ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ចាញ់ ជេន​វត្ថិ ខណៈ​ចាន់ ស៊ី​ណាត ឈ្នះ​សែន​ ថា​នុង ដោយ​ប្រផុតប្រផើយ​

​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ជេន​វត្ថិ គៀត​ខាំ​ថន (Jenwath Keathkhamtorn) ក្នុង​ការជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃ​សុក្រ​ ទី​១១ ខែ​មករា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ។

ផល សោ​ភ័​ណ្ឌ ត្រូវ​ជេន​វត្ថិ ទាត់​ឲ្យ​ឈឺដៃ​ខាងស្តាំ នៅក្នុង​ទឹក​ទី​២ ដែល​ធ្វើឲ្យ​អាជ្ញាកណ្ដាល​រាប់​សោភ័​ណ្ឌ ​ដល់ ៨ ទើប​គេ​បន្ត​ការប្រកួត​ទៀត។ នៅក្នុង​ការប្រកួត​ទឹក​ទី​៣ ក្នុងពេលដែល​សោ​ភ័​ណ្ឌ បាន​ប្រើ​កែង​វាយ​ប្តូរ​ជាមួយ​ជេន​វត្ថិ នោះ ក៏ត្រូវ​ជេន​វត្ថិ វាយ​កែង​សង​មកវិញ បណ្តាល​ឲ្យ​ត្រូវ​ចំ​មុខ រក​កល​ចង់​គាំង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ​ជា​លើក​ទី២។​

ការដែល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ពីរដង​ហើយ​នោះ ផល សោ​ភ័​ណ្ឌ ពិបាក​សង្ឃឹម​ឈ្នះ​លើ​ថៃ​ណាស់ លុះត្រាតែ​សោ​ភ័​ណ្ឌ វាយ​យ៉ាងណា​អោយ​ជេន​វត្ថិ​សន្លប់ ទើប​អាច​ឈ្នះ​បាន។ ប៉ុន្តែ​ សោ​ភ័​ណ្ឌ មិន​អាច​ធ្វើ​បានឡើយ ទោះបីជា​ក្នុង​ទឹក​ទី​៤​ និង​ទឹក​ទី​៥ គេ​ខិតខំ​ប្រឹង​សម្រុក​វាយ​ទៅលើ​ជេន​វត្ថិ យ៉ាង​ណា​ក៏ដោយ ក៏​ពុំ​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានដែរ។ ចប់​ការប្រកួត​៥​ទឹក​ពេញ ផល សោ​ភ័​ណ្ឌ ចាញ់ ជេន​វត្ថិ គៀត​ខាំ​ថន ដោយ​ពិន្ទុ។​

សូមបញ្ជាក់ថា ជេន​វត្ថិ គៀត​ខាំ​ថន គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ​យើង​គឺ​មុត ខ្លឹម​ខ្មៅ ម្តង​ហើយ ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ហើយ​លើក​នេះ​គេ​យកឈ្នះ​ផល​សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ​ម្នាក់ ទៀត។​

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ សែន​ថា​នុង ប្រាន​២៦ (Sen Thanong Phran 26 )​ ដោយ​ពិន្ទុ ប្រផុតប្រផើយ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។
​តាមពិត ចាន់ ស៊ី​ណាត គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ យ៉​ត ផា​យ៉ាក ក​. អ​ឌី​សន (Yodpayak Kor. Ahdisorn)​ទេ តែដោយសារ​យ៉​ត ផា​យ៉ាក គេ​មាន​បញ្ហា​សុខភាព​មិនអាច​មក​ប្រកួត​បាន ទើប​ប្តូ​រដាក់​ឲ្យ​សែន​ថា​នុង ប្រាន​២៦ ជំនួស​វិញ។ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។
​ ​
ចាន់ ស៊ី​ណាត ឈ្នះ សែន​ថា​នុង ដោយ​វេទនា ព្រោះ​ត្រូវ​ថា​នុង វាយ​ត្រូវ​ច្រើន​ចង់​គាំង​ម្តងៗ​ទៅ​ហើយ។ តែ​យ៉ាងណា ចាន់ ស៊ី​ណាត គេ​ក៏មាន​ឱកាស​ផ្តួល​ថា​ នុង​ ដែរ ប៉ុន្តែ​មកពី​គេ​មានប្រតិកម្ម​រហ័ស ពោលគឺ​គេ​ទាត់​ត្រូវ​ជើង​របស់​ថៃ​ឡើង​ចង់​យួរជើង​ទៅហើយនោះ ស៊ី​ណាត មិន​ព្រម​ទាត់​ជើង​ក្រោម​ថៃ​ទៀត​នោះទេ បែរជា​វាយ​តែ​ខាងលើ​ទៅវិញ ធ្វើឲ្យស៊ី​ណាត វេទនា​ខ្លួន​ហើយ​បានឈ្នះ​សែន ថា​នុង ដោយ​ពិន្ទុ​នេះ​យ៉ាង​វេទនា។​

សែន ថា​នុង នេះ គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ​ដែរ ហើយ​គេ​មាន​ប្រវត្តិ​ប្រកួត​៨២​លើក ឈ្នះ​៥៥​លើក ចាញ់​២៦​លើក និង​ស្មើ​០១​លើក ឯ ចាន់ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៩២​លើក ចាញ់​១៧​លើក និង​ស្មើ​០៣​លើក។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ផ្តួល​ឲ្យ​បោះបង់​ការប្រកួត​នៅក្នុង​ទឹក​ទី​៤។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

កូយ ឡាយ គឺ​អស់​ស៊ុ​ហ្វ​រលីង​តែម្តង ដែល​ធ្វើអោយ​អ៊ូច ធា​រិ​ទ្ធ វាយ​តាមចិត្ត​ដូច​បាវ​សាក់​ និង ចង់​សន្លប់​ឈរ​ថែមទៀត។ ក្នុង​ទឹក​ទី​៤​នោះ កូយ ឡាយ ត្រូវ​អ៊ូច ធា​រិ​ទ្ធ ទាត់​ត្រូវ​កំ​ភ្លៅ​ទេ តែ​គេ​ហាក់​ដូចជា​ទន់​ខ្លួន​លើកដៃ​លើកជើង​លែងរួច គឺ​របៀប​អស់កម្លាំង​កាយសម្បទា​(​ស៊ុ​ហ្វ​)​ពី​ក្នុង​ខ្លួន​តែម្តង។​
​សុខ វី​រ៉ា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ​ឡុ​ក ប៊ុន​សំណាង អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114