ព័ត៍មានទាន់​ហេតុការណ៏
Search

អត្រា​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឆ្នាំ​២០១៨​ មាន​ជិត​៦០​នាក់​ភាគច្រើន​ជា​បុរស​

​ភ្នំពេញ​ ៖​ អត្រា​ជនរងគ្រោះ​ថ្នាក់ ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឆ្នាំ​២០១៨​ គិត​ចាប់ពី​ខែមករា រហូតមកដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ចំនួន​៥៨​នាក់​ ដែលមាន​ចំនួន​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៧ កន្លងទៅ​ដែរ​។​
​ ​
យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​បាន​ឲ្យ​ដឹងថា​
​ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​៥៨​នាក់​ ក្នុងនោះ​ជនរងគ្រោះ​ដោយសារ​មីន មាន​ចំនួន​១៣​នាក់​ ស្មើ​នឹង​២២​ភាគរយ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ចំនួន ៤៥​នាក់​ស្មើនឹង​៧៨​ភាគរយ​។​
​ជនរងគ្រោះ​ចំនួន​៥៨​នាក់​នោះ​មាន​ជា​បុរស ចំនួន​៣៦​នាក់​ ស្មើនឹង​៦២​ភាគរយ ជា​ក្មេង​ប្រុស​ចំនួន ១៤​នាក់ ស្មើនឹង​២៤​ភាគរយ ជា​ស្ត្រី ចំនួន​៦​នាក់ ស្មើនឹង​១០​ភាគរយ និង​ជា​ក្មេងស្រី ចំនួន​២​នាក់​ ស្មើ​នឹង​៤​ភាគរយ​។​

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ​ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​៥៨​នាក់​នោះដែរ​ មាន​ជនរង​គ្រោះ​ស្លាប់ ចំនួន​១០​នាក់​ ស្មើនឹង​១៧​ភាគរយ ធ្វើ​ឲ្យ​ពិការ ចំនួន​១២​នាក់​ ស្មើនឹង​(២១​ភាគរយ និង​របួស ចំនួន​៣៦​នាក់ ​ស្មើនឹង​៦២​ភាគរយ។​

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ក្រើនរំលឹក​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ ដែល​បាន​និង​កំពុង​រស់នៅ​ក្បែរ​តំបន់​សង្ស័យ​ថា​ មាន​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ឲ្យ​មានការ​ប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​សហការ​ជាមួយ​ភ្នាក់ងារ​កម្ចាត់​មីន​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​អំពី​មីន។​
​ ​
លោក ​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​បាន​មានប្រសាសន៍ថា​ តាម​គម្រោង​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​ ស៊ីម៉ាក់​ មាន​ផែនការ​គ្រោង​រំដោះ​ផ្ទៃដី​មាន​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ចំនួន​១១៦​គីឡូម៉ែត្រ​ក្រឡា ជាមួយ​សកម្មភាព​អប់រំ ការស្រាវជ្រាវ​តំបន់​គំរាមកំហែង និង​ការជួយ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដែល​នឹង​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​ប្រមាណ​១.៧០០​នាក់ សុនខ​៦៨​ក្បាល គ្រឿងចក្រ​កម្ទេច​មីន​ចំនួន​៤៥​គ្រឿង និង​កម្លាំង​អន្តរាគមន៍ បណ្ដាញ​ស្ម័គ្រចិត្ត​ជាង​២,៥០០​នាក់​។​

លោក​អគ្គនាយក​បាន​បន្ត​ថា​ ដើម្បី​សម្រេច​គោលដៅ​ផែនការ​នេះ អង្គភាព​ស៊ីម៉ាក់​ ត្រូវ​អនុវត្ត​គម្រោង​នានា​ចំនួន​២៩​គម្រោង គិត​ជា​ថវិកា​មាន​ចំនួន​ជាង​១៦​លាន​ដុល្លារ​អាមេរិក ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ អង្គភាព​មាន​គម្រោង​មួយចំនួន​បាន​ទទួល​ការ​អនុមត័​រួចហើយ ដែល​មាន​ថវិកា​សរុប​ប្រមាណ​១២​លាន​ដុល្លារ គម្រោង​ដែល​នៅសល់ ​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា ដើម្បី​ទទួលបាន​ការឯកភាព​។​

គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៨ ស៊ីម៉ាក់​ ដាក់​ផែនការ​រំដោះ​ផ្ទៃដី​ចម្ការ​មីន និង​ចម្ការ​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​ចំនួន​ជាង​១១៧​គីឡូម៉ែត្រ​ការ៉េ និង​ធ្វើ​សកម្មភាព​សំខាន់​ជាច្រើន​ទៀត​មាន​ដូចជា ស្រាវ​ជ្រាវ​ព័ត៌មាន​ចម្ការ​មីន ការអប់រំ​ និង​ពង្រឹង បណ្ដាញ​ស្ម័គ្រចិត្ត​តាម​ភូមិ ចំនួន​៧០០​ភូមិ​ គោលដៅ ការងារ​ហ្វឹកហ្វឺន ព្រមទាំង​ការ​ជួយ​សង្គ្រោះ ជន​ពិការ​ដោយសារ​មីន​ជាដើម​។​

​លោក ​ហេង រតនា​ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ​នៅ​ឆ្នាំ​២០១៩​នេះ ​ស៊ីម៉ាក់​ នឹង​ប្រើ​សត្វ​កណ្តុរ​បោសសំអាត​ចំការមីន​នៅ​ខេត្តសៀមរាប​មាន​រយៈពេល​១២​ខែ​ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១​ ខែមករា ​ឆ្នាំ​២០១៩​ ដល់​ថ្ងៃទី​៣១ ​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជិត​២​សែន​ដុល្លារ​ ដែលជា​ជំនួយ​របស់​អង្គការ AP OPO។​

លោក​អគ្គនាយក​បា​ន​បន្ថែម​ទៀត​ថា​ ការប្រើ​សត្វ​កណ្តុរ​សម្រាប់​រាវរក​មី​ន​នេះ ​ដោយសារ​សត្វ​កណ្តុរ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ហិត​រាវរក​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​បាន​រហ័ស​ជាង​ឧបករណ៍​រាវ​មីន​ធម្មតា​រហូតដល់​៣​ដង​ ដែល​នឹង​ជួយ​រំដោះ​ផ្ទៃដី​មាន​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​បាន​ច្រើន​ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។​

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥ ​បាន​ឲ្យ​ដឹងថា ​នៅ​កម្ពុ​ជា​មាន​ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង​១៩៧០​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ប្រមាណ​៨៧៧​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផល​ប៉ះពាល់​ខ្ពស់​ដោយសារ​មីន​៤៩៩​គីឡូម៉ែត្រ​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង​៣៣៣​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ អាមេរិក​។​

សូម​រំលឹកថា​ ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៧ ការ​បោសសំអាត​ផ្ទៃដី​មាន​គ្រាប់មីន​បាន​ចំនួន​ជាង​១.៦៨០​គីឡូម៉ែត្រ​ការ៉េ ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​កសាង​ភូមិដ្ឋាន ធ្វើស្រែ​ចម្ការ កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ​នានា និង​បាន​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​១.០៤៧.៤៤៧​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​២៤.៦១៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​២.៧១៣.៦០៦​គ្រាប់ ព្រមទាំង​បានធ្វើ​ឲ្យ​ចំនួន​ជនរងគ្រោះ ធ្លាក់ចុះ​ពី​៤.៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​៕