ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គស្នងការ​នគរបាល​ជាតិ​ ត្រៀម​បញ្ជូន​កងកម្លាំង​អន្តរាគមន៍​ពិសេស​៦០​នាក់ ​ទៅ​ក្រុងព្រះសីហនុ​ជួយ​លើ​កិច្ចការ​សន្តិសុខ​

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ត្រៀម​នឹង​បញ្ជូន​កងកម្លាំង​អន្តរាគមន៍​ពិសេស​ចំនួន​៦០​នាក់​ ទៅកាន់​ក្រុងព្រះសីហនុ ​ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចការពារ សន្តិសុខ សុវត្ថិ​ភាព បន្ទាប់ពី​មាន​បញ្ហា​អសកម្ម​មួយចំនួន​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​ខេត្ត​មួយ​នេះ។​

ការត្រៀម​បញ្ជូន​កងកម្លាំង​បន្ថែម​ពី​ក្រសួងមហាផ្ទៃ​នេះ បន្ទាប់ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ ដើម្បី​ពិភាក្សា​ការងារ​ក្នុង​ខេត្ត កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ។​

កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ ផ្តល់ឱកាស​ដល់​ភាគី​ក្រុមហ៊ុន អាជ្ញាធរ រាជ​រដ្ឋាភិបាល​លើក​សំណើ​ពិភាក្សា​សំដៅ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

កន្លងមក​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​អំពី​ស​ន្តិ​សុខ សុវត្ថិភាព ជា​ពិសេស​ក្រសួងមហាផ្ទៃ ត្រៀម​នឹង​បញ្ជូន​កម្លាំង​អន្តរា​គម​ពិសេស​ចំនួន​៦០​នាក់​បន្ថែមទៀត​ដើម្បី​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ខេត្ត​ព្រះសីហនុ​ទាំងមូល ធានា​ឲ្យ​បាន​នូវ​ភាពស្ងប់ស្ងាត់ សុ​វិភាព​សម្រាប់​វិនិយោគិន។​

បច្ចុប្បន្ន​ រដ្ឋបាលខេត្ត​ មាន​កងកម្លាំង​៣​ប្រភេទ មាន​ចំនួន​៩០​នាក់ ក្នុងនោះ នគរបាល ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​មាន​៣០​នាក់ នគរបាល​ព្រំដែន​ទឹក​មាន​៣០​នាក់ និង​កងរាជអាវុធហត្ថ​មាន ៣០​នាក់ ដែល​បាន​បែងចែក​វេន ល្បាត​ការពារ​ជាប់​ជាប្រចាំ ការបង្ការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស នៅ​តាម​ចំណុច​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​ទាំងមូល ប៉ុន្តែ​ដោយ​វិសាលភាព​ដែនដី​រដ្ឋបាល​ខេត្ត​មាន​ទំហំ​ធំ​បានធ្វើឲ្យ​មាន​បញ្ហា​ក្នុង​វិធានការ​ការពារ ទើប​រដ្ឋបាលខេត្ត​ស្នើសុំ​កងកម្លាំង​ការពារ​បន្ថែម។ កន្លងមក​ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុម​ការងារ ពិសេស​ដើម្បី​ចុះជួយ​ខេត្ត​ព្រះសីហនុ អំពី​បញ្ហា​ការ​រក្សា​ការពារ សុវត្ថិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ខេត្ត៕