ព័ត៍មានទាន់​ហេតុការណ៏
Search

សំណើរ​DNA​ត្រូវបានធ្វើ​ឡើងលើ​ករ​ណី​ចាប់រំលោភ​សេពសន្ថវៈ​របស់​កីឡាករ Cristiano Ronaldo

​ក្រុមនគរបាល​នៅ​ទីក្រុង​ឡាស់​វេ​ហ្គាស់ សហរដ្ឋអាមេរិក បានចេញ​ដីការ​មួយ​សម្រាប់​ការពិនិត្យ​គំរូ DNA​ពី​កីឡាករ Cristiano Ronaldo ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​ជុំវិញ​ការចោទប្រកាន់​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ មកលើ​ខ្សែប្រយុទ្ធ​របស់​ក្លិប​យក្ស​អ៊ីតាលី Juventus​ម្នាក់នេះ​។​

លោក Peter S. Christiansen គឺជា​មេធាវី​ការពារ​ក្តី​របស់​ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ម្នាក់នេះ បាន​និយាយប្រាប់ BBC​ថា វា​គឺ​ជា “​សំណើ ​តាម​ស្តង់ដារ​បំផុត​”​។​

ខណៈនោះ​ដែរ កាសែត Wall Street Journal​បាន​រាយការណ៍​ថា ដីការ​មួយ​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រព័ន្ធតុលាការ​នៅ​អ៊ីតាលី​កាលពីពេល​ថ្មីៗ​នេះ​។​

គួរ​ឲ្យ​ដឹងថា កីឡាករ Ronaldo បានធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការបំពាន​ផ្លូវភេទ​មកលើ​នាង Kathryn Mayorga នៅក្នុង​សណ្ឋាគារ​ក្រុង​ឡាស់​វេ​ហ្គាស់ កាលពី​ឆ្នាំ​២០០៩​។​

សេចក្តីថ្លែងការណ៍​រប​ស់លោក Christiansen បាន​អះអាងថា “​លោក Ronaldo​តែងតែ​ការពារ​ករណី​មួយ​នេះ ដូច​អ្វីដែល​លោក​បាន​ការពារ​នៅថ្ងៃនេះ​អញ្ចឹង​ថា អ្វីៗ​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ឡាស់​វេ​ហ្គាស់ កាលពី​ឆ្នាំ​២០០៩ គឺជា​រឿង​ព្រមព្រៀងគ្នា​តាម​ធម្មជាតិ ហេតុ​ដូច្នោះ​ហើយ វា​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​អ្វី​នោះឡើយ​ចំពោះ​ការផ្តល់ DNA ឬក៏​ក្រុមនគរបាល​ធ្វើសំណើរ​ប្រកបដោយ​ស្តង់ដារ​បំផុត ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​”​។​

ទស្សនា​វ​ដ្តី​ប្រចាំ​សប្តាហ៍​អាល្លឺម៉ង់ Der Spiegel ដែល​បាន​ចុះផ្សាយ​រឿងនេះ​ដំបូង​គេ​ពី​ការចោទប្រកាន់​មកលើ Ronaldo​កាលពី​ខែតុលា​កន្លង​ទៅនោះ បាន​និយាយថា នាង Mayorga បានធ្វើ​សេចក្តីរាយការណ៍​មួយ​ដល់​ក្រុមនគរបាល​ក្រុង​ឡាស់​វេ​ហ្គាស់ ភ្លាមៗ ក្រោយពេល​ឧប្បត្តិហេតុ​ចាប់រំលោភ​នោះ បានកើត​ឡើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114