ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​អាមេរិក​ដក​ឧបករណ៍​មួយចំនួន​ចេញពី​ប្រទេស​ស៊ី​រី​

មន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យោធា​អាមេរិក​ បាន​ដក​ឧបករណ៍​មួយចំនួន​ចេញពី​ប្រទេស​ស៊ី​រី​ហើយ ​បន្ទាប់ពី​មាន​របាយការណ៍​ថា ការដក​ទ័ព​ដែល​ត្រូវបាន​បញ្ជា​ដោយ​លោក​ប្រធានាធិបតី Donald Trump កំពុងដំណើរការ​។​

មន្ត្រី​រូបនេះ​បាន​ប្រាប់ AFP ថា “​ខ្ញុំ​អាច​បញ្ជាក់​ពី​យក​ឧបករណ៍​ចេញពី​ប្រទេស​ស៊ី​រី​។ ប៉ុន្តែ​ដើម្បី​ហេតុផល​សុវត្ថិភាព ខ្ញុំ​នឹងមិន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​នៅពេលនេះ​”​។​

ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់លោក Trump នៅ​ថ្ងៃទី​១៩​ខែធ្នូ​ថា លោក​នឹង​ដក​កងទ័ព​អាមេរិក​ទាំងអស់​២​ពាន់​នាក់​ចេញពី​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​ដែល​រងគ្រោះ​ដោយ​ជម្លោះ​មួយ​នេះ​បានធ្វើ​ឲ្យ​បណ្តា​សម្ព័ន្ធមិត្ត​មាន​ក្តី​ព្រួយបារម្ភ​និង​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Jim Mattis លាលែង​ពី​តំណែង​។​

ទោះបីជា​យ៉ាងណាក៏ដោយ ចាប់តាំងពី​ពេលនោះ​មក មន្ត្រីរដ្ឋបាល​ហាក់ដូច​ជាមាន​ភាព​ស្ងៀមស្ងាត់​ហើយ​កាលវិភាគ​នាពេល​បច្ចុប្បន្ននេះ​មិន​ច្បាស់លាស់​ទេ​។​

ការដកចេញ​នូវ​ឧបករណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​គឺ​ត្រូវបាន​រាយការណ៍​មុនគេ​ដោយ​ទូរទស្សន៍ CNN ដែល​បាន​ដកស្រង់​សម្តី​មន្ត្រីរដ្ឋបាល​ដែល​ដឹង​ដោយផ្ទាល់​អំពី​ប្រតិបត្តិការ​នេះ​ដែល​និយាយថា មាន​សញ្ញា​នៃ​ការចាប់ផ្តើម​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​មួយ​នេះ​។​

យ៉ាងណាក្តី មន្ត្រី​ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទូរទស្សន៍ CNN មិនបាន​ពិពណ៌នា​ច្បាស់លាស់​ទេ​អំពី​ថា​តើ​ឧបករណ៍​នោះ​ជា​អ្វី​ឬថា​តើ​វា​ត្រូវបាន​គេ​ដឹកជញ្ជូន​ដោយ​របៀប​ណា​។​
​ពួកគេ​ក៏​មិនបាន​និយាយ​ផងដែរ​ថា​តើ​ឧបករណ៍​ទាំងនេះ​ត្រូវបាន​ដកចេញ​ពី​ផ្នែក​ខាង​ណា​នៃ​ប្រទេស​ស៊ី​រី​បើទោះបីជា​គេ​រំពឹងថា​ការដក​នេះ​នឹង​ចាប់ផ្តើម​នៅ​ភាគ​ខាងជើង​ប្រទេស​ក៏ដោយ​។​

ថ្វីបើ​ការដក​ទ័ព​មិនត្រូវ​បានធ្វើ​ឡើង​ភ្លាមៗ​ក៏ដោយ​ប៉ុន្តែ​ការដក​ឧបករណ៍​ទាំងនេះ​គឺជា​អំណះអំណាង​បង្ហាញ​អំពី​ដំណើរ​ឆ្ពោះទៅរក​គោលដៅ​នេះ​។​

ថ្លែង​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​សង្កត់ធ្ងន់ថា ការ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រីនឹង​បន្ត​ទៅមុខ​ស្របពេល​លោក​ជំរុញ​ឲ្យ​ប្រជាជាតិ​ម​ជ្ឈឹ​ម​បូព៌ា​ក្រោកឈរឡើង​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​៕ AFP