ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្តភាព​អន្តរជាតិ ​៖​ ក្រុម​ណាហ្គា​វើ​ល ចាញ់​២​លើក​និង​ឈ្នះ​១​លើក ខណៈ​វិសាខា​ឈ្នះ​២​លើក​ជាប់​គ្នា​លើទឹក​ដី​ថៃ

ក្លិប​បាល់ទាត់​របស់​កម្ពុជា ចំនួន​២​ក្រុម​គឺ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល និង​ក្រុម​លេខ​៣​វិសាខា កំពុងតែ​ធ្វើ​បេសកកម្ម​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ ខណៈ​ក្រុម​ណាហ្គា​វើ​ល បាន​ប្រកួត​ចាញ់​២​លើក​និង​ឈ្នះ​១​លើក ហើយ​ក្រុម​វិសាខា​វិញ បាន​ប្រកួត​ឈ្នះ​២​លើក​ជាប់​គ្នា​។

​សម្រាប់​លទ្ធផល​ជារួម​ក្រុម​ណាហ្គា​វើ​ល បាន​ប្រកួត​ចាញ់​ក្រុម​Police Tero ( សមាជិក​លី​គ​លំដាប់​ទី​២​ថៃ​-T2) ៦​ទល់​០ តែ​យកឈ្នះ​ក្រុម ក្រុម​សាកលវិទ្យាល័យ Assumption United ២​ទល់​១ និង​ចុងក្រោយ​ថ្មីៗ​នេះ​បាន​ចាញ់​ក្រុម​BG Pathum United (T2) ដោយ​លទ្ធផល​៦​ទល់​០​។ ចំណែក​ក្រុម​វិសាខា វិញ​បាន​យកឈ្នះ​លើ​ក្រុម​Pahang FA ( សមាជិក​លី​គ​លំដាប់​ទី​១​ម៉ាឡេស៊ី -Malaysia Super League) ដោយ​លទ្ធផល ៣-១ ហើយ​ប្រកួត​ទី​២​ក្រុម​វិសាខា បាន​យកឈ្នះ​លើ​ក្រុម​សាកលវិទ្យាល័យ RSU FC ដោយ​លទ្ធផល ៤-០​។

តាម​គម្រោង​បន្ទាប់​ក្រុម​ណាហ្គា​វើ​ល នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ខេត្ត Trat របស់​ថៃ ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ម្ចាស់ផ្ទះ Trat FC សមាជិក​លី​គ​កំពូល​ថៃ នៅ​ថ្ងៃទី ១២ ខែ មករា ឆ្នាំ​២០១៩​នេះ​។​ចំណែក​ក្រុម​វិសាខា វិញ​នៅ​មាន​ការប្រកួត​មិត្តភាព ២ ទៅ ៣​ប្រកួត​ទៀត មុន​ធ្វើដំណើរ​និវត្តន៍ ត្រឡប់​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ​។

​តាម​ផែនការ​របស់​ក្លិប​គឺ​លោក មាស ចាន់ណា ដែល​ជា​គ្រូបង្វឹក​ក្លិប​ណាហ្គា​វើ​ល នឹង​ដឹកនាំ​កីឡាករ​ទាំង​ខ្មែរ​និង​បរទេស​ដែល​ទើប​ចុះ​កិច្ចសន្យា​រួម​ធ្វើតេស្ត​សមត្ថភាព​ទៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨​ដល់​១៥ ខែមករា ឆ្នាំ​២០១៨ ខាងមុខ ពោលគឺ​ត្រៀម​ប្រកួត​មិត្តភាព​៤​ប្រកួត​នៅ​ទីនោះ​។ ក្រោយ​ចប់​ការ​ការប្រកួត​មិត្តភាព​នៅក្រៅ​ប្រទេស​នេះ​ត្រូវ​បន្ត​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019 វិញ​ម្តង​។ ចំណែក​ក្រុម​វិសាខា វិញ​បាន​ឆ្លងដែន​ចូល​ទឹកដី​ថៃ តាម​ច្រក​ប៉ោយប៉ែត ដោយ​បោះជុំរុំ​ហ្វឹកហាត់​ចាប់ពី​ថ្ងៃទី​០៧-១៨ ខែមករា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114