ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ម៉ាក CAMRY បុក​ម៉ូតូ​ម៉ាក​SUZUKI VIVA បើក​ស្រប​ទិស​គ្នា​ពីក្រោយ ​រង​របួស​ធ្ងន់​មនុស្ស​២​នាក់​

ភ្នំពេញ ៖ រថយន្ត​ម៉ាក CAMRY បុក​ម៉ូតូ​ម៉ាក​SUZUKI VIVA បើក​ស្រប​ទិស​គ្នា​ពីក្រោយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​មនុស្ស​២​នាក់ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី នា​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​សាលាខណ្ឌ​ព្រែក​ព្នៅ លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ក្នុង​ហេតុការណ៍​នេះ​ម៉ាក CAMRY ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-6340 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ តាំង ទី​មាន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​បង្ក​នេះ​បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ​បាន​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-8482 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ទិសដៅ​ស្របគ្នា​) (​អ្នកបើកបរ និង​រួម​ដំណើរ​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ។​

ក្នុងករណីនេះ​ បណ្តាលឲ្យ​របួសធ្ងន់​មនុស្ស​០២​នាក់ ខូចខាត​រថយន្ត​ស្រាល​០១​គ្រឿង និង​ម៉ូតូ​ធ្ងន់​០១​គ្រឿង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានប្រគល់​រថយន្ត​បង្ក និង​ម៉ូតូ ជូន​ទៅ​ជំនាញ​ការិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114