ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ឌិតសភា​ចា​រ្យ សុខ ទូច ​៖ “​បញ្ហា​សំរាម កែ​មួយ​ជំនាន់ ឬ កែ​៦​ខែ​”

ភ្នំពេញ ៖ “​បើ​ចង់​កែ​មួយ​ជំនាន់ ត្រូវ​យក​វិស័យ​អប់​រំជា​គោល តែបើ​ចង់​កែ​ត្រឹម​៦​ខែ ត្រូវ​យក​ច្បាប់​មក​អនុវត្តន៍​ ”​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​លើកយក​បញ្ហា​សំរាម​ដែល​កំពុង​ក្លាយជា​បញ្ហា​ឈឺក្បាល​មួយ​នៅ​រាជធានី​ភ្នំពេញ ជា​ឧទាហរណ៍​មួយ​ក្នុង​បទ​បង្ហាញ​ក្នុង​បាឋកថា​ស្តីពី «រដ្ឋាភិបាល​ដើម​ស្រល់​» កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។​

លោក​បណ្ឌិតសភា​ចា​រ្យ​បាន​បញ្ជាក់​ថា តើ​ចង់​កែប្រែ​បញ្ហា​សំរាម កែ​មួយ​ជំនាន់ ឬ កែ​ត្រឹម​រយៈពេល​តែ ៦​ខែ​? ​លោក​បានផ្តល់​ជាម​តិ​ថា បើ​ចង់​កែ​មួយ​ជំនាន់ ត្រូវ​យក​វិស័យ​អប់​រំជា​គោល តែបើ​ចង់​កែ​ត្រឹម​៦​ខែ ត្រូវ​យក​ច្បាប់​មក​អនុវត្តន៍​។ លោក​បាន​សង្កត់​ធ្ងន់​ថា ​ការអប់រំ​នេះ មិន​សំដៅ​តែ​នៅតាម​សាលារៀន​តែ​ម្យ៉ាង​នោះ​ទេ គ្រួសារ​ត្រូវ​មាន​តួនាទី​ធំ​សំខាន់​ក្នុង​ការអប់រំ​ណែនាំ​កូនចៅ ហើយ​ស្ត្រី​ជា​ម្តាយ ជា​អ្នក​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​ទៅលើ​កូនៗ​។ ការផ្តល់​តម្លៃ​តិច​ដល់​ស្ត្រី ជា​រឿង​មិន​ត្រឹមត្រូវ​។ ស្ត្រី​ជា​ម្តាយ ហើយក៏​ជា​វិចិត្រករ​ដ៏​ចំណាន​ម្នាក់​។ បើ​ម្តាយ​ណែនាំ​កូន​ឲ្យ​ចេះ​ចោល​សំរាម​ក្នុង​ធុង​ហើយ កូន​នឹង​មើល​ពី​គំរូ​ល្អ​នេះ​។ ម្តាយ​ជា​អ្នក​ផ្តល់​គំរូ​មុនគេ​ក្នុង​គ្រួសារ​ដល់​កូន​របស់គាត់ ដូច្នេះហើយ​ស្ត្រី​ជា​ម្តាយ​ក៏​ត្រូវមាន​មូលដ្ឋាន​គ្រឹះ​ទទួល​បាន​ការអប់រំ​ឲ្យ​បាន​ច្រើន​ដូចគ្នា​។

នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ការអនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​ទៅលើ​អ្នក​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ត្រូវ​គេ​ដឹង និង​ទទួលស្គាល់​ពី​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ករណី​ខ្លះ អ្នក​ចោល​សំរាម ត្រូវ​ទទួលពិន័យ​ដោយ​ការ​វាយ​នឹង​រំពាត់​។ ហេតុនេះ ការ​កែប្រែ​ទម្លាប់​ចោល​សំរាម ត្រូវការ​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​ច្បាប់ ទាំង​អប់រំ ការផាកពិន័យ ហើយក៏​ត្រូវការ​ពលរដ្ឋ​គ្រប់គ្នា​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​កាត់បន្ថយ​សំរាម​នៅ​ទីសាធារណៈ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114