ព័ត៍មានទាន់​ហេតុការណ៏
Search

កំពូល​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​របស់​ថៃ Vicki បង្ហាញ​វត្ត​មាននៅ​កម្ពុជា​យ៉ាង​ភ្ញាក់ផ្អើល!

​ភ្នំពេញ ​៖ កំពូល​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​របស់​ប្រទេស​ថៃ​ អ្នកនាង Vicki Sunisa Jett ដែល​ទស្សនិកជន​ភាព​ច្រើន​ស្គាល់​ច្រើន​តាមរយៈ​ភាពយន្ត​ភាគ​ថៃ​ជាពិសេស​ក្នុង​រឿង​យ៉ា​នី​កំពូល​ស្នេហ៍​កាលពី​រាត្រី​ថ្ងៃទី​១១​ ខែមករា ​ឆ្នាំ​២០១៩​ បានបង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​គ្លីនិក​វះកាត់​សម្ផស្ស​អ៊ី​វ៉ូ​ល​ ដែលជា​គ្លីនិក​ធំ​មួយ​នៅ​កម្ពុជា។​

ស្របពេល​ជាមួយគ្នា​ នៃ​ការបង្ហាញ​វត្តមាន​នេះដែរ​ អ្នកនាង Vicki Sunisa Jett ក៏បាន​ប្រកាស​ពី​ជំហរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ខណៈ​ពេលដែល​អ្នកនាង​បាន​ចុះហត្ថលេខា​និង​ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផល​ល្បីល្បាញ​របស់​អ្នកនាង​ជាមួយនឹង​តំណាង​នៅ​កម្ពុជា​អមដោយ​ការ​តាំង​ចិត្ត​ថា​នឹង​លុកលុយ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ឲ្យ​បាន​ខ្លាំងក្លា​នៅ​កម្ពុជា បន្ថែម​ពីលើ​អាជីព​សម្ដែង​ដែល​ជោគជ័យ​។

​តារា​សម្ដែង​ស្រី​ថៃ ​អ្នកនាង Vicki Sunisa Jett បាន​ថ្លែង​ក្នុង​វេទិកា​សន្និសីទ​នោះ​ថា អ្នកនាង​បង្ហាញ​ខ្លួន​នាពេលនេះ មិន​មែន​ជា​លើក​ទី​១​នោះទេ​ ហើយក៏​មិនមែន​គ្រាន់តែ​បង្ហាញខ្លួន​ក្នុងនាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​គ្លីនិក​អ៊ី​វ៉ូ​ល​នោះដែរ ពោល​គឺជា​លើក​ទី​២​ នៅ​កម្ពុជា ហើយ​អ្នកនាង​មកកាន់​វេទិកា​ទាំង​មូល​ ក៏​ព្រោះ​អ្នកនាង​សម្រេចចិត្ត​ចាប់ដៃ​វិនិយោគ​នៅ​កម្ពុជា​។

នៅក្នុង​ប្រទេស​ថៃ អ្នកនាង​ថា ​ខ្លួន​ គឺជា​អ្នកបង្កើត​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Liv White Diamond ដែល​រួមមាន ៖​ ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​ស្បែក​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ។​

តារា​ស្រី​ថៃ​រូបនេះ​បាន​បញ្ជាក់ថា ផលិតផល​នេះ​ គឺមាន​ទីផ្សារ​ពេញនិយម​ប្រមាណ​ជាង​៣​ឆ្នាំ​មក​ហើយ ទើប​ក្រោយពី​មានការ​សហការ អ្នកនាង​ក៏​សម្រេចចិត្ត​ប្រគល់​សិទ្ធិ​ចែកចាយ​ផលិតផល​របស់​ខ្លួន​ទៅឲ្យ ​កញ្ញា គង់ កែវ​មរកត ហៅ ហ្វា​ង​កែវ នាយក​ប្រតិបត្តិ​គ្លីនិក​អ៊ី​វ៉ូ​ល​មាន​សិទ្ធិ​ចែកចាយ​ផលិត​ម៉ាក​ល្បី​នេះ​។

អ្នកនាង Vicki Sunisa Jett លើក​ឡើង​ទៀតថា ​ខ្លួន​ប្រឡូក​ការសម្ដែង​ភាពយន្ត​នៅ​ក្នុង​ប្រទេស​ថៃ​ជាង​២០​ឆ្នាំ​មកហើយ ដោយ​ភាពយន្ត​ដែល​អ្នកនាង​សម្ដែង​ជា​តួឯក​រាប់​ក៏មាន​មិន​អស់​ផង​ដែរ ដែល​ត្រូវ​បាន​ជនជាតិខ្មែរ ដែល​និយម​ភាពយន្ត​ថៃ​ទទួលស្គាល់​។ អ្នកនាង​រំពឹង​យ៉ាងខ្លាំង​ថា កញ្ញា ហ្វា​ង​កែវ​ដែល​បាន​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​ នឹងធ្វើ​អោយ​ផលិតផល​របស់​អ្នកនាង​ជោគជ័យ​មិន​ចាញ់​នៅ​ទីផ្សារ​ប្រទេស​ថៃ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែល​ជនជាតិខ្មែរ​កាន់តែ​ចាប់អារម្មណ៍​ផលិតផល​ម៉ាក​ល្បីៗ​ដើម្បី​សម្រស់​នាពេលនេះ​។​

លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​វះកាត់​កែ​សម្ផស្ស លោក ធឿ​ង ពិសិដ្ឋ ម្ចាស់​គ្លីនិក​អ៊ី​វ៉ូ​ល​ក៏បាន​ថ្លែង​បញ្ជា​ក់​ថា ហេតុផល​តារា​ថៃ អ្នកនាង​Vicki Sunisa Jett បង្ហាញមុខ​នៅ​កម្ពុជា ​គឺ​ដោយសារតែ​គ្លីនិក​បានសម្រេច​ជ្រើស​យក ​កញ្ញា គង់ កែវ​មរកត ដែល​ជា​ស្ត្រី​មាន​ឥទ្ធិពល​ក្នុងការ​ទាក់ទាញ​អតិថិជន ឲ្យ​ធ្វើជា​នាយក​ប្រតិបត្តិ​គ្លីនិក ក្នុងនាម​ជា​ដៃគូ​ភាគហ៊ុន ហើយ​ដោយសារតែ​កញ្ញា ក៏បាន​ចាប់ដៃ​ជា​មួយ​អ្នកនាង Vicki Sunisa Jett សុំ​សិទ្ធិ​ចែកចាយ​ផលិតផល​ម៉ាក LIV White Diamond នៅក្នុង​ប្រទេស​កម្ពុជា។​

ជាមួយគ្នានេះដែរ​ កញ្ញា គង់ កែវ​មរកត ហៅ ហ្វា​ង​កែវ ក៏បាន​ប្រកាសថា​ នៅ​ថ្ងៃទី​១៣​មករា​ខាងមុខ​ខ្លួន​នឹង​បើក​ប្រកាស​ចែកចាយ​ផលិតផល​របស់ តារា​ថៃ អ្នកនាង Vicki Sunisa Jett ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តសៀមរាប ដើម្បី​ប្រកាស​ឲ្យ​ដឹងថា ​ផលិត​ម៉ាក​ល្បី​នៅក្នុង​ប្រទេស​ថៃ​មួយ​នេះ បាន​មកដល់​កម្ពុជា​ហើយ​តាមរយៈ​ពិធី​ចុះកិច្ចសន្យារ​ពេលនេះ​។ សូមបញ្ជាក់ថា គ្លីនិក​អ៊ី​វ៉ូ​ល​ ជា​គ្លីនិក​កែ​សម្ផស្ស និង​ថែរក្សា​សម្រស់​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​បើកទទួល​សេវាកម្ម​វះកាត់​មួយរយៈ​មកហើយ​មុន​ការប្រកាស​បើក​សម្ពោធ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114