ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ដាក់​ផែនការ​ប្រកួត​មិត្តភាព​ក្នុងស្រុក​២​លើក​សិន​មុន​ចេញទៅ​ប្រកួត​ដណ្តើមពាន​នៅ​ប្រទេស​ថៃ

​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានដាក់​ផែនការ​ធ្វើការ​ប្រកួត​មិត្តភាព​ក្នុងស្រុក​ចំនួន ២​លើក​បន្ថែមទៀត​ដើម្បី​ពង្រឹងសមត្ថភាព​កូនក្រុម​ទៀត​មុននឹង​ចាក​ចេញទៅ​បោះជំរុំ​និង​ប្រកួត​ដណ្តើម​ពាន​រង្វាន់​កម្តៅ​សាច់ដុំ​កម្រិត​អន្តរជាតិ នៅក្នុង​ប្រទេស​ថៃ នា​សប្តាហ៍​ក្រោយនេះ​។

តាម​ប្រភព​ពី​មន្ត្រី​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែមករា នេះ ភ្នំពេញ​ក្រោ​ន​នឹង​បើកទ្វារ​កីឡដ្ឋាន RSN ក្នុង​រាជធានី​ភ្នំពេញ របស់​ខ្លួន​ដើម្បី​ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង ៥​ល្ងាច​។ ចំណែក​ប្រកួត​បន្ទាប់​ក្រុម​នេះ​នឹង​ប្រកួត​កម្តៅ​សាច់ដុំ​មួយលើកទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែមករា ខាងមុខ ប៉ុន្តែ​មិនទាន់​ប្រកាស​ពី​ឈ្មោះ​ក្រុម​គូប្រកួត​នៅឡើយ​ទេ​។

តាម​គម្រោង​ក្រុម​ភ្នំពេញ​ក្រោ​ន កំពុង​ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino ជា​គ្រូបង្វឹក​បង្គោល នឹងត្រូវ​ចូលរួម​ប្រកួត​នៅក្នុង​ពានរង្វាន់ Leo Pre-Season Cup 2019 ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ជាមួយ​ក្រុម​ចំនួន​១៦ ផ្សេងគ្នា​មកពី​៤​ប្រទេស​។ ក្រុម​របស់​កម្ពុ​ជាមួយ​នេះ​ទទួល​កៅអី​អង្គុយចាំ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​បឋម​រវាង​ក្រុម Nong Bua Pitchaya និង​ក្រុម Nakornratchasima Mazda FC ហើយ​ក្រុម​ឈ្នះ​ត្រូវ​ឡើងមក​ប៉ះ​ក្រុម​Port FC នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ មុន​បន្ត​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ការប្រកួត​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ថា ​ពានរង្វាន់​នេះ​គ្រោង​នឹង​ផ្ដើម​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ រហូតដល់​ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩​។ ចំណែក​ក្រុម​ដែល​ចូល​រួមមាន​ក្រុម​មកពី​លី​គ​កំពូល​ថៃ ចំនួន​៦​ក្រុម​គឺ​SCG Muangthong United, Port FC, Chiangrai United, PT Prachaup, Nakorn Ratchasima Mazda FC, Bangkok Glass (​ដែល​ត្រូវ​ធ្លាក់​ទៅ​លី​គ​ទី​២ នា​រដូវ​កាល​២០១៩)​។ លី​គ​លំដាប់​ទី​២ ថៃ មាន​៦​ក្រុម​ដូចជា​Chiangmai FC ( ឡើងទៅ​លី​គ​កំពូល​នា​រដូវ​កាល​២០១៩ ), Khonkaen FC, Nong Bua Pitchaya FC, Singha Samut Sakorn FC, Udon Thani FC, Rayong FC​។ លី​គ​កំពូល​កម្ពុជា មាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន លី​គ​កំពូល​ម៉ាឡេស៊ី មាន​ក្រុម​ជើងឯក​រង Perak លី​គ​កំពូល​វៀតណាម មាន​ក្រុម​ជើងឯក Hanoi FC​លី​គ​កំពូល​ឡាវ មាន​ក្រុម​ជើងឯក Lao Toyota FC​។​

គេ​នៅ​ចាំ​បាន​ថា ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕