ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ​បាន​បង្ហាញ​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ជា​សាធារណៈ ​រួម នឹង​វត្ថុតាង​

កំពង់ឆ្នាំង ​៖ ​សមត្ថកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ បាន​បង្ហាញ​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​២​នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​យ៉ាង​ច្រើន​ ដែល​បង្ក្រាប​ជា​សាធារណៈ​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន។

នៅក្នុង​ការបង្ហាញ​នេះ លោក​ឧត្ដមសេនីយ៍​ទោ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ ដោយមាន​ការណែនាំ​ពី​អគ្គស្នងការ​នគរបាល​ជាតិ គណៈបញ្ជាការ​ឯកភាព​ខេត្ត រួមផ្សំ​នឹង​ការ​កសាង​បណ្ដាញ​សំងាត់​របស់​ស្នងការ​នគរបាល​ខេត្ត​ផង​នោះ និង​ដោយមាន​ការសម្របសម្រួល​ពី លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​ នៅ​ស្រុក​បរិបូណ៌ ដោយ​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ មាន ១-​ឈ្មោះ ​ខៀវ សុ​វី អាយុ​២៦​ឆ្នាំ ,​និង ២ -ឈ្មោះ ​យូ ចិ​ត្រា អាយុ​២៧​ឆ្នាំ ពួកគេ​មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូណ៌។ ​
ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន ថ្នាំញៀន​ប្រភេទ ICE ឬ​ហៅ​ម៉ា​ទឹកក​ក​) ចំនួន​៣​កញ្ចប់​ធំ , ថ្នាំញៀន​ប្រភេទ​ទឹក ឈ្មោះ KTAMINE ចំនួន​៥០​ប្រអប់ ក្នុង​មួយ​ប្រអប់​មាន​ថ្នាំញៀន​២៥​ដប គឺ​ស្មើនឹង​១២៥០​ដប ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង , រឹប​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF.3842 ចំនួន​១​គ្រឿង , ម៉ូតូ​ម៉ាក​ហុងដា ឌុ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 1GP. 9640 , កាំបិត​ចុង​ស្រួច​១ , ប្រាក់​ដុល្លារ​ចំនួន​៣.៩៥០​ដុល្លារ លុយ​ខ្មែរ​ចំនួន រៀល​៧​លាន​រៀល , ខ្សែក ​ពណ៌​លឿង​៥​ខ្សែ​, ខ្សែដៃ​១​ខ្សែ​, កង​ដៃ​មួយ​វង់ , ចិញ្ចៀន​មួយ​វង់​, ទូរស័ព្ទ​ដៃ​១០​គ្រឿង និង​សម្ភារៈ​មួយ​ចំនួនទៀត។

លោកស្នងការ​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​សមត្ថកិច្ច​ក្នុ​ង​ខេត្ត​កំពង់ឆ្នាំង បាន​សហការ​គ្នា​រវាង​នគរបាល​ខេត្ត នគរបាល​ស្រុក ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ថ្នាំញៀន​យ៉ាង​ច្រើន​បែបនេះ​នេះ ដែល​ថ្នាំញៀន​ទាំងនេះ​ គឺ​គេ​យកមកចែក​ចាយ​នៅ​កំពង់ឆ្នាំង និង​បន្ត​ចែកចាយ​ទៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត។ ករណីនេះ​ បើសិន​យើង​បង្ក្រាប​ថ្នាំញៀន​ជាច្រើន​នេះ មិនទាន់​ពេល​វេលា​ទេនោះ ថ្នាំញៀន​ទាំងនេះ ​នឹង​ធ្លាក់​ដល់ដៃ​ស្រទាប់​យុវជន និង​ពិតជា​ធ្វើឲ្យ​យុវជន​យើង​ភ្លើតភ្លើន​ខូចអនាគត និង​ធ្វើឲ្យ​កើត​អសន្តិសុខ​នៅ​សង្គមជាតិ​ជាពុំខាន​ឡើយ។

​លោក ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​គ្រប់​មូល​ដ្ឋាន សូមជួយ​​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ដោយ​សុំ​ជួយ​ផ្ដល់​ដំណឹង​ជា​សំងាត់​ដល់​សមត្ថកិច្ច ដើម្បី​រួមគ្នា​បង្ក្រាប​បទល្មើស​គ្រឿងញៀនឲ្យ​បាន​ទាន់ពេលវេលា កុំឲ្យ​រាលដាល​ចូលក្នុង​មូលដ្ឋាន ដែល​នឹង​បង្ក​ការលំបាក​ដល់​ក្រុមគ្រួសារ​យើង មូលដ្ឋាន​យើង និង​សង្គមជាតិ​យើង​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114