ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pompeo ៖ សហរដ្ឋអាមេរិក​និង​ប៉ូឡូញ​គ្រោង​រៀបចំ​កិច្ចប្រជុំ​សកល​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​

​រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​ប៉ូឡូញ​នឹង​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ស្តីពី​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដែល​នឹង​ព្យាយាម​បង្កើត​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង់​នៅ​ខែក្រោយ​នេះ​។​

លោក Pompeo បានធ្វើ​សេចក្តីប្រកាស​នេះ​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ក្នុង​គោលបំណង​ធានា​ដល់​សម្ព័ន្ធមិត្ត​អាមេរិក​ក្រោយពី​ការសម្រេចចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក​ប្រធានាធិបតី Donald Trump ក្នុង​ការដក​កងទ័ព​អាមេរិក​ទាំងអស់​ចេញពី​ប្រទេស​ស៊ី​រី​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ក្នុងចំណោម​ប្រទេស​អារ៉ាប់​និង​អ៊ីស្រាអែល​ថា ឥទ្ធិពល​របស់​អ៊ីរ៉ង់​អាច​នឹង​កើនឡើង​។​
​សហរដ្ឋអាមេរិក​និង​ប៉ូឡូញ​បាន​និយាយ​ក្នុង​សេចក្តីប្រកាស​រួមមួយ​ថា រដ្ឋមន្ត្រី​មកពី​ជុំវិញ​ពិភពលោក​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៣-១៤​ខែកុម្ភៈ​នៅ​ទីក្រុង Warsaw ។​

លោក Pompeo បាន​ប្រាប់ Fox News ថា “​យើង​នឹង​នាំ​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ឲ្យ​មក​រួមគ្នា​”​។ អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​រូបនេះ​បាន​បន្ថែមថា “​ពួកគេ​នឹង​ផ្តោតលើ​ស្ថិរភាព​និង​សន្តិភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ព្រមទាំង​សេរីភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​ផងដែរ​ហើយ​រួម​ម​បញ្ចូល​ទាំង​ធាតុ​សំខាន់​នៃ​ការ​ធានាថា ប្រទេស​អ៊ីរ៉ង់​មិន​បង្ក​ឲ្យ​អស្ថិរភាព​ផងដែរ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​រួម​នេះ​មិនបាន​និយាយ​ច្បាស់លាស់​ពី​ប្រទេស​អ៊ីរ៉ង់​ទេ​ដោយ​គ្រាន់តែ​និយាយថា កិច្ចប្រជុំ​នេះ​ផ្តោតលើ​ការបង្កើត​ឲ្យ​មាន​សន្តិភាព​និង​ស្ថិរភាព​នៅ​តំបន់​មជ្ឈិម​បូព៌ា​ប៉ុណ្ណោះ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ប្រទេស​អ៊ីរ៉ង់​បាន​ប្រមាថ​ដល់​កិច្ចប្រជុំ​នេះហើយ​បានចង្អុលបង្ហាញ​ថា ប្រទេស​ដែល​ក្រីក្រ​បន្ទាប់ពី​ការឈ្លានពាន​ដោយ​ចក្រភព​អង់គ្លេស​និង​សហភាពសូវៀត​មួយ​នេះ​បាន​ស្វាគមន៍​ជនភៀសខ្លួន​ប៉ូឡូញ​ជាង​១០​ម៉ឺន​នាក់​អំឡុង​សង្គ្រាមលោកលើកទី​២។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយថា “​រដ្ឋាភិបាល​ប៉ូឡូញ​មិនអាច​លុបលាង​ភាពអាម៉ាស់​បានទេ​ ខណៈ​ពេល​ដែល​ប្រទេស​អ៊ីរ៉ង់​បាន​ជួយសង្គ្រោះ​ជនជាតិ​ប៉ូឡូញ​នៅក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ហើយ​ឥឡូវនេះ​បែរជា​បាន​រៀបចំ​ការ​ប្រឆាំង​អ៊ីរ៉ង់​ទៅវិញ​”​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បាន​ទទួលស្គាល់ថា ប្រទេស​ប៉ូឡូញ​ព្រមទាំង​ប្រទេស​ដទៃទៀត​នៅ​ទ្វីប​អឺរ៉ុប​គឺ​បាន​គាំទ្រ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែល​លោក Trump ដក​ខ្លួន​ចេញ​កាលពី​ឆ្នាំមុន។

អ្នកនាំពាក្យ​ដដែល​បាន​និយាយ​ថា កិច្ចប្រជុំ​ក្នុង​ទីក្រុង Warsaw បាន​បញ្ជូន​សញ្ញា​ដ៏​សំខាន់​មួយ​ថា បណ្ដា​ប្រទេស​ ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​គឺ​អាច​មក​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​៕ AFP

​ ​