ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​លើក​ទី​១០ ស្ដីពី​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម

ភ្នំពេញ​ ៖ កិច្ចប្រជុំ​ទី​១ គឺ​កិច្ចប្រជុំ​លើក​ទី​១០ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​កិច្ចប្រជុំ​នេះ​កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​នៅ​ឆ្នាំនេះ​ភាគី​វៀតណាម​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វិញ​ម្ដង​។​

អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នា​ឱកាស​នោះ​រួមមាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ផាម ប៊ី​ញ​មី​ញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នៃ​ប្រទេស​ទាំងពីរ និង​ថ្នាក់ដឹកនាំ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ផងដែរ នាទី​ក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

បន្ទាប់ពី​បញ្ចប់​នូវ​កិច្ចប្រជុំ​ទី​១​កាលពី​ថ្ង​ទី​៩​និង​ទី​១០​មករា​នេះ​កម្ពុជា​-​វៀតណាម ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា។

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែង​ការ​រួម​ទី១ ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ នៃ​ការថែរក្សា​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ​បណ្តា​ខេត្ត​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ពង្រឹងពង្រីក​ចំណង​ទំនាក់ទំនង​ក្នុង​លក្ខណៈ​ជា ភូមិ​ផង​ល្អ​ប្រសើរ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឋិតថេរ យូរអង្វែង រវាង​កម្ពុជា និង​វៀតណាម។

ទី​២ ភាគី​ទាំង​ពីរបាន​វាយតំ​លៃ​ខ្ពស់ ចំពោះ​ការផ្លាស់ប្តូរ​ដំណើរ​ទស្ស​កិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ។

​ទី​៣ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប​ណ្តា​ក្រសួង ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ ក្នុង​កិច្ច​សហប្រតិបត្តិការ​កសាង ក្របខណ្ឌ​ច្បាប់​យ៉ាងសកម្ម និង​ដំណើរការ​គ្រប់​យន្តការ​សហប្រតិបត្តិកា​រ​នានា សំដៅ​បង្កលក្ខណ​ងាយស្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​របស់​ខេត្ត​ជាប់​ព្រំដែន ស្រប​ទៅ​តាម​ទិសដៅ​ដែល​ដាក់ចេញ នា​កិច្ចប្រជុំ​លើក​ទី​៩ ស្តី​ពី​កិច្ច​សហ​ប្រតិបតិ្តការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។

​ទី​៤ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ អំពី​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ស​ន្តិ​សុខ ការពារជាតិ ក្នុង​ការ​ថែរក្សា​ឲ្យ​បាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​របស់​ប្រទេស​នីមួយៗ និង​គូសបញ្ជាក់​សាជាថ្មី​ថា មិន​អនុញ្ញាត​ឲ្យ​មាន​អង្គការ​ចាត់តាំង ឬ​បុគ្គល​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ម្ខាង ដើម្បី​បង្ក​រាយ​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀតឡើយ។

ទី​៥ ភាគី​ទាំងពីរ​ស្វាគមន៍​យល់ព្រម​ដំឡើង​កម្រិត​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ (​ខេត្តព្រៃវែង​) តឹ​ន​ណា​ម (​ខេត្ត​តៃនិញ​) ទៅជា​ច្រកទ្វា​ព្រំដែន​អន្តរជាតិ និង​សម្រេច​ឲ្យ​បាន​ឆាប់​នូវ​កិច្ចការ​ត្រៀម​រៀបចំ​នានា ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅពេល​វេលា​សមស្រប ក៏ដូចជា​ការបញ្ចប់​បែបបទ​ដំឡើង​កម្រិត ច្រកទ្វារ​តំបន់​ព្រំដែន​បុស​មន (​ខេត្តស្វាយរៀង​)-​ភឿ​ក​តឺ​ន (​ខេត្ត​តៃនិញ​) ទៅជា​ច្រកទ្វារព្រំដែន​ទ្វេភាគី។

ទី​៦ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ជំរុញ​កសាង​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​ផងដែរ។ ទី៧​ភាគី​ទាំង​ពីរបាន​ឯកភាព​ដាក់ចេញ​នូវ​ទិសដៅ​រួមគ្នា សំដៅ​ពង្រឹង និង​បង្កើន​កិច្ចសហការ​លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ​។​ ទី៨ ចំពោះ​វិស័យ​សុខាភិបាល ភាគី​ទាំង​ពីរបាន​វាយ​តម្លៃ​ខ្ពស់ លើ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក។ ទី ៩ ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់ លទ្ធផល​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ឃោសនា។ ទី​១០ ភាគី​ទាំង​ពីរ​បាន​ឯកភាព រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១ ស្តីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​ខាងមុខ៕