ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ជំទង់​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស ​កាណាដា

លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កាណាដា​បានទទួល​យក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​គ្រួសារ​របស់​នាង​ហើយ​ចៀសវាង​ការ​និរទេស​ពី​ប្រទេស​ថៃ។

នាង Rahaf Mohammed al-Qunun បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូ​រ៉ុ​ន​តូ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​នៅពេលដែល​លោកនាយក​រដ្ឋមន្ត្រី​បានធ្វើ​សេចក្តីប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បន្ទាប់ពី​មន្ត្រី​បាន​ផ្តល់ព័ត៌មាន​ពីមុន​ថា នាង​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ប្រទេស​អូស្ត្រាលី។

លោក Trudeau បាន​ថ្លែងថា “​ប្រទេស​កាណាដា​មាន​ភាពច្បាស់លាស់​ថា យើង​នឹង​ក្រោកឈរឡើង​ដើម្បី​សិទ្ធិមនុស្ស​និង​សិទ្ធិនារី​នៅ​ជុំវិញ​ពិភពលោក​។ នៅពេលដែល​អង្គការសហប្រជាជាតិ​បានស្នើ​សុំ​ឲ្យ​យើង​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​នាង al-Qunun យើង​បាន​ទទួលយក​”​។

ការសម្រេចចិត្ត​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែមទៀត​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កាណាដា​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​បន្ទាប់ពី​មាន​ជម្លោះ​កាលពី​ខែសីហា​ឆ្នាំមុន​ជុំវិញ​ការរិះគន់​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទីក្រុង​រី​យា​ដ​បណ្តេញ​ឯកអគ្គរដ្ឋទូត​កាណាដា​និង​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទាំងអស់​ដើម្បី​ជាការ​តវ៉ា​។​

ប្រទេស​កាណាដា​ក៏បាន​បង្ក​ឲ្យ​មាន​កំហឹង​នៅ​ទីក្រុង​រី​យ៉ា​ដ​ផងដែរ​ដោយសារតែ​ការទាមទារ​ឲ្យ​មានការ​ដោះលែង​ជាបន្ទាន់​នៃ​អ្នកគាំទ្រ​សិទ្ធិមនុស្ស​ដែល​ជាប់ពន្ធនាគារ​។​

ពីដំបូង​ឡើយ អាជ្ញាធរ​ថៃ​បាន​គំរាម​និរទេស​នាង Qunun បន្ទាប់ពី​នាង​បាន​ទៅដល់​ទីក្រុង​បាងកក​ពី​ប្រទេស​គុយ​វ៉ែត​កាលពី​សប្ដាហ៍​មុន​។​

នាង Qunun បាន​និយាយថា នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​នាង​រំលោភបំពាន​ហើយ​ក្រុម​សិទ្ធិមនុស្ស​ក៏បាន​និយាយ​ផងដែរ​ថា នាង​ប្រឈម​នឹង​ការ​កាត់ទោស​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​

នាង Qunun បាន​និយាយ​ពីដំបូង​ថា នាង​មានបំណង​ចង់ទៅ​ប្រទេស​អូស្ត្រាលី​ ដែល​ជា​កន្លែង​ក្រុមមន្ត្រី​បានលើកឡើង​ថា ពួកគេ​នឹង​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការអះអាង​របស់​នាង​សម្រាប់​ការសុំ​សិទ្ធិ​ជ្រកកោន​ដែល​ត្រូវ​បានអនុម័ត​ថា​ ជាការ​ស្របច្បាប់​ដោយ​អង្គការ UNHCR ។​
ប៉ុន្តែ​ចុង​សប្ដាហ៍​នេះ ប៉ូលិស​អន្តោប្រវេសន៍​ថៃ​បាន​និយាយ​ថា នាង Rahaf ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​តូ​រ៉ុ​ន​តូ​ហើយ​បាន​ចាកចេញ​តាម​ជើងហោះហើរ​មួយ​ក្រោយ​ម៉ោង​១១​យប់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114