ព័ត៍មានទាន់​ហេតុការណ៏
Search

តម្លៃ​ប្រេង​ឥន្ធនៈ​ចុះ​ថោក ប៉ុន្តែ​ចំនួន​លីត្រ​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល រៀបចំ​សំណុំរឿង​បញ្ជូន​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​ចំនួន​បី ទៅ​តុលាការ

ប៉ៃលិន​ ៖​ ចាប់ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ដើមខែ​មករា ឆ្នាំ​២០១៩​នេះ គេ​សង្កេត​ឃើញ​តម្លៃ​ប្រេង នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ទូទាំង​ខេត្ត​ប៉ៃលិន បាន​ធ្លាក់​តម្លៃ​គួរ​ឲ្យ​កាត់​សម្គាល់ ប៉ុន្តែ​គេ​ក៏​មិន​ដឹង​ដែរ​ថា​ ស្ថានីយ​ទាំង​នោះ ​លក់​ប្រេង​គ្រប់​លីត្រ​ដែរ ​ឬ​យ៉ាង​ណា​នោះ​ទេ។

ជាក់ស្ដែង​ក្នុង​រយៈពេល​មួយថ្ងៃ​គឺ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ដោយ​លោក ឈឹម វាសនា ប្រធាន​កាំកុងត្រូល​ខេត្ត លោក មាន ចំណាប់ អនុ​ប្រធាន​នាយកដ្ឋាន​កាំកុងត្រូល កិច្ច​ការងារ​អ្នកប្រើប្រាស់ និង​ការ​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ចុះ​ត្រួត​ពិនិត្យ​តាម​បណ្ដា​ស្ថានីយ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក្នុង​នោះ​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ម្ចាស់​ស្ថានីយ​ប្រេង​ចំនួន​៣​ទីតាំង មានការ​កេង​បរិមាណ​លីត្រ និង​គុណភាព​ប្រេងឥន្ធនៈ​ល្មើសច្បាប់ និង​បាន​បញ្ជូន​ម្ចាស់​អាជីវកម្ម​ទាំង​៣​នេះ​ ទៅ​តុលា​ផង​ដែរ។

លោក​ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ​៖​ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​អគ្គនាយក​កាំកុងត្រូល មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត បាន​សហការ​គ្នា​ជាមួយ ក្រុម​បេសកកម្ម​ពិសេស របស់​រថយន្ត​ប្រេងឥន្ធនៈ ដែល​ដឹកនាំ​ដោយ​លោក មាន ចំណាប់ បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ ដែល​ខុស​ប្រក្រតី ដោយ​អនុលោម​លើ​ផ្នែក​គុណភាព និង​រង្វាស់រង្វាល់។

លោក​ប្រធាន​កាំកុងត្រូល​ខេត្ត បាន​បន្ត​ថា ​៖ ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ធ្វើការ​ស្រាវជ្រាវ​ចំនួន​១០​ទីតាំង​ប្រេងឥន្ធនៈ​ ក្នុង​ខេត្ត ហើយ​ជា​លទ្ធផល គឺ​មាន​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​៣​កន្លែង ដែល​មាន​អនុលោម​ភាព​ លើ​ផ្នែក​គុណភាព និង​រង្វាស់រង្វាល់​មិន​ត្រឹមត្រូវ និង​ល្មើស​ម្តង​ហើយ​ម្តងទៀត ដូច្នេះ​មន្ត្រី​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ផង​ដែរ។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា ​៖​ ក្រុម​ការងារ​ត្រួតពិនិត្យ ប្រេងឥន្ធនៈ ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​បន្ត​ធ្វើ​ការ​ត្រួតពិនិត្យ ឲ្យ​បាន​គ្រប់​ស្ថានីយ​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា ជាមួយ​គ្នា​នេះ​ លោក​ក៏បាន អំពាវនាវ ដល់​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ ត្រូវ​ចូលរួម​សហការ​ ជាមួយ​ក្រុមការងារ​ ចុះ​ត្រួតពិនិត្យ ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុង​កិច្ចការពារ​អ្នកប្រើប្រាស់​តាម​ផ្លូវ​ច្បាប់ ហើយ​ចំពោះ​ក្រុមហ៊ុន ឬ​ដេប៉ូ ដែល​បាន​រក​ឃើញ​មាន​ការ​លក់​ប្រេងឥន្ធនៈ មិន​សមស្រប ត្រូវ​ធ្វើ​ការបញ្ឈប់ និង​កែតម្រូវ ឲ្យ​បាន​សមស្រប​ឡើងវិញ​ជាបន្ទាន់ បើ​មិន​ពុំ​នោះ​ទេ នឹង​ត្រូវ​ទទួលរង​នូវ​ចំណាត់​ការ​តាម​នីតិវិធី នៃ​ច្បាប់​ជា​ធរមាន​ផង​ដែរ។

សូម​បញ្ជាក់​ថា ​៖​ រយៈពេល​ពេញ​១​ថ្ងៃ ស្ថានីយ​ប្រេងឥន្ធនៈ​ចំនួន​១០​កន្លែង ក្នុង​ខេត្ត​ប៉ៃលិន​ រក​ឃើញ​ថា ស្ថានីយ ឥន្ធនៈ និង​ដេប៉ូ​ចំនួន​៧​កន្លែង​មាន​ភាព​មិន​ត្រឹមត្រូវ​បន្តិចបន្តួច ដោយសារ​បញ្ហា​ទៅលើ​បច្ចេកទេស​ម៉ាស៊ីន​បាញ់​ប្រេង ក្នុង​នោះ​មាន​ដេប៉ូ​៣ កន្លែង គឺ​ទី​១/​ដេប៉ូ​សូ​គី​មិច​បូរី ប៉ៃលិន​ ទី​២/​ស្ថានីយ​ប្រេង ឥន្ធនៈ តូ​តា​ល់​ ទី​៣/​ដេប៉ូ ជាង​សៀន គឺ​មាន​ភាព​មិន​ប្រក្រតី​ ក្នុង​ការ​កេង​បន្លំ​បរិមាណ និង​គុណភាព បរិមាណ​ចំណុះ​លីត្រ​មិន​គ្រប់ ក្នុង​១០០​លីត្រ លំអៀង​ពី ១​លីត្រ​រហូតដល់​៤​លីត្រ​ ត្រូវ​បាន​កសាង​សំណុំ​ឯកសារ ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ បញ្ជូន​ទៅ​តុលាការ៕