ព័ត៍មានទាន់​ហេតុការណ៏
Search

បបួល​គ្នា​លួច​គោយន្ត​ថៅកែ តែ​ពេល​បើក​ធ្លាក់​ផ្លូវ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

បាត់ដំបង ​៖ ​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​កម្មករ​សំណង់ បាន​បែកគំនិត​ ដោយ​បាន​បបួលគ្នា​លួច​គោយន្ត​របស់​លោក​ថៅកែ​ ខណៈ​​​ថៅកែ​មិន​នៅ​ ហើយ​គោយន្ត​កន្ត្រៃ​នោះ​ ក៏​ចត​ទុកចោល​ដោយ​មាន​ទាំង​ស៊ីម៉ងត៍ នៅ​ពេញ​​រ៉ឺម៉ក​ផង ប៉ុន្តែ​លទ្ធផល​ត្រូវ​ប៉ូលិស​ក្របួច​បាន​មក​វិញ​ទាំងអស់ បន្ទាប់ពី​ពួកគេ​បាន​បើក​គោយន្ត​ខុសផ្លូវ។

ករណី​ចោរកម្ម​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ នៅ​ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​កន្លែង ក្នុង​ភូមិ​ដង្គត់​ធ្នង់ ឃុំ​តា​គ្រាម ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយសារតែ​ម្ចាស់​សំណង់ ​ដែល​មាន​ឈ្មោះ​ធឿន ធួ​ក ភេទ​ប្រុស​ អាយុ​៧៤​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ចារ​ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ បាន​បាត់ គោយន្ត​កន្ត្រៃ​១​គ្រឿង រួម​ជាមួយ​នឹង​រ៉ឺម៉ក​សណ្ដោង ដោយមាន​ទាំង​ស៊ីម៉ងត៍​នៅ​ពីលើ​រ៉ឺម៉ក​ផង​ដែរ។

បន្ទាប់ពី​ បាន​ធ្វើការ​ស្រាវជ្រាវ​រួចមក សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ពួកគេ​សុទ្ធសឹងតែ​ជា​កម្មករ​សំណង់​របស់​ជនរងគ្រោះ​ទាំងអស់​ ព្រមទាំង​បាន​យក​ត្រឡប់​មក​វិញ​នូវ​គោយន្ត​កន្ត្រៃ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​សោកស្ដាយ​ គឺ​គោយន្ត​បាន​ដាច់​កង់​ និង​ខូច​ខ្ទេចខ្ទី​អស់​ទៅ​ហើយ ដោយសារតែ​ជនសង្ស័យ​បើកបរ​ខុសផ្លូវ ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​អូរ។

ជន​សង្ស័យ​ទាំង​នោះ​មាន​ឈ្មោះ​ឌី មករា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត​ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ឈ្មោះ​មោះ ញឹម​ចំរើន ភេទ​ប្រុស ​ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ឈ្មោះ ទុំ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់ នៅ​ភូមិ​បង្គាំង​ស ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម។

បច្ចុប្បន្ន វត្ថុ​តាង​គឺ​គោយន្ត​កន្ត្រៃ ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ ​ដោយឡែក​ជនសង្ស័យ ​ ក៏​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114