ព័ត៍មានទាន់​ហេតុការណ៏
Search

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ កែ​ គឹមយ៉ាន​ បាន​ចូលរួម​ស្តី​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១ ​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា

បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ ​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​នៃ​សន្និបាត​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយមាន​អ្នកចូលរួម លោកនាយ​ឧ​ត្ត​ម​សេនីយ៍​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា មន្ត្រីជាន់ខ្ពស់​ថ្នាក់​ខេត្ត ស្រុក ក្រុង និង ចៅសង្កាត់ ឃុំ​ជិត​២.០០០​នាក់​បាន​ចូលរួម​។​

ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​នៃ​សន្និបាត​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​នេះ​ផ្តោតលើ​ការងារ​សំខាន់ៗ​រួមមាន​ការពិនិត្យ​ពិភាក្សា​និង​ឯកភាព​លើ​របាយ​ការ​ណ៍ ស្តី​ពី​សភាពការណ៍​ទូទៅ​និង​ការងារ​គណបក្ស​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩ កែសម្រួល​រចនាសម្ព័ន្ធ​និង​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គ​ណៈ​អចិ​ន្ត្រៃ​យ៍​នៃ​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន​៧រូប។

ក្នុង​នោះ​លោក​សួន​បវរ​បាន​មាន​ប្រសាសន៍​ថា​ សន្និបាត​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​នេះ បាន​សម្តែង​នូវ​ការគោរព​ដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ដែល​បាន​ផ្តល់​យុត្តិធម៌​និង​ការ​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​យ៉ាង​លើសលប់​បំផុត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹកនាំ​ប្រទេស​សម្រាប់​អាណ​ត្តិ​ទី​៦​នេះ​បន្ត​ទៀត​។ ក្នុង​នោះ​ដែរ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ កែ​ គឹមយ៉ាន​បាន​មាន​ប្រសាសន៍​ដែរ​ថា​ អង្គសន្និបាត​ថ្ងៃនេះ បាន​កំណត់​យ៉ាង​ច្បាស់​អំពី​សារៈ​សំខាន់​ចាំបាច់​នៃ​ការ​បន្ត​ដំណើរការ​កែទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​តាម​អភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុល​ក្អែល ព្យាបាល និង​វះកាត់ ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច ស្រុះដៃ​គ្នា​និង​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព​ដើម្បី​ធានា​សាមគ្គីភាព និង​ប្រសិទ្ធភាព​នៃ​ស្ថាប័ន ការ​ទ្រទ្រង់​សេដ្ឋកិច្ច និង​ការផ្តល់សេវា​ឲ្យ​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​វិស័យ​ឯកជន​ជាដើម​។

ទាំងអស់​នេះ​ ជា​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ដឹកនាំ​រំដោះ ប្រទេស​កម្ពុជា​ទាំងមូល​ឲ្យ​រួច​ចាក​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​រប​ស់​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខ​សន្តិភាព សិទ្ធិ​សេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម​ដ៏​ល្អ​ត្រចះត្រចង់​៕