ព័ត៍មានទាន់​ហេតុការណ៏
Search

​កម្លាំងចម្រុះ ​ចុះបង្ក្រាប​ក្រុមហ៊ុន “​វី​នី​តុ​ន​គ្រុប​” ជា​លើក​ទី​ពីរ រកឃើញ​នូវ​សម្ភារ​សម្រាប់​ផលិត​បារី កញ្ចប់​១០​ដើម និង​សម្ភារ​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដល់​អតិថិជន​របស់​បារី​ម៉ាក LUXURY និង​ម៉ាក​ផ្សេងៗ​ទៀត រំលោភច្បាប់

ភ្នំពេញ​ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ រួមមាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ក្រសួងសុខាភិបាល និង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ចុងខែ​ធ្នូ កន្លងទៅ បាន​ចុះ​ត្រួតពិនិត្យ​ជា​លើក​ទី​ពីរ ទៅលើ​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប ក្រោយ​រកឃើញថា ក្រុមហ៊ុន​នេះ មិន​ព្រម​អនុលោម​តាម​បទបញ្ញត្តិ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ហើយ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដល់​អតិថិជន​ខុសច្បាប់ ពិសេស​គឺ​មិន​គោរព​តាម​កិច្ចសន្យា ដែល​ខ្លួន​បានធ្វើ​ជាមួយ​ក្រសួងមហាផ្ទៃ បន្ទាប់ពី​ចុះបង្ក្រាប​លើកទីមួយ​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​។​



យោងតាម​ព័ត៌មាន​ចុះផ្សាយ​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ក្រោម​ការចុះ​បង្ក្រាប​រប​ស់​សមត្ថកិច្ច​ចម្រុះ​ទៅលើ​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប កាលពី​ថ្មីៗ​កន្លងទៅ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​រកឃើញ​នូវ​សម្ភារៈ​សម្រាប់​ផលិត​បារី ដែល​ប្រាស់ចាក​ពី​ច្បាប់​ជាច្រើន រួមមាន​៖ សំបក​កញ្ចប់​សម្រាប់​ផលិត​បារី​កញ្ចប់​១០​ដើម ម៉ាក LUXURY ដែល​ពុំ​អនុលោម​តាមច្បាប់​ចំនួន​២៦​កេស (​ក្នុង​១​កេស​មាន​១០០,០០០​សន្លឹក​) ស្មើ​២,៦០០,០០០ សន្លឹក និង​សម្ភារៈប្រើប្រាស់ ដែលមាន​ម៉ាក​សញ្ញា LUXURY, Angkor, Cocopalm សម្រាប់​បម្រើ​ឲ្យ​ការងារ​ផ្សាយពាណិជ្ជកម្ម​ដល់​អតិថិជន​របស់​ក្រុម​ហ៊ុន វី​នី​តុ​ន គ្រុប មានដូចជា​៖ ក្រ​មា​, ចានស្រាក់​, ច្រាស់​ដុសធ្មេញ​, មុង​, អាវយឺត​, ថង់​យួរដៃ​, ឆត្រ​, ដែកកេះ​, កូនកន្សែង​, ប្រតិទិន​ឆ្នាំ​២០១៩, កង់ និង​សម្ភារ​ជាច្រើន​ទៀត ដែលជា​ការរំលោភច្បាប់​ស្តីពី គ្រប់គ្រង​ថ្នាំជក់​”​។​

ពាក់ព័ន្ធ​នឹង​ករណី​ចុះបង្ក្រាប​នេះ សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា ដែលមាន​សមាសភាព​ម​ក​ពី​ក្រុមហ៊ុន​អនុលោមភាព​ខ្ពស់​ចំនួន​៤ រួមមាន Huotraco International Limited, JTI (Cambodia), British American Tobacco Cambodia, Philip Morris International (PMI) បានចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​សាទរភាព និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់​របស់​អាជ្ញាធរ​លើ​ក​នេះ “​នេះ​គឺជា​ទឹក​តាង​បង្ហាញ​យ៉ាងច្បាស់​អំពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​បទបញ្ញត្តិ​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈានទៅ​សម្រេចបាន​តាម​ស្មារតី​ច្បាប់​ក្នុងការ​ការពារ​សុខភាព​សាធារណៈ ក៏ដូចជា​បង្កើតបាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​ផងដែរ​។ ដូចនេះ​ក្នុងនាម​ជា​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ដែលមាន​ឆន្ទៈ​រួម​ក្នុងការ​លើកកម្ពស់​អនុលោមភាព​នៃ​បទបញ្ញត្តិ​ស្ដីពី​ការគ្រប់គ្រង​ថ្នាំជក់ យើងខ្ញុំ​សូម​បង្ហាញ​នូវ​កិច្ចសហការ​គាំទ្រ ក៏​ដូច​ស្នើសុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត សូម​មេត្តា​បន្ត​ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់​ខិលខូច​មួយ​ចំនួន​ក្នុង​ស្រុក​បន្ថែមទៀត ដែល​តែងតែ​ប្រើប្រាស់​គ្រប់​រូបភាព និង​ល្បិច​កិច្ចកល រួមមាន​ការ​រចនា​បារី​មួយ​កញ្ចប់​ដប់​ដើម​រាង​ស្លី​ម​ទាក់ទាញ ការ​ដាក់​រង្វាន់​ក្នុង​កញ្ចប់​បារី ការប្ដូរ​កញ្ចប់​បារី​ទទេ​ដើម្បី​ទទួល​បារី​មួយកញ្ចប់ និង​រង្វាន់​លើកទឹកចិត្ត ប្រតិទិន មួក ឆត្រ អាវយឺត​ជាដើម ។​ល​។ ដើម្បី​អន្ទង​ចិត្ត លើកទឹកចិត្ត​ដល់​អ្នក​ជក់​ឲ្យ​ងាក​មក​ជក់​ផលិតផល​បារី​របស់​ខ្លួន​ផ្ទុយ​អំពី​បទបញ្ញត្តិ​ច្បាប់​”​។​

គួរ​បញ្ជាក់ថា បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ចប់សព្វគ្រប់ សមត្ថកិច្ច​ចម្រុះ​បានសម្រេច​បិទ​ឃ្លាំង​ចំនួន​១ ដើម្បី​រក្សាទុក​នូវ​សម្ភារៈ ដែល​បាន​រកឃើញ​ខាងលើ ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ពិនិត្យ ស្រាវជ្រាវ​បន្តទៀត ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការទទួលខុសត្រូវ​របស់​រោងចក្រ និង​តម្រូវ​ឲ្យ​អ្នកតំណាង ដែល​ជា​អគ្គនាយករង​ក្រុមហ៊ុន​ទទួលបន្ទុក​ទីផ្សារ ឈ្មោះ LI GUANG ZHONG ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន ចូលខ្លួន​មក​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114