ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១​មករា ​កើតឡើង​១០​លើក ​ស្លាប់​៤​នាក់ ​របួសធ្ងន់​ស្រាល​១១​នាក់

​ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១០​លើក ( យប់​២​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ ( ប្រុស ) រងរបួស​ធ្ងន់​១០​នាក់ ( ស្រី​៣​នាក់ ) និង​រងរបួស​ស្រាល​១​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១០​នាក់ ( យប់​៣​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៦​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៣​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន​៤​លើក ( ស្លាប់​៣​នាក់ ) , មិន​គោរព​សិទ្ធិ​៣​លើក ( ស្លាប់​១​នាក់ ) , មិន​ប្រកាន់​ស្តាំ​២​លើក , និង ស្រវឹង​១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ​ចំនួន​៤​លើក និង​ផ្លូវ​ខេត្ត ចំនួន​៦​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន​៥​លើក រថយន្ត​ធុន​តូច ចំនួន​២​លើក និង​រថយន្ត​ធុន​ធំ​ចំនួន​៣​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​ព្រះសីហនុ​១​លើក ស្លាប់ ២​នាក់ ខេត្ត​ស្វាយរៀង​៣​លើក ស្លាប់​១​នាក់ របួស​៣​នាក់ និង​ខេត្ត​កំពង់ចាម​១​លើក ស្លាប់​១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១១៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤៧​នាក់ របួស​សរុប​២៣១​នាក់ ក្នុងនោះ​របួសធ្ងន់​១៤០​នាក់ និង​រងរបួស​ស្រាល​៩១​នាក់៕