ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គាំទ្រ​ដៃគូ​ជប៉ុន​លើ​ការងារ​គំរោង​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​នៅ​កម្ពុជា

ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​ដៃគូ​ជប៉ុន​ដែល​គ្រោង​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គីសនី​នៅ​កម្ពុជា​ដែល​ធ្វើអោយ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ថ្លែង​បែបនេះ​ ខណៈ​ជួប ជាមួយ​ប្រតិភូ​ជប៉ុន​មកពី​អង្គការ JICA ដឹកនាំ​ដោយ​លោក TANAKA,Kotaro តំណាង​ជាន់ខ្ពស់​របស់​អង្គការ JICA និង​តំណាង​មកពី​ក្រុមហ៊ុន Chugoku Electric Power co,Ltd ដឹកនាំ​ដោយ​លោក Junya Shinohara នាយករង និង​លោក Norihiro Watakabe ជំនួយការ​នាយក នៅ​ល្ងាច​ថ្ងៃទី ១០​ខែ មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​។

ដៃគូ​សន្ទនា បាន​ផ្តោត​ការយកចិត្តទុក​ដាក់​ទៅលើ​គម្រោង​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី ដែលជា​គ​ម្រា​ង​រៀបចំ​រួមគ្នា រវាង​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ -​អគ្គិសនី​កម្ពុជា (EDC) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ក្នុង​គោលដៅ​បង្កើត “​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​ឯករាជ្យ​”​មួយ សម្រាប់​ទទួល​ការវាស់ស្ទង់​ឲ្យ​មាន​ភាព​សុក្រឹត​បើ​មាន​អតិថិជន រឺ​ប្រជាពលរដ្ឋ​តវ៉ា​នូវ​ភាពមិនប្រក្រតី​ណាមួយ។

តំណាង​ភាគី​ជប៉ុន​ក៏បាន​ថ្លែង​ពី​លទ្ធផល​សកម្មភាព​ការងារ​កន្លងមក ដូចជា បាន​ចុះ​រៀបចំ​សិក្ខាសាលា​ចំនួន​២៨​ដង នៅ​ទីតាំង​១៩​ខេត្ត ដោ​យ​ធ្វើការ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​បាន​ចំនួន​៦៦៣ នាឡិកា​ស្ទង់ ដោយ ក្នុងនោះ​មាន​៣៤ កុង​ទ័​រ​ដំណើរ​ការមិន​ប្រក្រតី។

គួរ​បញ្ជាក់​ថា តាម​ការ​ប៉ាន់ស្មាន​ចំនួន​កុង​ទ័​រ​អគ្គិសនី​ដែល​ត្រូវ​ដាក់​ដំឡើង​ភ្ជាប់​ជូន​អតិថិជន​មាន​ចំនួន​ប្រមាណ​៤០០.០០០ គ្រឿង​ជា​រៀងរាល់​ឆ្នាំ ហើយ រហូតមកដល់​ឆ្នាំ​២០១៦ មាន​កុង​ទ័រ​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​មាន​ចំនួន​២.១៧០.៦៨២ កុង​ទ័​រ​អគ្គិសនី​។ ដើម្បី​ទ្រទ្រង់​ការងារ​នេះ​ឲ្យ​ដំណើរការ​បាន តំណាង​ដៃគូ​ជប៉ុន​បាន​បង្ហាញ​ពី​តម្រូវ​ការ​មួយចំនួន​ចំពោះមុខ មានដូច​ជា មាន​តម្រូវការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី​ចំនួន​ពី​១៣ ទៅ​១៧ គ្រឿង និង​ចំនួន​មនុស្ស​ក៏​ដូចគ្នា​ដែរ -​ចំនួន​នាឡិកា​ស្ទង់​អគ្គិសនី​ដែល​ត្រូវ​ត្រួតពិនិត្យ​គឺ​ចាប់ពី ៣០០ ទៅ ៤០០ គ្រឿងក្នុង​មួយថ្ងៃ​សម្រាប់​បុគ្គលិក​ម្នាក់​-​សមត្ថភាព​ឧ​បករណ៍​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​គឺ​អាច​ត្រួតពិនិត្យ​០១​ដង បាន​៤០ កុង​ទ័​រ ហើយ​បុគ្គលិក​ម្នាក់​អាច​ទទួលខុសត្រូវ​លើ​ឧបករណ៍​ត្រួតពិនិត្យ ០១​គ្រឿង។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​លើ​ការងារ​នេះ តាមរយៈ​អង្គការ JICA ក្នុង​ការ​អនុវត្ត​គំរោង​ក្រោម​ក្របខ័ណ្ឌ​ជា​ទម្រង់ BOT សំដៅ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​កុង​ទ័​រ​អគ្គិសនី​មាន​ភាព​សុ​ក្រឹត្យ​សម្រាប់​អតិថិជន​ទូទៅ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ស្នើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ពិភាក្សា​លំអិត​បន្ថែម​ទៀត​អំពី​ទិដ្ឋភាព​បច្ចេកទេស​ដូចជា ថា​តើ​យើង​ត្រូវ​ត្រួតពិនិត្យ​កុង​ទ័​រ ទាំង​អស់ពី​អ្នក​នាំចូល​មុន​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់ ​ឬ យ៉ាងណា​? តើ​ការអនុវត្ត​យន្តការ​ត្រួតពិនិត្យ​ដូចម្តេច ពេល​មាន​ការ​តវ៉ា​ពី​អតិថិជន និង​ប្រជាពលរដ្ឋ ? ព្រមទាំង​បញ្ជាក់​ពី​តម្រូវការ​មន្ត្រី​ជំនាញ និង​ការបណ្តុះបណ្តាល​មន្ត្រី ទាំង​ថ្នាក់កណ្តាល និង​តាម​បណ្តា​ខេត្ត រាជធានី ដើម្បី​អាច​អនុវត្ត​ការងារ​នេះ​បាន​ដោយ​រលូន ជាពិសេស​ពេលដែល​គម្រោង​នេះ ត្រូវ​ផ្ទេរ​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នកគ្រប់គ្រង​ទាំងស្រុង​វិញ ក្នុងពេល​កំណត់​ណាមួយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114