ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​សន្យា​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ងាយស្រួល​ក្នុងការ​ចូលទៅ​តំបន់​ទី​បេ​ស្របពេល​មាន​សម្ពាធ​ពី​សហរដ្ឋអាមេរិក

រដ្ឋាភិបាល​ចិន​ក្នុង​តំបន់​ទី​បេ​បាន​និយាយ​ថា ខ្លួន​នឹង​បង្កើន​ចំនួន​និង​កាត់បន្ថយ​រយៈពេល​រង់​ចាំ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ទៅ​ទស្សនា​តំបន់​ដែល​មានការ​រឹតត្បិត​ខ្លាំង​មួយ​នេះ​ស្របពេល​មាន​សម្ពាធ​ថ្មី​ពី​សហរដ្ឋអាមេរិក​ឲ្យ​មាន​ការចូល​កាន់តែ​ប្រសើរ​ជាង​មុន​សម្រាប់​មន្ត្រី​អាមេរិក​និង​អ្នកកាសែត​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​សិទ្ធិ​ចូល​តំបន់​ទី​បេ​កាលពី​ខែធ្នូ​ដែល​បាន​ព្យាយាម​ជំរុញ​ឲ្យ​ប្រទេស​ចិន​បើក​តំបន់​នេះ​។​
​នៅពេលនោះ ក្រុង​ប៉េកាំង​បានប្រកាស​ថ្កោលទោស​ច្បាប់​នេះ​ថា​ជាការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដោយ​ប្រថុយ​នឹង “​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​” ចំពោះ​ចំណងទាក់ទង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។​

ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ដើម្បី​ព្យាយាម​ស្វែងរក​កិច្ចព្រមព្រៀង​ក្នុង​គោលបំណង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​មួយ​ដែល​បាន​គំរាមកំហែង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អក់កករ​រួមទាំង​លើ​បញ្ហា​នានា​ដូចជា​សន្តិសុខ ឥទ្ធិពល​និង​សិទ្ធិមនុស្ស​ផងដែរ​។​

លោក Qizhala ប្រធាន​រដ្ឋបាល​ថ្នាក់​តំបន់​បាន​និយាយ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​មួយ​ដែល​ចេញផ្សាយ​ដោយ​កាសែត Tibet Daily កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ទី​បេ​នឹង​កាត់បន្ថយ​រយៈពេល​ពាក់​កណ្តាល​ដែល​ត្រូវការ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដើម្បី​ទទួលបាន​ការចូល​ទៅក្នុង​តំបន់​នេះ​និង​បង្កើន​ចំនួន​ត្រឹម​៥០​ភាគរយ​។​

ភ្ញៀវទេសចរ​មិនមែន​ជន​ជាតិចិន​ត្រូវតែ​ដាក់​ពាក្យសុំ​ពិសេស​មួយ​ដើម្បី​ធ្វើដំណើរ​ទៅ​តំបន់ភ្នំ​ដាច់ស្រយាល​ទី​បេ​។ ជាទូទៅ​ពាក្យសុំ​ពិសេស​ត្រូវបាន​ផ្តល់​ឲ្យ​តែ​អ្នកទេសចរ​ណា​ដែល​បង្ហាញថា ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ដែល​គេ​ទទួលស្គាល់​ប៉ុណ្ណោះ​ប៉ុន្តែ​កម្រ​ណាស់​សម្រាប់​អ្នកកាសែត​និង​អ្នកការទូត​។​

ក្រុង​ប៉េកាំង​បាន​គ្រប់គ្រង​តំបន់​ទី​បេ​ជាមួយ​កណ្តាប់ដៃ​ដែក​ចាប់តាំងពី​កងកម្លាំង​បក្សកុម្មុយនិស្ត​ចិន​ចូលក្នុង​តំបន់​នេះ​នៅ​ឆ្នាំ​១៩៥០​នៅក្នុង​អ្វីដែល​ខ្លួន​ហៅថា “​ការរំដោះ​ដោយ​សន្តិភាព​” ។​

លោក Qizhala ក៏បាន​សន្យា​ផងដែរ​ថា រដ្ឋាភិបាល​នៅ​តំបន់​ទី​បេ​នឹង​ប្រកាន់​ជំហរ​ច្បាស់លាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​។​

ប្រទេស​ចិន​ចាត់ទុក​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ថា​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114