ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​សម្រេច​ប្រគល់​ប្លង់ដី​កម្មសិទ្ធិ​មាត់​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៥៣​គ្រួសារ ក្នុង​តំណាក់កាល​ទី​១ ខណៈ​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​បាន​និង​កំពុង​ដំណើរការ

ភ្នំពេញ ​៖ អ្វី​ដែលជា​ក្តី​សុ​បិ​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ​ បានក្លាយ​ជាការ​ពិត​១០០​ភាគរយ​ហើយ នោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មិន​រៀបរយ​នេះ ​ចំនួន​១៥៣​គ្រួសារ​ បាន​ទទួល​ប្លង់ដី​កម្មសិទ្ធិ​មាត់​ប្រឡាយ​ស្របច្បាប់ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ទៀត ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ជា​បន្តបន្ទាប់​ទៀត។

ពិធី​ប្រគល់​នេះ ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១២ មករា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ក្រោម​មាន​វត្ត​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌមានជ័យ​និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ផងដែរ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែង​គិតគូរ​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ មិន​ថា​រស់នៅ​តំបន់​ណាក៏ដោយ​។ ជាក់ស្តែង​សម្រាប់​ពេលនេះ គឺ​យើង​ពិតជា​បាន​ឃើញ​ជាក់ស្តែង​តាមរយៈ​ការ​ប្រគល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​នេះ។

លោក​ឃួ​ង ស្រេង បាន​ផ្ដាំផ្ញើ​ ទាំង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ ត្រូវ​នៅ​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ប្រជាពលរដ្ឋ​ចង់បាន​អី​យើង​ត្រូវ​ជួយ​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​ក៏ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​វិញ​ដែរ ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍​និង​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជាដើម​។​

លោក​ឃួ​ង ស្រេង​បន្ត​ថា តំបន់​នេះ​ ពីមុន​ចង្អៀត​រក​ផ្លូវ ឬ​ច្រក​ចូល​ផ្ទះ​សឹងតែ​មិនបាន​ផង​ តែ​ពេលនេះ​មាន​ផ្លូវ មាន​ភ្លើងអគ្គិសនី មាន​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​ពិសេស​ថែមទៀត​នោះ ប្រជាពលរដ្ឋ​ក្រោយពី​រាជរដ្ឋាភិបាល​ប្រទានកម្ម​ដី​មាត់​ប្រឡាយ​ជា​កម្មសិទ្ធិ ប្រជាពលរដ្ឋ​បាន​សាង​សង់ផ្ទះ​ជាច្រើន​ជាន់។ ដែល​នេះ​ពិតជា​បានបង្ហាញ​អោយឃើញ​ពី​ការរស់នៅ​ប្រកបដោយ​ផាសុកភាព ដែល​ខុស​ពី​ការរស់នៅ​ពី​ពេល​មុនឆ្ងាយ​ដូច​មេឃ​និង​ដី ។ ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បន្តការងារ​នេះ​ទៅ​កន្លែង​ផ្សេងទៀត​។

លោក​អភិបាល​បាន​បន្តទៀតថា ការ​ប្រទាន​កម្ម​នេះ គឺធ្វើឡើង​ក្រោយពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​សិក្សា​ទៅ​មើលឃើញថា យើង​អាច​ស្ថាបនា​ប្រឡាយ​ថ្មី ហើយ​អាច​រំដោះ​ទឹកបាន ទើប​យើង​ប្រទានកម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនេះ​។ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​
១៥៣​គ្រួសារ បាន​រើ​អីវ៉ាន់​ពីក្រោម​ស្ពាន​មក​នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់​ហើយ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ជំហាន​ទី​២​ចូល​មក​ស្នាក់នៅ​បន្ត​ជា​ដំណាក់កាល​ៗ រហូត​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ទាំងមូល​ត្រូវ​បាន​បញ្ចប់​។​

គួរ​បញ្ជាក់ថា នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​និង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​បែងចែក​ជា​៤​ដំណាក់កាល។ ក្នុង​នោះ​ដំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ប្រឡាយ​នេះ​១៥៣​គ្រួសារ​រួចហើយ​ដែរ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ។

ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផល​ប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំង​អស់​នេះ ​នឹង​ទទួល​បាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្ដង។

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​នាំ​ទឹក​ទម្លាក់​ចូល​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ​​ចិញ្ចឹម​២​ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខ​ផ្ទះ​១​ម៉ែត្រ​កន្លះ​ និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114