ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីប្រកាស ​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិ​កណ្ដាល

​បន្ទាយមានជ័យ​ ៖ លោក ​លី​ សារី​ អភិបាលរង​ខេត្ត​ តំណាង​ឲ្យ​ លោក​ សួន​ បវរ​ អភិបាលខេត្ត​បន្ទាយ​មានជ័យ ​បាន​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើកា​រ​វិនិច្ឆ័យ ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​ន្រេ​ត​ព្រះ ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​។

​ក្នុងនោះ​ លោក​ លី សារី​ បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ណា​មាន​ដី តែងតែមាន​សង្ឃឹម​ តែ​ដី​នោះ ​ត្រូវ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឲ្យ​បាន​ស្រប​នឹង​ច្បាប់​ ទើប​ពុំ​មានរឿង​ និង​អាច​លក់ បញ្ចាំ​បាន​ទៀតផង ​ក្នុងនោះ​ លោក ​លី​ សារី​ បានធ្វើការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹងសមត្ថភាព​ជំនាញ ​បង្កើត​ការទទួលខុសត្រូវ​ចំពោះ​តួនាទី​ និង​ភារកិច្ច​ក្នុង​ការ​បំរើ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​។​

លោក លី សារី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្វែងយល់​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ​យើង​នេះ​ ដើម្បី​ពិនិត្យ​ថា​ តើ​ការ​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុក្រឹត​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ​ហើយ​ឬ​នូវ ក៏ដូចជា​ការរួមចំណែក នូវ​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់ ​និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​ កាត់បន្ថយ​ភាពក្រីក្រ ស្ថិរភាព​សង្គម និង ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ អាណត្តិ​ទ​៦​នេះ​ផងដែរ​។​

លោក រ៉ូ បូរ៉ា អនុប្រធាន​សុរិយោដី ​និង​សំណង់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ ការប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ជា​ដំណាក់កាល​មកហើយ ​នៅ​ភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះហើយ​មាន​៥ ​ដំណាក់កាល​ទី​១​.ត្រៀម​រៀបចំ​ គឺជា​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ បង្កើត​ដោយ​គណៈកម្មការ​រដ្ឋបាល​ជូនដំណឹង ប្រជុំ​ផ្សព្វ​ផ្សាយ​ និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ទី​២.​ប្រតិបត្តិការ​បច្ចេក​ទេស​ គឺជា​ការ​ចុះ​កំណត់​ព្រំ​វាស់វែង​ និង​វិនិច្ឆ័យ ​ដើម្បី​កសាង​ប្លង់ ​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី។ ​ទី​៣​.បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​ម្ចាស់​មាន​រយៈពេល​១៥​ថ្ងៃ​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី​ និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា ក្នុងករណី​មានការ​ខុសឆ្គង​បើ​ផុត​រយៈពេល​កំណត់​ នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ។ ទី​៤​.សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល​ នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្មការ​រដ្ឋបាល​ជូន​អភិបាលខេត្ត​ ដើម្បី​ពិនិត្យ ​និង សម្រេច​ លើ​ការផ្តល់​សិទ្ធ​ចំពោះ​ក្បាលដី​ណា​ដែល​មិនមាន​ទំនាស់។ ទី​៥​.ចុះបញ្ជី​ចេញ​ប័ណ្ណ​ជូន​ម្ចាស់​ដី​។

​លោក​បាន​បន្តថា​ យោងតាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានកំណត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម ​និង​សំណង់ ដ យ តម្រូវ​ឲ្យ​ម្ចាស់​ក្បាលដី​អ្នកកាន់កាប់​ដី​បង់​សេវា ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែមួយគត់​ពេល​មក​ទទួល​ប័ណ្ណ ត្រូវ​បង់​ក្នុង​តម្លៃ ដី​កសិកម្ម​ជនបទ ស្មើ​១​រៀល ​ក្នុង​១​ម៉ែត្រការ៉េ ដី​លំនៅឋាន​ជនបទ​គឺ​១​ម៉ែត្រការ៉េ ស្មើ​១០​រៀល ដី​ទីប្រជុំជន​ស្រុក​គឺ​១​ម៉ែត្រ​ការ៉េ ស្មើ​២០​រៀល ដី​ទីប្រជុំជន​ខេត្ត​ ឬ ដី​ជាទី​ប្រជុំជន​រាជធានី​ភ្នំពេញ​ គឺ​១​ម៉ែត្រការ៉េ​ ស្មើ​២៥០​រៀល ដី​ទីប្រជុំជន​រាជធានី​ភ្នំពេញ​ គឺ​១​ម៉ែត្រការ៉េ​ស្មើ​៥០០​រៀល​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114