ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ​ និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ​រួមគ្នា​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ​ដើម្បី​លើក​កម្ពស់​គុណភាព​សិក្សា​ និង​គុណ​វុ​ឌ្ឍ​ជាតិ​

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ បាន​រួម​គ្នា​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ ដើម្បី​លើកកម្ពស់​គុណភាព​សិក្សា ​និង​គុណ​វុ​ឌ្ឍ​ជាតិ ​ក៏ដូចជា​ធន​ធាន​មនុស្ស​ក្នុង​ក្របខណ្ឌ​អប់រំ និង​វិជ្ជាជីវៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ​និង​ការ​រីក​ចម្រើន​របស់​ប្រទេសជាតិ​។​
​ ​
ការសម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​ កាលពី​ថ្ងៃទី​១១​ ខែមករា ឆ្នាំ​២០១៩​ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហេង វ៉ាន់​ដា ប្រធាន​សមាគម​ជាមួយ​ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការ​ក្រសួង។​
​ ​
បើតាម​ លោក ង៉ុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រី នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ក្រៅពី​ចង់​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ហើយ សមាគម​ក៏បាន​ពិភាក្សា​ការងារ​មួយចំនួន​ដែល​ចង់បាន​កិច្ចសហប្រតិបត្តិការ រួមជាមួយ​ក្រសួង​ផង​ដែរ​។​

លោក​បាន​បន្ត​ថា ​ក្នុង​នោះបាន​ឯកភាព​ឲ្យ​បង្កើត​ទៅជា​ក្រុមការងារ​ចម្រុះ​មួយ​ដែល​មាន​ លោក​រដ្ឋមន្ត្រី​ជា​សហប្រធាន ជាមួយនឹង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដើម្បី​រួមគ្នា​អនុវត្ត​ទៅលើ​អ្វី​ដែលជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ពាក់ព័ន្ធ​នឹង​ការបង្កើន​នូវ​គុណភាព​សិក្សា និង​គុណ​វុ​ឌ្ឍ​ជាតិ ក៏ដូចជា​ធន ធាន​មនុស្ស​ក្នុង​ក្របខណ្ឌ​អប់រំ និង​វិជ្ជាជីវៈ ហើយ​រួមទាំង​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ការរីកចម្រើន​របស់​ប្រទេសជាតិ​របស់​យើង ព្រោះថា​កន្លងមក​រវាង​វិស័យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនទាន់មាន​យន្តការ​ជាមួយគ្នា​ដើម្បី​បង្កើន​ការឆ្លើយតប​ទៅលើ​ការវិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត​។​

លោក​ ង៉ុ​យ រិ​ទ្ធ​ បាន​ឲ្យ​ដឹង​ទៀតថា ​«​ក្រោយ​ជំនួប​នេះ​ទៅ​ ភាគី​សមាគម និង​ក្រសួង​ការងារ នឹង​បញ្ជូន​សមាសភាព​រៀងៗ​ខ្លួន​ដើម្បី​បង្កើត​ក្រុមការងារ​រួម​ដើម្បី​ជំរុញ​ឲ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍន៍​ផ្នែក​ធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ​នានា ដូចជា​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ និង​គោល​នយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​។​

នៅក្នុង​ជំនួប​នោះ ​លោក​បណ្ឌិត​ អ៊ិត សំហេង បាន​លើកឡើងថា កាលពី​២០​ឆ្នាំមុន ឧ​ត្ត​ម​សិក្សា​ស្ថិត​ក្នុង​ស្ថានភាព​មួយ នៅ​ក្មេងខ្ចី​នៅឡើយ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ និង​មាន​វឌ្ឍនភាព​ច្រើន តាំងពី​ការចាប់ផ្តើម​បរិមាណ​តិចតួច​រហូតដល់​គុណភាព​ខ្ពស់​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ «​អញ្ចឹង​គ្រឹះស្ថាន​ឯកជន​នេះ​ បាន​ចូលរួម​វិភាគទាន​ដ៏​មានតម្លៃ គឺ​បាន​ស្រូប​ទាញ​យុវជន យុវនារី​ដែល​បាន​ប្រឡង​ជាប់​ចំណេះ​ទូទៅ ចូលមកក្នុង​គ្រឹះស្ថាន និង​បានរួម​ចំណែក​ដោះស្រាយ​សង្គម​ដ៏​ធំ​មួយ​ដែលជា​កិច្ច​ការរួម​របស់​យើងទាំងអស់គ្នា ព្រោះថា កម្លាំង​ពលកម្ម​ជំនាញ និង​បច្ចេកទេស ភាគច្រើន​ចេញពី​គ្រឹះស្ថាន​ឯកជន និង​បាន​ក្លាយជា​ប្រភពធនធាន​មនុស្ស​ដ៏​សំខាន់​»៕​