹក​ទៅខាង​ជើង​ផ្ទះ​កុមារ​រងគ្រោះ មាន​ចម្ងាយ​ប្រមាណ​១​គីឡូ​ម៉ែត្រ។ ពេល​ដល់ទី​នោះ​ជា​កន្លែង​ស្ងាត់​ ខ្លួន​ក៏បាន​វាយ​កុមារ​រងគ្រោះ​ជ្រមុជ​ចូល​ទឹកស្ទឹង​រហូត​ស្លាប់​តែម្តង បន្ទាប់មក​ខ្លួន​ក៏បាន​ជិះ​កង់​ត្រឡប់មក​លំនៅឋាន​វិញ រហូតដល់​ម៉ោងជាង​២​រសៀល ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​សាកសួរ។ ដោយ​គេ​បាន​សារភាព​ថា រឿង​ដែល​ហ៊ាន​សម្លាប់​កុមារ​អាយុ​២​ឆ្នាំ​ខាងលើនេះ ព្រោះតែ​ម្តាយ​វា​ ឈ្មោះ នឿន សុ​ភិន អាយុ​២១​ឆ្នាំ បាន​គំរាម​ទះកំផ្លៀង​ខ្លួន ​កាលពី​ប៉ុន្មាន​ខែ​មុន។

សូមបញ្ជាក់ថា ករណី​ឃាតកម្ម​នេះ​បាន​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ ដោយសារតែ​ឪពុក​ម្តាយ​កុមារ​រងគ្រោះ​បាត់​កូន​តាំងពីព្រឹក​ដើររក​មិនឃើញ និង​បាន​ឲ្យ​បងប្អូន​ក្នុង​ក្រុមគ្រួសារ​ជួយ​ដើររក រហូតដល់​ថ្ងៃរសៀល​ ទើប​ប្រទះឃើញ​កុមារ​រងគ្រោះ​ស្លាប់​ក្នុង​ទឹកស្ទឹង ដែល​ចម្ងាយ​ប្រមាណជា​១​គីឡូម៉ែត្រ​ពី​ផ្ទះ។ បន្ទាប់មក​ ក៏បាន​រាយការណ៍​ប្តឹង​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ ទើប​ដឹងថា កុមារ​រងគ្រោះ គឺ​កុមារ​ជា​ឃាតក ​បាន​ដឹក​តាម​កង់​យក​ទៅ​ខាង​ជើង​ផ្ទះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​កុមារ​ជា​ជនសង្ស័យ​ខាងលើ ​យក​មក​សាកសួរ​ រហូត​បាន​ចម្លើយ​ពិត​ខាងលើនេះ គឺ​ការ​សម្លាប់​កុមារ​រងគ្រោះ​ ព្រោះ​តែ​មាន​គំនុំ​ទៅលើ​ម្តាយ បែរជា​មក​កម្ចាត់​កូន​ចោល៕