ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​២​នាក់ បាន​រង​របួស​ធ្ងន់ ​និង​ស្រាល​ បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ពី​រថយន្ត ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពីក្រោយ​

រតនគិរី ៖ ក្មេងស្រី​ម្នាក់ បាន​រងរបួស​ធ្ងន់​ និង​បុរស​ម្នាក់ទៀត ​បាន​រង​របួស​ស្រាល បន្ទាប់ពី​ជួប​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក ​ ​ម៉ូតូ ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​មុខផ្ទះ​ លោក ចេង ហេង លើផ្លូវ​ជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ភាគី​ម៉ូតូ​បង្ក​១​គ្រឿង​ម៉ាក DREAM ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​១E -៦៤១៣ បើកបរ​ដោយ​ ឈ្មោះ ពូ​យ លែ​ប ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ច្រាយ មាន​ទីលំនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី “​រង​របួស​ធ្ងន់ ចំ​កេង​ជើង​ខាងឆ្វេង​”​។ ចំណែក​ជនរងគ្រោះ​ បើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​កែច្នៃ វេ​វ​អ៊ី គ្មាន​ស្លាក​លេខ ឈ្មោះ សុង សំនាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​សោម​ត្រក់ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី “​រងរបួស​ស្រាល”​។​

​សមត្ថកិច្ច​នគរបាល​បញ្ជាក់ថា មូលហេតុ បង្កឡើង​ដោយ​ម៉ូតូ​១​គ្រឿង​ ម៉ាក dream បាន​គេច​ពី​រថយន្ត ហើយក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​កែច្នៃ​វេ​វ​អ៊ី ពីក្រោយ​ពេញទំហឹង​តែម្ដង​។​

​ក្រោយ​កើតហេតុ ​ម៉ូតូ​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​រឹប​អូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​ដើម្បី​រង់ចាំ​ធ្វើការ ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕