ព័ត៍មានទាន់​ហេតុការណ៏
Search

មូលនិធិ នរោត្តម បុប្ផា​ទេវី ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ជាង​៤០០​នាក់ ​នៅ​តំបន់​ជនបទ​

ភ្នំពេញ ​៖​​​ មូលនិធិ នរោត្តម បុប្ផា​ទេវី​ បាន​ចែក​សម្ភារៈ​សិក្សា​ និង​ថវិកា​មួយចំនួន​ដល់​លោកគ្រូ​ អ្នកគ្រូ​ចំនួន​២៦​នាក់​ និង​សិស្សានុសិស្ស​ចំនួន​៤៤០​នាក់​ នៅ​សាលាបឋមសិក្សា​ស្រម៉រ​ ដែល​ស្ថិតនៅ​តំបន់​ជនបទ​ នៃ​ខេត្តតាកែវ​ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទាំងនោះ ​ទទួលបាន​នូវ​ការសិក្សា​មួយ​ប្រកប​ដោយ​គុណភាព សមធម៌ ​និង​ឱកាស​សិក្សា​ពេញ​មួយជីវិត​។​
​ ​
ពិធី​ចែក​សម្ភារៈ​សិក្សា​នេះ​បានធ្វើ​ឡើង​ កាលពី​ថ្ងៃទី​១០​ ខែ​មករា ​ឆ្នាំ​២០១៩​ នៅ​សាលាបឋមសិក្សា​ស្រម៉រ ដែល​ស្ថិតនៅ​ភូមិ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​ ដោយមាន​មានការ​ចូលរួម​ពី​ លោកស្រី អេកូ​លី អគ្គនាយករង​មូលនិធិ នរោត្តម បុប្ផា​ទេវី ​និង​លោកគ្រូ​អ្នកគ្រូ ​ព្រមទាំង​សិស្សានុសិស្ស​ជាច្រើន​ទៀត​។​

លោកស្រី អេកូ​លី អគ្គនាយករង​មូលនិធិ នរោត្តម បុប្ផា​ទេវី បាន​បញ្ជាក់ថា គោល​គំនិត​ដំបូង​របស់​មូលនិធិ គឺ​ជួយ​គាំទ្រ និង​លើកស្ទួយ​របាំ​បុរាណ​ប៉ុណ្ណោះ ​ដោយសារ​វា​មាន​សារៈសំខាន់​ចំពោះ​អត្តសញ្ញាណ​ជាតិ​។​ ប៉ុន្តែ​បន្ទាប់ពី​មាន​កិច្ចសហការ​​ឧបត្ថម្ភ​ថវិកា​ពី​ក្រុមហ៊ុន​ឆ្នោត​សប្បុរសធម៌ លី​លី ដែល​ទើប​ចាប់ផ្ដើម​ដំណើរ​ការលក់​ក្នុង​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ និង​យល់ឃើញ​ពី​តម្លៃ​ នៃ​ការសិក្សា​របស់​កុមារ​កម្ពុជា​នោះ ទើប​មូលនិធិ​បាន​ពង្រីក​ការគាំទ្រ​ដល់​ការអប់រំ និង​ការថែទាំ​សុខុមាលភាព​ដល់​កុមារ​។

លោកស្រី​បាន​បន្ត​ថា ​« ស្ថាបនិក​មូលនិធិ​នរោត្តម បុប្ផា​ទេវី ចង់ឃើញ​ក្មួយៗ​រៀបចំខ្លួន​រួចរាល់​សម្រាប់​អនាគត ប្រកបដោយ​ចំណេះដឹង និង​សុខ​ភាពល្អ ដោយ​គ្រប់គ្នា​បាន​ទទួលស្គាល់ថា ​ការ​បំពេញ​តម្រូវការ​រ​បស់​កុមារ​អាចឲ្យយើង​ទទួលបាន​ធនធាន​សង្គម​ដែល​ល្អ​»​។

លោកស្រី​បាន​បន្ថែមទៀតថា​ «​នេះ​គឺជា​វិថី​ជីវិត​ដែល​កុមារ​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជំហាន​តូចៗ​ ហើយ​ការគាំទ្រ​របស់​យើង​ដែល​នឹង​ជួយ​ឲ្យ​ពួកគេ​ផ្តោតលើ​ការសិក្សា​ពេញលេញ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សម្រេច​ជំហាន​ទាំងនោះ​ ដោយ​ការជួយ​ធនធាន ជំនាន់​ក្រោយ ដោយ​យើង​អាច​កែលំអ​សហគមន៍​ដែល​គេ​រស់នៅ និង​អនាគត​របស់​ជាតិ ហើយ​នៅ​ពេល​ពួកគេ​ប្រឹងប្រែង​រៀនសូត្រ ពួកគេ​នឹង​ទទួលបាន​ចំណេះដឹង ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​ធនធាន ដែលមាន​ទេពកោសល្យ​សម្រាប់​សង្គមជាតិ​»​។​

នៅក្នុង​ឱកាស​នោះដែរ​ លោកស្រី អគ្គនាយករង​មូលនិធិ នរោត្តម បុប្ផា​ទេវី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ឆ្នោត​សប្បុរសធម៌ លី​លី​ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់​មូលនិធិ ចាប់​តាំងពី​ថ្ងៃ​ដំបូង​រហូតដល់​បច្ចុប្បន្ន​៕