ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ចង់​ឲ្យ​មានការ​បញ្ជាក់​ច្បាស់លាស់​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានទាមទារ​ឲ្យ​មាន “​ការបញ្ជាក់​ឲ្យ​ច្បាស់​” អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ពោរពេញ​ដោយ​បញ្ហា​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន សហរដ្ឋអាមេរិក​បាន​អបអរសាទរ​អ្នកបោះឆ្នោត​កុង​ហ្គោ “​ក្លាហាន​” ដែល​បាន​ចេញទៅ​បោះឆ្នោត​កាលពី​ខែ​មុន​។​

ប៉ុន្តែ​ខ្លួន​មិនបាន​ទទួលស្គាល់​មេដឹកនាំ​គណបក្សប្រឆាំង​លោក Felix Tshisekedi ដែល​ត្រូវ​បានផ្តល់​សំឡេងឆ្នោត​៣៨,៥៧​ភាគរយ​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ទេ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Robert Palladino បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ​ជាតិ​បានប្រកាស​ពី​លទ្ធផល​បណ្តោះអាសន្ន​ប៉ុន្តែ​យើង​កំពុង​រង់ចាំ​ការបញ្ជាក់​ឲ្យ​ច្បាស់​អំពី​សំណួរ​ដែល​ត្រូវបាន​លើកឡើង​ទាក់ទង​នឹង​ការរាប់​សន្លឹកឆ្នោត​។ យើង​សូម​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងៀម​ស្របពេល​ដែល​ដំណើរការ​នៅតែ​បន្ត​”​។​

អ្នក​ជាប់​ចំណាត់ថ្នាក់​ទី​ពីរ Martin Fayulu ដែល​ទទួលបាន​៣៤,៨​ភាគរយ​នៃ​ការបោះឆ្នោត​បាន​ចោទប្រកាន់ថា​មាន​កំហុសឆ្គង​ក្នុង​លទ្ធផល​ដោយ​រិះគន់​វា​ថា​ជា “​រដ្ឋប្រហារ​ការបោះឆ្នោត​”​។​

ទន្ទឹមនឹង​នេះដែរ ក្រុម​សាសនា​កាតូលិក​ដ៏​មាន​ឥទ្ធិពល​បាន​ចោទសួរ​អំពី​លទ្ធភាព​នៃ​ការធ្វើ​ឲ្យ​មាន​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ​និង​ក្តីសង្ឃឹម​នៃ​សន្តិភាព​។​

ការប្រកាស​អំពី​ជ័យជំនះ​របស់​គណបក្ស​ប្រឆាំង​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​មនុស្ស​ជាច្រើន​បាន​រំពឹងថា លទ្ធផល​ឈ្នះ​នឹង​បាន​ទៅលើ​អ្នក​ស្នង​តំណែង​របស់លោក​ប្រធានាធិបតី Joseph Kabila ឈ្មោះ Emmanuel Ramazani Shadary​។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​ស្ថិតនៅ​លំដាប់​ទី​បី​ជាមួយ​សំឡេងឆ្នោត​២៣,៨​ភាគរយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114