ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្តីរាយការណ៍ ​៖​ FBI បើក​ការស៊ើបអង្កេត​ថា​តើ​លោក Trump ធ្វើការ​ឲ្យ​រុស្ស៊ី​មែនឬ​អត់

កាសែត New York Times បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​បាន​បើក​ការស៊ើបអង្កេត​មួយ​ក្នុង​ឆ្នាំ​២០១៧​ថា​តើ​លោក​ប្រធានាធិបតី​អាមេរិក Donald Trump កំពុងធ្វើការ​ជំនួសមុខ​ឲ្យ​ប្រទេស​រុស្ស៊ី​មែន​ឬក៏​យ៉ាងណា​។​

កាសែត The Times បាន​រាយការណ៍​ដោយ​លើកឡើង​ប្រភព​មិន​បញ្ចេញ​ឈ្មោះថា ការស៊ើបអង្កេត​នេះ​ដែលមាន​ទាំង​ការស៊ើបអង្កេត​ប្រឆាំង​ចារកម្ម​និង​ព្រហ្មទណ្ឌ​ផងដែរ​នោះ​គឺ​បានចាប់ផ្តើម​បន្ទាប់ពី​លោក​ប្រធានាធិបតី​បណ្តេញ​ប្រធាន FBI លោក James Comey នៅក្នុង​ខែឧសភា​ឆ្នាំ​២០១៧​។​

កាសែត​នេះ​បាន​រាយការណ៍​ថា ទិដ្ឋភាព​ប្រឆាំង​ចារកម្ម​បានកំណត់​ថា​តើ​លោក Trump ធ្វើការ​ងារ​ឲ្យ​ទីក្រុង​មូ​ស្គូ​ដោយ​ចេតនា​ឬ​ដោយ​មិនដឹង​ខ្លួន​និង​ថា​តើ​គាត់​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ដែរឬទេ​។​

វា​បាន​បន្ថែម​ផ្នែក​ព្រហ្មទណ្ឌ​ដែល​ទាក់ទង​នឹង​ការបណ្តេញ​លោក Comey ដោយ​លោក​Trump​។​
​ការស៊ើបអង្កេត​របស់ FBI ត្រូវបាន​ដាក់បញ្ចូល​ភ្លាមៗ​ក្នុងការ​ស៊ើបអង្កេតរ​ប​ស់លោក Robert Mueller អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦​និង​ការឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​របស់គាត់​ជាមួយ​ក្រុង​មូ​ស្គូ​។​

កាសែត The Times បាន​និយាយថា FBI មានការ​សង្ស័យ​ចំពោះ​ទំនាក់ទំនង​របស់លោក Trump ជាមួយ​រុស្ស៊ី​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦​។​

ប៉ុន្តែ​វា​បាន​ពន្យារពេល​ការស៊ើបអង្កេត​មួយ​រហូត​ទាល់តែ​លោក​ប្រធានាធិបតី​បណ្តេញ​លោក Comey ដែល​បាន​បដិសេធ​ស្បថ​ចំពោះ​ភក្ដីភាព​របស់​គាត់​ហើយ​បាន​គាំទ្រ​ការស៊ើបអង្កេត​អំពី​បញ្ហា​រុស្ស៊ី​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​លោក Mueller ។​

លោក Trump បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​ទៅលើ​ការស៊ើបអង្កេត​របស់ Mueller ថា​ជា “​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​” ហើយ​ចាត់ទុក​វា​ជាការ​លាប​ពណ៌​លើ​ភាពស្របច្បាប់​នៃ​តំណែង​ប្រធានាធិបតី​របស់គាត់​៕ AFP