ព័ត៍មានទាន់​ហេតុការណ៏
Search

សាន ផានិត រំភើបចិត្ត​ខ្លាំង​ ខណៈ​ជោគជ័យ​ និង​ទទួល​បាន​ការ​គាំទ្រ​ភ្ល្លូកទឹកភ្លូកដី​ ក្រោយ​ចេញ​បទ ភ្លេង​ការ !

​ភ្នំពេញ ​៖​ ទន្ទឹមគ្នា​ ដែល​តារា​ចម្រៀង​ជើងចាស់​ម្ចាស់​បទ ”ទូរស័ព្ទ​ប្រាប់​ផង” លោក សាន ផានិត កាលពី​ថ្មីៗ​កន្លងមកនេះ​ បាន​បញ្ចេញ​ និង​ទម្លាយ​ផ្សព្វផ្សាយ​ផ្លូវការ​នូវ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា ភ្លេង​ការ បង្កប់​ទៅដោយ​អត្ថន័យ​ច្រៀង​រៀបរាប់​បែប​មនោសញ្ចេតនា​ កម្សត់​សោកសង្រេង​ ត្រូវ​នឹង​រឿង​រ៉ាវ​ស្នេហា​យុវវ័យ​បច្ចុប្បន្ន​នោះ ​គឺ​តាម​ការ​កត់​សម្គាល់ឃើញ​មានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់​ស្រទាប់​វ័យ​។​

មិន​ត្រឹមតែ​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការផលិត និង មានការ​គាំទ្រ​លើ​ស្នាដៃ​បទ​ថ្មី​នេះ​ទេ​ តារា​ចម្រៀង​ប្រុស ​លោក​ សាន ផានិត ថែមទាំង​មានការ​លើក​សរសើរ​ផង​ដែរ​ ពី​សំណាក់​មហាជន​ លើ​ទឹកដម​សំឡេង​ដែល​នៅតែ​រក្សាបាន​យ៉ាង​ល្អ​។ លើសពីនេះ ​លោក សាន ផានិត ក៏បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ផលិត​ និង​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ជា​បន្តបន្ទាប់​ទៀតផង​។​

ដោយ​កត់សម្គាល់ឃើញ​មាន​សន្ទុះ​ទីផ្សារ​គាំទ្រ​របស់​ទស្សនិកជន​កើនឡើង​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ខណៈពេលដែល​បញ្ចេញ​បទ​ថ្មី ភ្លេង​ការ នេះដែរ ​សាមីខ្លួន​ លោក​ សាន ផានិត មិន​ត្រឹមតែ​បង្ហាញ​អារម្មណ៍​រំភើប​ និង​សប្បាយរីករាយ​ខ្លាំង​នោះទេ ​លោក​ក៏បាន​ចាត់ទុកថា​ រាល់​ការប្រឹងប្រែង​ផលិត​របស់ខ្លួន​ពិតជា​មិន​អត់​ប្រយោជន៍​នោះទេ​ ពោលគឺ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​កាន់តែ​បន្ត​ការ​គាំទ្រ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​អារម្មណ៍​ផ្ទាល់ខ្លួន​ និង​សារ​គាំទ្រ​មួយចំនួន​ពី​សំណាក់​ទស្សនិកជន ​បាន​លើក​ឡើង​ថា​ បទ​ភ្លេង និង​MV​ ដែល​ធ្វើឲ្យ​លោក​អ្នក​ទស្សនា​ហើយ ហូរ​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន ​ខ្ញុំ​អស់​ចិត្ត​ហើយ ​ដល់​ការប្រឹងប្រែង​ទាំងអស់គ្នា ​សម្រាប់​បទ​១​នេះ Original song មិន​ជា​ងាយស្រួល​ឡើយ​…​។​

គូ​រម្លឹក​ថា​ លោក សាន ផានិត គឺជា​តារាចម្រៀង​ជើងចាស់​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ ​ខណៈ​ការគាំទ្រ​កាលនោះ​ ក៏​ប្រជែង​បាន​មិន​ចាញ់​តារា​រួម​ជំនាន់​ឯទៀត​នោះឡើយ​។​ យ៉ាងណាមិញ​ ក្រោយពេល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ហើយ​នោះ​ លោក​ក៏បាន​បាត់​មុខ​ពី​វិស័យ​មួយ​នេះ​អស់​មួយសន្ទុះ​ធំ​ តែ​ក្រោយពេល​ស្ងប់ស្ងាត់​ពី​អាជីព​នេះ​ អស់​ពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ​ លោក សាន ផានិត ក៏បាន​ចាប់ផ្ដើម​ជ្រែក​ខ្លួន​ប្រឡូក​លើ​វិស័យ​ចម្រៀង​ឡើងវិញ​នា​ពេល​បច្ចុប្បន្ន​៕