ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​ពី​រនាក់ ​ចូល​ទៅ​ក្នុង​កាស៊ីណូ​ វាយ​មនុស្ស​ឲ្យ​របួស​២​នាក់ ​និង​ចាប់​ថៅកែ​ក្រៀក​ចូល​ឡាន គំរាម​យក​ប្រាក់​​​១លាន​ដុល្លារ​

​បន្ទាយមានជ័យ​ ៖ ​ជនជាតិ​ចិន​ពី​រនាក់​ចូលទៅ​ក្នុង​កាស៊ីណូ​វាយ​មនុស្ស​ឲ្យ​របួស​២​នាក់​ និង​ចាប់​ថៅកែ​កាស៊ីណូ​ក្រៀក​ចូល​ឡាន ហើយ​គំរាម​ឲ្យ​កូនចៅ​យក​ប្រាក់​ចំនួន​១.០០០.០០០​ដុល្លារ មក​លស់ ​បើ​មិន​ធ្វើតាម​ទេ​ នឹង​សម្លាប់​ថៅកែ​នោះ​ចោល។ គ្រា​នោះ ​ដោយ​កូនចៅ​មានចិត្ត​ភក្ដី​នឹង​ថៅកែ ​បាន​ជិះ​រថយន្ត​ដេញតាម​រហូត​ដល់​យក​ថៅកែ​បាន​មកវិញ ហើយ​ជនសង្ស័យ​គេច​បាត់​មួយ​ដង្ហើមចង្រិត​ ក៏​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង១១និង០០​នាទី​ព្រឹក​ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ចំណុច​កាស៊ីណូ​បូរី​សាន​ស៊ានហូ ស្ថិតក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា ​យោងតាម​ពាក្យបណ្ដឹង​របស់ ១.​ឈ្មោះ Zhao Xiang ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន។ ២​.ឈ្មោះ Feng Yum Peng ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន។ ៣​.ឈ្មោះ Hoi Kue ភេទប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន អ្នក​ទាំងបី​រស់នៅ​បណ្ដោះអាសន្ន​ក្នុង​កាស៊ីណូ​បូរី​សាន​ស៊ានហូ ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​, ស្តីពី​ករណី​មាន​ជនជាតិ​ចិន​២​នាក់ ​បាន​ចូល​មក​ក្នុង​កាស៊ីណូ​វាយ​មក​លើ​ពួកខ្លួន​ និង​ចាប់ជំរិត​ថៅកែ​ខ្លួន លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​រួមមាន​ ១​.ឈ្មោះ Li Ming ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន។ ២​.ឈ្មោះ Peng ShuzHou ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជន​សង្ស័យ​ទាំង​២​នាក់​ខាងលើ រស់នៅ​បណ្ដោះអាសន្ន​ក្នុង​កាស៊ីណូ​បូរី​សាន​ស៊ានហូ ស្ថិតក្នុង​ភូមិ​គីឡូ​​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​រួច​ជនសង្ស័យ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​កម្លាំង​ជំនាញ​សាកសួរ ​ដោយ​នៅ​មុនពេល​កើតហេតុ​នោះ​ ជនសង្ស័យ​ទាំង​២​នាក់ បាន​ចូល​មកដល់​ក្នុង​កាស៊ីណូ ហើយ​វាយ​ទៅលើ​ជនជាតិ​ចិន​ដូចគ្នា បណ្តាល​ឲ្យ​ឈ្មោះ Hoi kue រងរបួស​ជា​ទម្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ និង​ជនរងគ្រោះ​២​នាក់​ទៀត រងរបួស​ស្រាល និង​បាន​ចាប់​ថៅកែ​ក្រៀក​ចូល​ឡាន ហើយ​គំរាម​ថា ឲ្យ​យក​ប្រាក់​ចំនួន​១.០០០.០០០​ដុល្លារ មក​លស់​ថៅកែ​ទៅវិញ បើ​មិន​យកប្រាក់​មក​លស់​ទេ​ គេ​នឹង​សម្លាប់​ថៅកែ​ចោល។ ពេលនោះ​ជនរង​គ្រោះ​២​នាក់​ដែល​រងរបួស​ស្រាល បាន​បើករថយន្ត​ដេញតាមរ​ថ​យន្ត​ជនសង្ស័យ ដើម្បី​រំដោះ​ថៅកែ​ខ្លួន​វិញ ចំណែក​ក្រុម​ជនសង្ស័យ​បាន​ជិះ​រថយន្ត​គេចខ្លួន​តាមផ្លូវ​ជាតិ​លេខ​៥​បាត់​ ក្រោយមកទៀត​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​តាម​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​។

​លោក ម៉ែន ភិរម្យ បានបញ្ជាក់​បន្ថែមថា ​បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ទាំង​២​ធ្វើ​នេះ​ទៅតាម​បទបញ្ជា​របស់​ថៅកែ​គេ ​ឈ្មោះ អា​ចេ ជា​អ្នក​រៀប​ចំ​គម្រោង និង​ជា​អ្នកបញ្ជា។​ផ្អែកលើ​ចម្លើយសារភាពរ​បស់​ជនសង្ស័យ​ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព ​នៃ​បទល្មើស​ជាក់លាក់ ជន​សង្ស័យ​ខាងលើ ពិតជា​បាន​ចូលរួម​ក្នុង​បទល្មើស គំរាម​សម្លាប់​មនុស្ស និង​ជំរិត​ទារ​ប្រាក់ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់។

​ចំណែក​ថៅកែ​ឈ្មោះ អា​ចេ ជា​ជន​ជាតិចិន កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114