ព័ត៍មានទាន់​ហេតុការណ៏
Search

បិទ​សន្និបាត​បូកសរុប​ការងារ​សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩

ភ្នំពេញ ៖ កាលពី​រសៀល​ព្រហស្បតិ៍ ៥​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩។

ពិធី​នេះ​ប្រព្រឹត្ត​ឡើ​ង នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាច្រើនរូប​ផងដែរ។

សន្និបាត​នេះ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល ១​ថ្ងៃ​កន្លះ ដែល​មាន​ការចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ពី​អង្គភាព​ពាក់ព័ន្ធ បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​និង​បទពិសោធន៍​ការងារ​យ៉ាង​ផុលផុស បាន​ពិនិត្យ​លើ​បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ និង​បាន​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​។

ថ្លែង​ក្នុង​សន្ទរកថា​នា​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​ការងារ​ឆ្នាំ ២០១៨ ដែល​ជា​ឆ្នាំ​ទទួលបាន​នូវ​ការគាំទ្រ និង​ជំនឿ​ទុកចិត្ត​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​លើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការអនុវត្ត​ការងារ​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ តាម​ការសន្យា សមិទ្ធផល​សំខាន់ៗ​ទាំងនោះ​រួមមាន​៖ ការងារ​ដឹកជញ្ជូន​ផ្លូវគោក​និង​សុវត្ថិភាព​ចរាចរណ៍ ការងារ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ ការងារ​ផ្លូវដែក ការងារ​សាធារណការ ការងារ​ភស្តុភា​រកម្ម ការងារ​សហគ្រាស​សាធារណៈ និង​ការងារ​ព័ត៌មានវិទ្យា​។

លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ត្រូវ​ជំរុញ​ទ្វេដង​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​បានផ្តល់​ការទុកចិត្ត​ដល់​រាជរដ្ឋាភិបាល និង​បង្កើន​ចំណូល​ជាតិ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​អំពី​ផែនការ​គម្រោង​សំខាន់ៗ​សម្រាប់​ឆ្នាំ​២០១៩​នេះ ដែល​ក្នុង​នោះ រួមមាន សេចក្ដីព្រាង​អនុក្រឹត្យ​ស្តីពី​ស្លាក​លេខ​ពិសេស​រថយន្ត សំដៅ​ប្រមូល​ថវិកា​ជូន​រដ្ឋ ផ្តល់​ជម្រើស​ងាយស្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​យានយន្ត និង​ពង្រឹង​ការគ្រប់គ្រង​យានយន្ត គម្រោង​កាត់បន្ថយ​អត្រា​នៃ​ការ​រង​របួស​ធ្ងន់ធ្ងរ​ឲ្យ​បាន​៥០%​ត្រឹម​ឆ្នាំ​២០២០ និង​ការបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​តាម​គោលដៅ​កំពង់ផែ​ស្វយ័ត​ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114