ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយសង្គ្រោះ​ចំការ​ព្រៃ​ពូជឈើ​ប្រណិត​ចំនួន​២​ហិច​តា​ដែល​គេ​លួច​ដុត​

សៀមរាប​ ៖​ ចំការ​ព្រៃ​ពូជឈើ​ប្រណិត​ចំនួន​២​ហិច​តា​ ត្រូវ​បាន​គេ​លួច​ដុត​បំផ្លាញ ដែល​អាច​នឹង​គ្រោង​ឈាន​ទៅ​កាន់កាប់​។​តែ​ករណីនេះ​ត្រូវ​បាន​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្វាយ​លើ សហការ​គ្នា​ជា​មួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ជួយ​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ​។

ហេតុការណ៍​ឆេះ​ដី​ព្រៃ​នេះ​ដែរ​ កើតឡើង​នៅ​វេលា​ម៉ោង ១៤​និង​០០​នាទី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០១៩ ស្ថិត​ក្នុងភូមិ​អង្កាញ់​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​ម៉ែន វុទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១​នេះ​ថា បន្ទាប់ពី​លោក​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​ភ្លើង​ឆេះ​ព្រៃ​ចំការ​ពូជឈើ​ប្រណិត ទើប​លោក​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​នាំ​កម្លាំង​ជួយ​កាច់​មែកឈើ​មក​ពន្លត់​និង​យក​រថយន្ត​ពន្លត់​អគ្គិភ័យ មក​បាញ់​ទឹក​រហូត​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​ប្រមាណ​ជា​១៥​និង​៣០​នាទី​ថ្ងៃ​ដដែល​នេះដែរ​។

លោក​បន្ត​ថា ករណីនេះ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ថា នរណា​ជា​អ្នក​ដុត​ព្រៃ​ទាំងនេះ​នោះ​ទេ ដោយសារតែ​ដើមហេតុ​ឆេះ​ចេញពី​ស្មៅ​ជាប់​ផ្លូវជាតិ​រួចរាល់​ចូល​ទៅ​ឆេះ​ដល់​ព្រៃ​ពូជ​តែម្តង​។ លោក​បញ្ជាក់​ថា តាម​ដែល​លោក​មក​ពិនិត្យ​ជាក់ស្តែង​ទៅ​ឃើញថា ការ​ឆេះ​នេះ​ គឺ​មិនអាច​ឆេះ​ព្រៃ​បានទេ​គឺ​ឆេះ​តែ​ស្មៅ​ប៉ុណ្ណោះ ព្រោះ​ព្រៃ​នេះ​វា​ធន់​ជាមួយ​ភ្លើង​បាន​។

លោក​បន្ត​ទៀត​ថា ដី​ព្រៃ​ដែល​រង​ការ​ឆាបឆេះ​នេះ​មាន​ផ្ទៃដី​សរុប​២​ហិច​តា​ដែល​អាជ្ញាធរ​និង​ពលរដ្ឋ​នាំគ្នា​ដាំ​តាំងតែ​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ ហើយ​ព្រៃ​ទើប​និង​ដាំ​នេះ នៅ​ជាប់​ជាមួយនឹង​ចំការ​ពូជឈើ​ធ្នង់​ផង​ដែរ​។

លោក​បញ្ជាក់​ទៀត​ថា ហេតុការណ៍​នេះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ ចំនួន​៥​ឡាន និង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​កាច់​មែកឈើ​ពន្លត់ ទើប​អាច​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

លោក​បញ្ជាក់​ទៀត​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​កុំ​ដុត​ព្រៃ​ដើម្បី​ចង់​កាន់កាប់​យក​ដី​ព្រៃ​របស់​រដ្ឋ​ឲ្យ​សោះ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ដែល​ត្រូវ​បាន​ហាមឃាត់​។

គួរ​រម្លឹក​ផង​ដែរ​ថា ​នៅ​ខេត្តសៀមរាប បច្ចុប្បន្ន​នេះ ហាងឆេង​ដី​កំពុង​ឡើងថ្លៃ​ចឹង​ហើយ​បានជា​ក្រុម​ឈ្មួញ​និង​ពលរដ្ឋ​មួយចំនួន​គិត​មិន​ដល់​ហើយ​ចង់​វាទ​យកដី​ព្រៃ​របស់​រដ្ឋ​យ៉ាង​គគ្លើន​បែបនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114