ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​ជំនួយ​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​កូរ៉េខាងជើង

ក្រុម​ជំនួយ​បានបង្ហាញ​សុទិដ្ឋិនិយម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ប្រតិ​ប​តិ្ត​ការ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ចំពេល​ដែលមាន​ទំនាក់ទំនង​កក់ក្តៅ​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ប្រទេស​ក្រីក្រ​មួយ​នេះ​។​

លោក Stephen Biegun អ្នកតំណាង​ពិសេស​របស់​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េខាងជើង​បាន​ជួបប្រជុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ជាមួយ​តំណាង​អង្គការ​ជំនួយ​នានា​ដែល​បាន​ប្រឈម​នឹង​ការពន្យារពេល​យូរអង្វែង​ឬ​ការហាមឃាត់​ក្នុងការ​ផ្តល់ជំនួយ​នៅ​ប្រទេស​កូរ៉េខាងជើង​។​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​ទៅលើ​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​។ ខណៈពេលដែល​ក្រុម​មនុស្សធម៌​អាច​ស្វែងរក​ការលើកលែង​ពី​គណៈកម្មាធិការ​ក្រុមប្រឹក្សាសន្តិសុខ​នោះ សហរដ្ឋអាមេរិក​បាន​បដិសេធ​ជា​ញឹកញាប់​ឬ​ពន្យារពេល​ពិចារណា​លើ​ការលើកលែង​។​

លោក Richard Blewitt អ្នកសង្កេតការណ៍​អចិន្ត្រៃយ៍​ប្រចាំ​អង្គការសហប្រជាជាតិ​នៃ​សង្គម​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​បាន​និយាយថា កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​ពី​តម្រូវការ​មនុស្សធម៌​ដោយ​រួមមាន​ទាំង​ជំនួយ​ម្ហូបអាហារ សុខភាព​និង​ឱសថ​ផងដែរ​។​

លោក Blewitt បាន​ប្រាប់ AFP ថា “​លោក Biegun បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​ផ្នែក​មនុស្សធម៌​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​និង​តម្រូវការ​របស់​រដ្ឋាភិបាល​អាមេរិក​និង​អ្នក​ដទៃទៀត​ដើម្បី​ឲ្យ​សហគមន៍​មនុស្សធម៌​អាចបំពេញ​ការងារ​រប​ស់​ខ្លួន​បាន​ពេញលេញ​”​។​

អង្គការ Mercy Corps ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​និង​បានធ្វើ​សកម្មភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពអត់ឃ្លាន​អំឡុង​គ្រោះ​ទុរ្ភិក្ស​នៅ​កូរ៉េខាងជើង​នា​ទសវត្សរ៍​ឆ្នាំ​១៩៩០​ប៉ុន្តែ​បាន​ផ្អាក​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៤​ក៏បាន​លើកឡើង​ពី​សុទិដ្ឋិនិយម​ផងដែរ​។​

អ្នកនាំពាក្យ​អង្គការ Mercy Corps លោក Christopher Allbritton បាន​និយាយថា លោក Biegun បានបញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​ប្តេជ្ញា​ពិចារណា​លើ​សំណើ​របស់​បុគ្គលិក​មនុ​ស្ស​ធម៌​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង​ខណៈពេល​មានការ​យកចិត្តទុកដាក់​ចំពោះ​ក្តី​ព្រួយបារម្ភ​របស់​ក្រសួងការបរទេស​ស្តីពី​សុវត្ថិភាព​របស់​ជនជាតិ​អាមេរិក​ដែល​ធ្វើដំណើរ​ទៅ​ទីនោះ​។

ក្រសួងការបរទេស​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ចពិភាក្សា​ដែល​កំពុង​ប្រព្រឹត្តទៅ​។ ប៉ុន្តែ​នៅពេល​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​កាលពី​ខែ​មុន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល លោក Biegun បានបង្ហាញ​សញ្ញា​ថា សហរដ្ឋអាមេរិក​នឹងមាន​ភាព​អត់ធ្មត់​ជាង​មុន​ជាមួយនឹង​បុគ្គលិក​ជំនួយ​អំពី​ការអនុវត្តន៍​បំរាម​របស់ខ្លួន​លើ​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114