ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​តូ​ក្យូ​ប្រាប់​កូរ៉េខាងត្បូង​ថា កុំ​បង្វែរ​ការស្តីបន្ទោស​លើ​សេចក្តីសម្រេច​អំពី​ពលកម្ម​សម័យ​សង្គ្រាម​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កំពូល​របស់​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សុន្ទរកថា​របស់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ស្តីពី​បញ្ហា​ពលកម្ម​ដោយ​បង្ខំ​សម័យ​សង្គ្រាម​គឺ​ពិតជា “​គួរ​ឲ្យ​សោកស្តាយ​ខ្លាំងណាស់​”​។ អ្នកនាំពាក្យ​ដដែល​បាន​រៀបរាប់ថា គាត់​បាន​ព្យាយាម​បង្វែរ​ការទទួលខុសត្រូវ​របស់​ក្រុង​សេ​អ៊ូ​ល​ទៅកាន់​ប្រទេស​ជប៉ុន​។​

ការអត្ថាធិប្បាយ​នេះ​បានបង្ហាញ​ពី​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​លោក Moon កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​ឲ្យ​អ្នកដឹកនាំ​នយោបាយ​របស់​ជប៉ុន​កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដោយ​ការ​ប្រែក្លាយ​បញ្ហា​របស់​ជនជាតិ​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​ក្រុមហ៊ុន​ជប៉ុន​អំឡុង​សង្គ្រាមលោកលើកទីពីរ​ទៅជា​រឿង​នយោបាយ​។​

លោក Yoshihide Suga ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ជា​ទៀងទាត់​មួយ​ថា “​សុន្ទរកថា​របស់លោក​ប្រធានាធិបតី Moon កំពុងតែ​ព្យាយាម​បង្វែរ​ការទទួលខុសត្រូវ​របស់​ប្រទេស​កូរ៉េខាងត្បូង​ទៅ​ជប៉ុន​ហើយ​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ខ្លាំងណាស់​”​។​

ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​អាស៊ី​ខាងកើត​ទាំង​ពីរបាន​ធ្លាក់ចុះ​ចាប់តាំងពី​តុលាការ​កំពូល​របស់​កូរ៉េខាងត្បូង​បានសម្រេច​កាលពី​ខែតុលា​ថា ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corp គួរតែ​ផ្តល់​សំណង​ដល់​អតីត​កម្មករ​ចំនួន​៤​នាក់​។​

ជម្លោះ​ចុងក្រោយ​បំផុត​នេះ​បាន​កើតឡើង​បន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង​នៅ​ខែ​នេះ​បាន​យល់ព្រម​រឹបអូស​ផ្នែក​មួយ​នៃ​ទ្រព្យសម្បត្តិ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​ផលិត​ដែក​ជប៉ុន​មួយ​នេះ​។​

ជាការ​ឆ្លើយតប ក្រុង​តូ​ក្យូ​បានទាមទារ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ផ្នែក​ការទូត​ជាមួយ​ក្រុង​សេ​អ៊ូ​ល​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ពុធ​។​

លោក Suga បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ជប៉ុន​ជឿជាក់ថា ការទាមទារ​បែបនេះ​ទាំងអស់​គឺ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥​រួចហើយ​និង​ថ្លែងថា ក្រុង​សេ​អ៊ូ​ល​បាន​រំលោភ​លើ​សន្ធិសញ្ញា​នេះ​៕ REUTERS