ព័ត៍មានទាន់​ហេតុការណ៏
Search

ចង់​ស្រួល​ភ្ជួរ​ដី យក​ភ្លើង​ដុត​ព្រៃ ឆេះ​រាលដាល​ចូល​ចម្ការ​ស្វាយ​គេ​ ខូចខាត​ផល​ដំណាំ​រាប់​រយ​ដើម និង​ឆេះ​ត្រាក់ទ័រ​មួយ​គ្រឿង

​ប៉ៃលិន​ ៖​ បុរស​ម្នាក់ ​បាន​យក​ភ្លើង​ទៅ​ដុត​ព្រៃ​ត្រែង ដើម្បី​ងាយស្រួល​ក្នុង​ការ​ភ្ជួរ​រាស់​ដី បណ្តាលឲ្យ​ឆេះ​រាល​ចូល​ដីចម្ការ​ស្វាយ​អ្នកដទៃ ខូចខាត​ផលដំណាំ​ស្វាយ​ជាង​៨០០​ដើម ព្រមទាំង​ឆេះ​ត្រាក់ទ័រ របស់​ខ្លួនឯង​ចំនួន​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ចម្ការ​ស្វាយ​មួយ​កន្លែង ក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ​បាន​យក ត្រាក់ទ័រ​មក​ភ្ជួរ​ដី​របស់​ខ្លួន ប៉ុន្តែ​ដោយ​មើល​ឃើញ​មាន​ដើម​ត្រែង​ច្រើនពេក ក៏​ចាប់ផ្ដើម​យក​ភ្លើង​មក​ដុត ដើម្បី​ងាយស្រួល​ក្នុងការ​ភ្ជួរ​រាស់​ដី តែ​ចៃដន្យ​អណ្តាតភ្លើង បាន​រីក​រាលដាល​ចូល​ចម្ការ​ស្វាយ​អ្នកដទៃ បណ្តាល​ឲ្យ​ឆេះ​ដើម​ស្វាយ​ចំនួន​ជាង​៨០០​ដើម ព្រមទាំង​ឆេះ​ត្រាក់ទ័រ​របស់​ខ្លួន​ចំនួន​មួយ​គ្រឿង​ផង​ដែរ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចំនួន​ពីរ​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ។​

បើតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ដែរ​ថា​ករណី​ភ្លើង​ឆេះ​ព្រៃ​ បណ្តាល​ឲ្យ​ចូល​ដីចម្ការ​គេ កើតឡើង​ដោយ​បុរស​ជា​ម្ចាស់​ចម្ការ​ម្នាក់ បាន​យក​ភ្លើង​ទៅ​ដុត​ដើម​ត្រែង ដើម្បី​ងាយស្រួល​ក្នុងការ​ភ្ជួររាស់​ដី​របស់​ខ្លួន ប៉ុន្តែ​ជា​អកុសល ក៏​ឆាបឆេះ​ដល់​ចម្ការ​ស្វាយ​គេ បណ្ដាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ព្រមទាំង​ឆេះ​ត្រាក់ទ័រ​របស់​ខ្លួន​ផង​ដែរ។

​ប្រភព​ព័ត៌មាន​បន្ត​ថា បុរស​ដែល​ជា​អ្នក​ដុត​ព្រៃ​មិន​ទាន់​ស្គាល់​ ឈ្មោះ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ម្ចាស់​ចម្ការ​រងគ្រោះ​ឈ្មោះ ខាយ ចាន់ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រស់​នៅ​ភូមិ​អូរ​តា​ពុក​លើ ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​មាន​ចម្ការ​ស្វាយ​ជាង​៨០០​ដើម នៅ​ភូមិ​កើត​ហេតុ​ខាង​លើ។

ក្នុង​ហេតុការណ៍​នេះ​ដែរ ​កម្លាំង​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង ដើម្បី​បាញ់​ពន្លត់ ហើយ​ក៏បាន​រលត់​ទៅវិញ​នៅ​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ដដែល​ផង​ដែរ។​ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​ស្រាវជ្រាវ​រក​ឈ្មោះ​ជន​បង្ក និង​រៀបចំ​សំណុំ រឿង​បញ្ជូន​បន្ត​ចាត់ការ​តាម​នីតិវិធី​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114