ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី នឹង​ចាប់ផ្តើម​នៅ​ពី​ខែមីនា ឆ្នាំ​២០១៩​ខាងមុខ

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែលមាន​សមាជិក​ចំនួន​១២​ក្រុម នឹង​ចាប់ផ្តើម​ដំណើរការ​រដូវ​កាល​ថ្មី​របស់ខ្លួន​ចាប់ពី​ខែមីនា តទៅ​សម្រាប់​ឆ្នាំ​២០១៩ ខាងមុខនេះ ខណៈ​ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​បូក​ទាំង​ប្រាក់រង្វាន់​និង​ឱកាស​ចេញទៅ​ប្រកួត​ដណ្តើម​ពានរង្វាន់​មួយចំនួន​លើ​ឆាក​អន្តរជាតិ​ថែម​ទៀតផង​។

​លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ បាន​បាន​លើកឡើង​ថា​ កម្មវិធី​ប្រកួត​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​នា​ដើមខែ មីនា ខាងមុខនេះ ពោល​កាលវិភាគ​ប្រកួត​សប្ដាហ៍​ទី​១ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៩ និង ១០ ខែ មីនា ឆ្នាំ​២០១៩​។

​ការ​បង្ហើប​ឲ្យ​ដឹង​បែបនេះ បន្ទាប់ពី​កិច្ចប្រជុំ​ដែល​មាន​តំណាង​ថ្នាក់ដឹកនាំ​ក្លិប​លី​គ​កំពូល​ទាំង ១១ ត្រូវបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗ នៅ​ស្នាក់​ការ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​។ ក្រុម​ដែល​លេង​នៅ​លី​គ​កំពូល​ទាំងអស់​កំពុង​ត្រៀម​ជើង​ព្រួល​និង​បំពេញ​ចន្លោះប្រហោង​របស់​ខ្លួន ដើម្បី​ប្រជែង​ជើងឯក ក្រោយ​សម្រាក​តាំងពី​ចុងខែ កញ្ញា ឆ្នាំ​២០១៨ មក​។

ប្រភព​បាន​បន្តថា​ ក្លិប​ទាំង​១២ ដែល​ត្រូវ​ប្រជែង​ពាន​នៅ​លី​គ​កំពូល​ឆ្នាំ ២០១៩ ដូចជា ក្រុម​ការពារ​តំណែង​ជើងឯក ណាហ្គា​វើ​លដ៍​, ក្រុម​ជើងឯក​ពាន​សម្ដេច ហ៊ុន សែន ការពារជាតិ​, វិសាខា​, ភ្នំពេញ​ក្រោ​ន​, ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, អាស៊ី​អឹ​រ៉ុ​ប​យូ​ណាយ​ធី​, អង្គ​រថា​យ​ហ្គឺ​រ​, សូល​ទី​ឡូ​អង្គរ​, អគ្គិសនី​កម្ពុជា​។ ចំណែក​ក្រុម​១​ក្រុម​ទៀត​គឺ​ត្រូវ​ជ្រើសរើស​រវាង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​(​តាកែវ​),​ក្រុម​Forza (​សៀមរាប​) និង​ក្រុម​ខេត្តកំពង់ចាម​។ ក្រុម​ក្នុងចំណោម ៣ ក្រុម​ត្រូវ​រង់​ចាម​ការសម្រេច​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ចំណែក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជា​ក្រុម​តែមួយគត់​ដែល​ត្រូវ​កាត់​ចេញពី​លី​គ​កំពូល​នា​ឆ្នាំ ២០១៨ ក៏​ព្រោះតែ​ប្រធាន​ក្លិប​មួយ​នេះ​បាន​អះអាង​ថា ​ក្លិប​មិនមាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ក្លិប​។ ក្រុម​តំណាង​ឲ្យ​សាកលវិទ្យាល័យ មួយ​នេះ​រក​បានតែ ១ ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការលេង ២២ ប្រកួត​។ ១ ពិន្ទុ​របស់​ក្រុម​វេស្ទើន​ពេល​ស្មើ​ការពារជាតិ​ ៣-៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114