ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ផ្នែក​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​ប្រើប្រាស់​សារធាតុ​ញៀន​

​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ បាន​សហ​ការ​ជាមួយ​កម្លាំង​ផ្នែក​ចរាចរណ៍ បានធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន០២​នាក់ ក្នុងករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង ១១និង​៣០​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តា​ម​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ ​
ជនសង្ស័យ​ក្នុង​ហេតុការណ៍​នេះ ​ទី​១.​ឈ្មោះ អាត់ សម្បត្តិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ និង​ទី​២.​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សម្ភារៈ​ដកហូត​១.​ម៉ូតូ​ម៉ាក​ហុងដា Scopy ពណ៌​ស​ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-៨៦៤៨ ចំនួន​០១​គ្រឿង​។ ​២.​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​ចរាចរណ៍ បានដាក់​គោលដៅ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ និង​ឆែកឆេរ​រក​គ្រឿងញៀន ត្រង់​ចំណុច ផ្លូវ​ទំនប់​កប់​ស្រូវ លុះដល់​វេលា​ម៉ោង​១១និង​៣០​នាទី ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​យើង​ក៏បាន​ត្រួតពិនិត្យ​រកឃើញ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន បន្ទាប់មក​កម្លាំង​ជំនាញ​បានធ្វើ​តេស្ដ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​) ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​រួម​នឹង​វត្ថុតាង​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114