ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​២​នាក់​ប្តី​ប្រពន្ធ​ បើក​រថយន្ត​បញ្ច្រាស​រង្វង់​មូល​វិមានឯករាជ្យ ​រួច​ទុក​រថយន្ត​ចោល​គេច​បាត់អស់​

ភ្នំពេញ ៖ បើទោះបី​កម្លាំង​សមត្ថកិច្ច ​បានដាក់​ជាប្រចាំ​ តែ​អ្នកជិះ​បញ្ច្រាស​នៅ​រង្វង់​មូល​វិមានឯករាជ្យ​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់​យប់ ​និង​ថ្ងៃ​។​ ជាក់ស្ដែង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​ នៅ​ថ្ងៃ​សុក្រ ០៦​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ នេះ​ ​ ​បាន​ឃាត់​បាន​យានយន្ត​សរុប​ចំនួន​០៥​គ្រឿង បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

ក្នុង​របាយការណ៍​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៧​និង​០០​នាទី​ព្រឹក ដល់​ម៉ោង​១០​និង​០០​នាទី​យប់ កម្លាំង​គណៈ​បញ្ជក់​ឯកភាព​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​យុទ្ធនា​ការឃាត់​យានយន្ត​ដែល​បើក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមានឯករាជ្យ និង​ផ្លូវ​ព្រះសុរាម្រិត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ឃាត់​បាន​យានយន្ត​សរុប​ចំនួន​០៥​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​០៤​គ្រឿង និង​រថយន្ត​១​គ្រឿង​។​

​អាជ្ញាធរ​បញ្ជាក់ថា​ យានយន្ត​ទាំង​៥​គ្រឿង ​ដែល​ល្មើសច្បាប់​បើក​បញ្ច្រាស​រង្វង់​មូល​វិមានឯករាជ្យ​នោះ ​ក្នុងនោះ​មាន​រថយន្ត​ម៉ាក​Q7​ ពណ៌​កាំ​ម៉ៃ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Ai ០៦ ៧៨ បើកបរ​ និង​រួម​ដំណើរ​ដោយ​ជនជាតិ​ចិន​ប្រុស​ម្នាក់ ​និង​ស្រី​ម្នាក់​ប្រហែលជា​ប្តី​ប្រពន្ធ​ បាន​បើក​បញ្ច្រាស​រង្វង់​មូល​ខណៈនោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ ​ហើយក៏​ត្រូវ​ជនជាតិ​ចិន​២​នាក់​នោះបាន​ឡូឡា​ជា​ភាសា​ចិន​មិនតែប៉ុណ្ណោះ​ពួកគេ​ព្រមទាំង​លើក​ទូរស័ព្ទ​ថតរូប​កម្លាំង​សមត្ថកិច្ច​ដែល​ឃាត់​រថយន្ត​របស់គេ​ផងដែរ​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​បន្ទាប់ពី​ឃាត់​រថយន្ត​របស់​ជនជាតិ​ចិន​ម៉ាក​Q7​ មួយគ្រឿង​ហើយ ក៏​ស្រាប់តែ​ក្រុម​ជន​ជាតិចិន​ទាំងនោះ​ទុក​រថយន្ត​ចោល​កន្លែង​នោះ​ហើយក៏​ទៅ​បាត់អស់​ទៅ​។​

​បច្ចុប្បន្ន ​យានយន្ត​ទាំងនោះ​ ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114