ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជំនាញ WADA ចាប់ផ្តើម​ស្រង់​ទិន្នន័យ​ចេញពី​មន្ទីរ​ពិសោធន៍​ទីភ្នាក់ងា​រ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​រុស្ស៊ី​

រដ្ឋមន្ត្រី​កីឡា​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា ក្រុម​អ្នកជំនាញ​មកពី​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក​(WADA) បានចាប់ផ្តើម​នីតិ​វិធី​របស់​ពួកគេ ដើម្បី​ស្រង់​ទិន្នន័យ​ពី​មន្ទីរ​ពិសោធន៍​ប្រឆាំង​គ្រឿងញៀន ស្ថិតនៅក្នុង​ទីក្រុង​ម៉ូ​ស្កូ ដែលជា​ការប៉ុនប៉ង​លើក​ទី​២​របស់​ពួកគេ​។​

ក្រុម​ជំនាញ​របស់ WADA បានធ្វើ​ដំណើរ​មកដល់​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ចប់​ការ​ស្រង់​ទិន្នន័យ​តាម​ការសន្យា​របស់​ពួកគេ ដែល​រួមទាំង​លទ្ធផល​នៃ​ការសាកល្បង​ប្រើប្រាស់​គ្រឿងញៀន ដែលជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​របស់​ទីក្រុង​ម៉ូ​ស្កូ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​ការប្រើប្រាស់​គ្រឿងញៀន គាំទ្រ​ដោយ​រដ្ឋ​។​

លោក Pavel Kolobkov គឺជា​រដ្ឋមន្ត្រីក្រសួង​កីឡា បាន​និយាយប្រាប់​សារព័ត៌មាន​រុស្ស៊ី​ថា ក្រុម​អ្នកជំនាញ បានចាប់ផ្តើម​ធ្វើការ​ជាមួយ​ក្រុម​អ្នកជំនាញ​រុស្ស៊ី​នៅថ្ងៃនេះ​។​

លោក​បន្តថា ក្រុម​អ្នកតំណាង​មកពី​មន្ទីរពិសោធន៍​ក្រុង​ម៉ូ​ស្កូ ក៏ដូចជា​ក្រុម​អ្នកស៊ើប​អង្កេត​រុស្ស៊ី បានបង្ហាញ​វត្ត​មាននៅ​ទីនោះ​ផងដែរ​។​

សូមបញ្ជាក់ថា កាលពីមុន​ក្រុម​ជំនាញ WADA បានធ្វើ​ដំណើរ​មកកាន់​ទីក្រុង​មូ​ស្កូ​ម្តង​រួចមកហើយ កាលពី​ខែធ្នូ ប៉ុន្តែ​មិនអាច​ស្រង់​ទិន្នន័យ​បាន​នោះទេ ដោយសារតែ​មិន​បញ្ហា​បច្ចេកទេស​មិន​ច្បាស់លាស់​មួយចំនួន​៕