ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ ត្រូវ​បាន​ចាប់ខ្លួន​ហើយ​ បន្ទាប់ពី​រត់គេចខ្លួន​ជិត​៤​ឆ្នាំ​

ភ្នំពេញ ៖ មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​លំដាប់​ទី​១ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ប្រឆាំង​គ្រឿងញៀន ចាប់​ឃាត់ខ្លួន បន្ទាប់ពី​រត់គេចខ្លួន​ជិត៤​ឆ្នាំ។​

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ស្រាវជ្រាវ ចាប់បាន​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​លំដាប់ ​ទី​១.ឈ្មោះ ដាំ ញ៉ា នៅ​ចំណុច​ស្ប៉ា ម៉ាស្សា សង់​អេ​លី​ហ្ស៊េ តាមផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ការ​ឃាត់ខ្លួន​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​លំដាប់​ទី​១​នេះ គឺ​អនុវត្ត​តាម​ដីកា​បង្កាប់​ឲ្យ​ចាប់ខ្លួន​លេខ ៦៥២”​ហ​”​ដ​ច​ន ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ លោក ពេជ្រ វិ​ជ្ញា​ធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ។​

យោងតាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ និង​ចេញ​សាលក្រម​ព្រហ្មទណ្ឌ លេខ ៣៩៧”​ហ​”​ក្រ​៥ ចុះ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ ​ឈ្មោះ ដាំ ញ៉ា ដាក់​ពន្ធនាគារ អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦០,០០,០០០​រៀល (​ហុកសិប​លាន​រៀល​) ដែល​ពាក់ព័ន្ធ​ការ​ករណី​ជួញដូរ រក្សាទុក កែច្នៃ​គ្រឿងញៀន​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ និង​ត្រូវបាន​កម្លាំង​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​កិច្ចប្រតិបត្តិការ បង្ក្រាប បាន​ចាប់ខ្លួន ជនល្មើស​០៤​នាក់ (​ស្រី​១​នាក់​)។ ចំណែក​មេខ្លោង​ឈ្មោះ ដាំ ញ៉ា បាន​រត់គេចខ្លួន​។

នៅក្នុង​ប្រតិបត្តិ​ការ ​នោះ ផងដែរ សមត្ថកិច្ច​បាន​រឹបអូស វត្ថុតាង គ្រឿងញៀន សរុប​54kg 599.6g (ICE=38178,34g, WY=16068,24g, Heroine=345,32g និង កញ្ឆា​=7,85g)។​ បច្ចុប្បន្ន កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កំពុង​ចាត់ការ​តាម​នីតិវិធី៕